website_news:2021310503

អ្នកឆ្លងជំងឺកូវីដ ១៩នៅខេត្តបាត់ដំបងកើនឡើងដល់ជាង២០០នាក់ភាគច្រើន ជាពលករមកពីថៃ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៩ ឧសភា ២០២១ ដោយ Sorn Phanith

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន២១០នាក់ ហើយនិងស្លាប់បាត់បង់ជីវិតចំនួន២នាក់។ យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី២៩ ខែឧសភានេះ បានឲ្យដឹងថា ជាក់ស្តែងនៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីចំនួន១១នាក់បន្ថែមទៀត ក្នុងនោះមាន៤នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ និង៧នាក់ទៀតជាពលករវិលត្រឡប់មកពីប្រទេសថៃនិងមានអ្នកជាសះស្បើយចំនួន៦នាក់។ តាមរដ្ឋបាលខេត្តការរកឃើញថ្មីចំនួន១១នាក់បន្ថែមទៀតនេះ បានធ្វើឱ្យតួលេខនៃអ្នកឆ្លងជំងឺកូវីដ ១៩សរុប ចំនួន២១០នាក់ អ្នកជាសះស្បើយចំនួន៧៨នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១២៨នាក់ បញ្ជួនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន២នាក់និងស្លាប់ចំនួន២នាក់។ មួយរយៈពេលចុងក្រោយនេះការឆ្លងទៅលើពលករខ្មែរ ដែលធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃហាកមានចំនួនកើនឡើងដែលធ្វើឲ្យក្រសួងសុខាភិបាលបានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ត្រូវពង្រឹងការធ្វើចត្តាឡីស័កនិងធ្វើតេស្តដល់ពលរដ្ឋដែលទៅពីបណ្តាខេត្តដែលសង្ស័យនិងពលករមកពីក្រៅប្រទេសពិសេសពលករមកពីប្រទេសថៃ។

លោក សាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងធ្វើតេស្តកូវីដ ១៩ បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមានជំងឺកូវីដ ១៩ជារៀងរាល់ថ្ងៃ នៅ បណ្តាប្រទេសជិតខាង ហើយជាពិសេសពលករចំណាកស្រុក ដែលត្រឡប់ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនផងដែរ។ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្តត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ជាងនេះទៀតត្រូវ ពង្រីកការធ្វើតេស្តរកកូវីដ-១៩ ទៅលើអ្នកសង្ស័យ និងពលករមកពីខេត្តមានហានិភ័យខ្ពស់នៃប្រទេសជិតខាង ជាពិសេសប្រទេសថៃ៕ អត្ថបទ៖ សំអឿន

website_news/2021310503.txt · Last modified: 2021/05/31 12:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki