website_news:2021310301

ការទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺធានាបានសុវត្ថិភាពនិងគ្មានការរំលោភបំពាន

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមាន បំណងទៅធ្វើការនៅក្រៅប្រទេស សូមទៅដោយស្របច្បាប់ ដើម្បីធានាបាននូវឧត្តមប្រយោជន៍និងមិនរងការរំលោភបំពាន ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សហៅកាត់ថា(គ.ជ.ប.ជ)បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋមានបំណងទៅធ្វើការនៅក្រៅប្រទេស គឺគិតពីបញ្ហាសុវត្ថិភាព លក្ខខណ្ឌការងារ និងការរៀបចំឯកសារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការធ្វើចំណាកស្រុកទៅក្រៅប្រទេស មានភាពស្របច្បាប់ និងប្រកបដោយសុវត្ថិភាព។ លោកជំទាវបញ្ជាក់ថា ស្ថានភាពនៃការរៀបចំឯកសារច្បាប់ កម្ពុជាបាន ប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការខាតបង់ទៅដល់ពលករ រហូតដល់ទីភ្នាក់ងារជ្រើសរើសពលករបានចេញ គោលការណ៍រួមគ្នាជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យការជ្រើសរើសពលករ មិនត្រូវបាន បង់លុយមុននោះទេ ដើម្បីកាត់បន្ថយផលលំបាករបស់ពលករប្រថុយប្រថានក្នុងការខ្ចីលុយធនាគារ ខណៈដែលបានទុកឱ្យ ការបង់ថ្លៃឯកសារទាំងអស់នេះជាការរ៉ាប់រងរបស់និយោជក ។

លោកជំទាវបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ការទៅដោយស្របច្បាប់ ខាតពេលវេលា ខាតលុយកាក់ និងរង់ចាំយូរ ប៉ុន្តែគាត់ភ្លេចគិតថា ការរង់ចាំមិនបានរបស់ពួកគាត់ សុខចិត្តទៅតាមមេខ្យល់ ដែលពេលនាំទៅអត់មានឯកសារ គ្រប់គ្រាន់ បានធ្វើពួកគាត់រងគ្រោះមួយជីវិត ដូច្នេះការទៅក្រៅប្រទេសគឺត្រូវទៅដោយសុវត្ថិភាព ដែលមានការគាំទ្រពីផ្លូវច្បាប់ ទើបជារឿងដែលល្អប្រសើរ ។ «ប្រទេសយើងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យក្លាយជាប្រទេសជ័យលាភីនៅក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោកស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់ ប៉ុន្តែទាល់តែប្រជាពលរដ្ឋខ្លួនឯង លោកជួយខ្លួនឯងដែរ ហើយយល់ពីគ្នាថាយើងអត់បានបិទសិទ្ធិពួកគាត់ក្នុងការចេញទៅធ្វើការក្រៅប្រទេសទេ ប៉ុន្តែទោះបី យ៉ាងណា ក្នុងស្ថានភាពណាគាត់ត្រូវតែឈរលើស្ថានភាពនោះ ដោយមិនប្រថុយប្រថាន រហូតដល់ មានគ្រោះថ្នាក់ទេ » ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាទទួលបានជ័យលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់ ពីអង្គការសហប្រជាជាតិ ដើម្បីជំរុញការលើកកម្ពស់សិទ្ធិនិង កិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ៕

website_news/2021310301.txt · Last modified: 2021/03/31 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki