website_news:2021310809

ពលករខ្មែរ ឆ្លងដែនមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះច្រើន

https://news.btv.com.kh/ 08/30/2021 10:08 AM

ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ស្ថានភាពនៃការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ មានការថយចុះជាបន្តបន្ទាប់ ខណៈអត្រានៃការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តមួយនេះ ក៏មានតួលេខទាបជាងមុន នៅចុងខែសីហានេះ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកព្រំដែនឲ្យពលករត្រឡប់មកពីប្រទេសថៃ ចូលស្រុកកំណើតវិញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ គឺនៅច្រកខេត្តបន្ទាយមានជ័យ គឺពលករឆ្លងដែនមកពីថៃ ចន្លោះពី៤០០ ទៅ៥០០នាក់ បានរកឃើញពលករក្នុងចំណោមនេះ ប្រមាណ១០ភាគរយមានវិជ្ជមានកូវីដ១៩។ ឯកឧត្តមបន្តថា ប៉ុន្តែរយៈពេលចុងក្រោយនេះ ចំនួនពលករឆ្លងដែនមកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានមានការថយចុះ ហើយសម្រាប់ពលករដែលទើបត្រឡប់មកពីថៃទាំងអស់នោះ ក៏បានចូលរួមសហកាល្អជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ដោយពួកគេបានឲ្យមន្ត្រីសុខាភិបាលពិនិត្យធ្វើសំណាក និងធ្វើចត្តាឡីស័កបានត្រឹមត្រូវគ្រប់គ្នា និងអ្នកមានវិជ្ជមានក៏នាំទៅសម្រាកព្យាបាល ។ ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់រយៈពេលដូចគ្នានេះ សកម្មភាពការលួចនាំពលករឆ្លងដែនទៅមកប្រទេសថៃ ដោយខុសច្បាប់ពីសំណាកពួកមេខ្យល់ក៏គ្មាននោះដែរ នៅតាមច្រកនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យខណៈកម្លាំងព្រំដែនបាននិងកំពុងពង្រឹងការពារយ៉ាងតឹងរឹងក្នុងការទប់ស្កាត់សកម្មភាពលួចឆ្លងដែននេះ ។

សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅចុងខែសីហា ឆ្នាំ២០២១ ចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន គឺមួយថ្ងៃអាជ្ញាធររកឃើញនៅក្រោម១០០នាក់ ឬលើស១០០នាក់តិចតួច ខុសប្លែកពីដើមខែ និងពាក់កណ្ដាលខែ ដែលរកឃើញប្រមាណពីជាង ២០០នាក់ ទៅ៦០០នាក់ ។ កាលពីថ្ងៃទី២៩ ខែសីហា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៣នាក់ មានទាំងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករត្រឡប់មកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ៦៣នាក់ ។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន អាជ្ញាធរខេត្តមិនទាន់បានបន្ធូរបន្ថយ ឬបញ្ចប់នៃការបិទខ្ទប់ផ្សារមួយចំនួន និងដាក់តំបន់ដែលបានរកឃើញការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ទៅជាតំបន់ក្រហម រួមទាំងអនុវត្តនូវបំរាមគោចរនៅពេលយប់នោះទេ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

website_news/2021310809.txt · Last modified: 2021/08/31 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki