website_news:2021310803

សង្គមស៊ីវិលបារម្ភថា នារីរងគ្រោះពីការជួញដូរកម្លាំង និងផ្លូវភេទនឹងមិនទទួលបានសេវាជំនួយរយៈពេលវែង

https://www.rfa.org/khmer/ ដោយ អាស៊ីសេរី2021-08-28

សង្គមស៊ីវិលព្រួយបារម្ភថា ស្ត្រីដែលរងគ្រោះដោយអំពើជួញដូរកម្លាំងពលកម្ម និងកេងប្រវ័ញ្ចផ្លូវភេទមិនទទួលបានសេវាជំនួយបានរយៈពេលវែង។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី២៧ ខែសីហា ឲ្យដឹងថា ៦ខែ ពីមករា-មិថុនា ឆ្នាំនេះ ស្ត្រីរងគ្រោះរបស់កម្ពុជាដែលចាញ់បោកតាមរយៈអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច មានចំនួន ២៣០នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសចិន។

អនុប្រធានផ្នែកស្ត្រី និងកុមារ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) អ្នកស្រី មាស សាអ៊ីម ថ្លែងថា ស្ត្រីរងគ្រោះដោយអំពើជួញដូរកម្លាំងពលកម្ម និងកេងប្រវ័ញ្ចផ្លូវភេទ ពិតជាមានចំនួនច្រើនដូច្នេះមែន។ អ្នកស្រីថា ការជួយសង្គ្រោះឲ្យពួកគាត់បានត្រឡប់មកស្រុកកំណើតវិញនេះ គឺពិតជាបានជួយច្រើនមែនពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ប៉ុន្តែអ្វីដែលជាក្ដីបារម្ភនោះ គឺជំនួយរយៈពេលវែង។ អ្នកស្រីថា ជំនួយរយៈពេលវែង ដើម្បីស្ដារនីតិសម្បទា និងជំនាញដល់ពួកគាត់នៅពេលរស់នៅក្នុងសហគមន៍នោះ គឺជារឿងសំខាន់ ពុំនោះទេពួកគាត់នឹងត្រូវប្រឈមមុខ ធ្វើចំណាកស្រុកដោយប្រថុយប្រថាន រួមទាំងបន្តចាញ់បោកមេខ្យល់ម្ដងទៀត៖ «ស្ថានភាពនៃការជួយរយៈពេលមធ្យម និងរយៈពេលវែង។ រយៈពេលបឋមឃើញគាត់សង្គ្រោះគាត់អី ហើយគាត់បញ្ជូនធ្វើសមាហរណកម្មហ្នឹងបានពេញលេញ ប៉ុន្តែយើងបារម្ភសម្រាប់ផែនការរយៈពេលមធ្យម និងរយៈពេលវែង ពីខាងរាជរដ្ឋាភិបាលក៏ដូចជាខាងអាជ្ញាធរមូលដ្ឋាន ព្រោះយើងឃើញសេវាភាគច្រើនគឺសេវាពីខាងអង្គការសង្គមស៊ីវិលទេ ដែលយើងអាចបារម្ភពីនិរន្តរភាពក៏មិនអាចគ្រប់ជ្រុងជ្រោយនៅក្នុងការផ្ដល់សេវាទូទាំងប្រទេសបានព្រោះតំបន់មួយចំនួន ខេត្តខ្លះ និងអង្គការខ្លះគាត់គ្របដណ្ដប់ទៅតាមតំបន់ដែរ»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់សារព័ត៌មានក្នុងស្រុកថា ៦ខែ ឆ្នាំ២០២១ នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចបាន ១៩៨ ករណី។ ចំនួនបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ទាំង១៩៨ករណីនេះ គឺកើនឡើង ១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២០ ដែលមានត្រឹមតែ ៦៣ករណី។ គណៈកម្មាធិការនេះ ក៏ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់។ ក្នុងចំនួននេះ ១៩៨ ករណីនេះដែរ មានករណីជួញដូរមនុស្សដោយកម្លាំងពលកម្ម ១៣៩ករណី ឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ដែលឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់៕

website_news/2021310803.txt · Last modified: 2021/08/31 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki