website_news:2021310807

ពលករខ្មែរ ១៤ នាក់ លួចឆ្លង ដែនត្រូវទាហានថៃ ស្ទាក់ចាប់

https://www.kampucheathmey.com/ ថ្ងៃចន្ទ ៣០ សីហា ២០២១ដោយ deth leng

ពលករខ្មែរចំនួន ១៤ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃចាប់ខ្លួន ខណ:ដែលពួកគេលួចឆ្លងដែនដោយចំណាយក្នុងម្នាក់ ៦ ពាន់បាត ចូលទៅទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៨ និងស្រី៦ នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវនិងត្រូវចំណាយម្នាក់ ៦.០០០ បាត និងត្រូវដើរកាត់ចំការដើម្បីឡើងទៅលើផ្លូវជាតិត្រង់ចំណុច បានណាងង៉ាម ហើយនៅពេលដល់គោលដៅទើបត្រូវចាយលុយ ដែលក្នុងមនុស្សទាំង១៤នាក់ គោលដៅដែលត្រូវទៅធ្វើការគឺ ខេត្តស្រះកែវ ១ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ ខេត្តឆ:ឈើងសៅ ២ នាក់ និងទីក្រុងបាងកក ចំនួន ៩ នាក់។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឱ្យតម្រួតព្រំដែនលេខ ៣៨ ដើម្បីប្រគល់ទៅអោយភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ៕ អត្ថបទ : សោ និយមរ័ត្ន

website_news/2021310807.txt · Last modified: 2021/08/31 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki