website_news:2021310501

តុលាការឃុំខ្លួនមេខ្យល់ ៣ នាក់ ដែលនាំពលករឆ្លងដែនទៅថៃ

https://www.postkhmer.com/ គឹម សារុំ | Publication date 28 May 2021 | 09:57 ICT

បន្ទាយមានជ័យៈ តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៧ ឧសភា បានសម្រេចឃុំខ្លួនមេខ្យល់ប្រុសស្រី ៣ នាក់ ក្នុងពន្ធនាគារខេត្តពាក់ព័ន្ធករណីនាំពលករឆ្លងដែនទៅថៃខុសច្បាប់ បន្ទាប់ពីចាប់ខ្លួនបានកាលពីយប់ថ្ងៃទី ២២ និងថ្ងៃទី ២៥ ឧសភា នៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ២៧ ឧសភាថា ជនសង្ស័យទាំង ៣ នាក់ទី១- ឈ្មោះ ជួន ចំណាប់ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២- ចាន់ ស្រី ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និង វី ចិត្រា ភេទប្រុសអាយុ ៣២ ឆ្នាំនៅសង្កាត់-ក្រុងប៉ោយប៉ែត។ ពួកគេត្រូវបានចៅក្រមចេញដីកាឃុំខ្លួនក្នុងពន្ធនាគារហើយនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៧ ឧសភា។ លោកថា៖ «តំណាងអយ្យការអមសាលាដំបូងចោទពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមបញ្ញតិ្តមាត្រា ១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។ យោងមាត្រា ១១ ច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ ប្រសិនបើតុលាការរកឃើញថា ក្រុមជនត្រូវចោទពិតជាបានធ្វើសកម្មភាពនាំមនុស្សឆ្លងដែនមែននោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ទៅ១៥ ឆ្នាំ។

លោក ព្រហ្ម ថេងឱ្យដឹងបន្តថាការងារចាប់មេខ្យល់ និងជួយសង្គ្រោះពលករពីអំពើនាំឆ្លងដែនខុសច្បាប់នេះគឺកម្លាំងសមត្ថកិច្ចមានការលំបាកដែរព្រោះថាក្រុមមេខ្យល់ទាំងនោះភាគច្រើនតែងលួចនាំពលករឆ្លងដែននៅពេលយប់។ ហេតុដូច្នេះសមត្ថកិច្ចត្រូវដើរល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ប្តូរវេនគ្នាហើយសមត្ថកិច្ចក៏តែងតែចាប់បានមេខ្យល់ និងជួយសង្គ្រោះពលករជាញឹកញាប់ដែរ។ លោកថ្លែងថា៖ «ការងារចាប់មេខ្យល់នេះយើងមានការលំបាកព្រោះយើងមិនមែនចាប់ពួកគេហើយបញ្ជូនទៅតុលាការតែម្តងទេ គឺត្រូវឱ្យគ្រូពេទ្យយកសំណាកពួកគេពិនិត្យរកមេរោគកូវីដសិន។ បើពិនិត្យទៅឃើញមានវិជ្ជមានជំងឺកូវីដ ១៩ គឺត្រូវយកជនសង្ស័យ ទៅព្យាបាលសិន តែបើពិនិត្យទៅឃើញថា គ្មានវិជ្ជមានកូវីដទេទើបយើងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។

លោករំឭកប្រាប់ថា កាលពីយប់ថ្ងៃទី ២២ ឧសភា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដាក់កម្លាំងល្បាតតាមគោលដៅនៅតំបន់ដែលមេខ្យល់ធ្លាប់នាំពលករឆ្លងកាត់។ ខណៈកម្លាំងសមត្ថកិច្ចកំពុងដើរល្បាតនៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតក៏ឃើញមនុស្សប្រុសស្រីចំនួន ៧ នាក់ ដែលម្នាក់ៗមានសាក់កាដូរៀងៗខ្លួនផង។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅពួកគេសាកសួរតែភ្លាមៗនោះ មេខ្យល់ម្នាក់បានរត់គេចខ្លួន ខណៈដែលមេខ្យល់ ២ នាក់ ត្រូវចាប់ខ្លួន និងជួយសង្គ្រោះបានពលករចំនួន ៤ នាក់ និងស្រីម្នាក់។ រហូតដល់ថ្ងៃទី ២៥ ឧសភា អាវុធហត្ថរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត៕

website_news/2021310501.txt · Last modified: 2021/05/31 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki