website_news:2021310810

ពលរដ្ឋកម្ពុជាចំនួន ២១ នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងពីប្រទេសចិន

https://www.postkhmer.com/ វ៉ន ដារ៉ា and រី សុចាន់ | Publication date 30 August 2021 | 09:47 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បន្តជួយអន្តរាគមន៍បញ្ជូនពលករចំនួន ៩ នាក់ទៀតមកកម្ពុជាវិញនៅថ្ងៃទី ២៩-៣០ សីហានេះ ខណៈស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិនសហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះស្ត្រីកម្ពុជាចំនួន ១២ នាក់។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៩ សីហាថា ពលករ ពលការិនី ធ្វើការងារនៅប្រទេសម៉ាឡេស៊ីទាំង ៩ នាក់នេះ ដោយសារតែជួបការលំបាកក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ ដូច្នេះទើបពួកគេចង់ត្រឡប់មកមាតុប្រទេសវិញ ហើយស្នើស្ថានទូតឱ្យជួយ។ លោកបានថ្លែងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍បានជួយសម្របសម្រួលបញ្ជូនពលករ-ពលការិនី និងកុមារសរុបចំនួន ៩ រូបមកកម្ពុជាវិញ ក្នុងនោះ ៨ នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 នៅថ្ងៃទី ២៩ ខែសីហា វេលាម៉ោង ៥:៣០ នាទីល្ងាច។ ចំណែកពលការិនីម្នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ158 នៅថ្ងៃទី ៣០ ខែសីហាវេលាម៉ោង ៥:៣០ នាទីល្ងាច។ លោក កុយ គួង បញ្ជាក់ថា៖ «ស្ថានទូតបានជួយចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន»។ ស្ថានទូតក៏បានផ្តល់ជំនួយជាកញ្ចប់ស្បៀងអាហារដល់ពលករ ពលការិនីដែលខ្វះខាត និងប្រាក់ឧបត្ថម្ភមួយចំនួនផងដែរ ក្នុងអំឡុងពេលរង់ចាំនៅប្រទេសម៉ាឡេស៊ី ដើម្បីវិលត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតក៏បានចាត់ឱ្យមន្ត្រីជូនដំណើរពលករ-ពលការិនី និងកុមារខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។

លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់រយៈ ៦ ខែដើមឆ្នាំនេះ (មករា-មិថុនា) ពលករ ពលការិនីដែលស្ថានទូតជួយអន្តរាគមន៍ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាវិញ សរុបចំនួន ៣៣២ នាក់ក្នុងនោះមានស្ដ្រីចំនួន ១៧៥ នាក់»។ ជាមួយគ្នានេះលោក កុយ គួង ក៏បានឱ្យដឹងដែរថា នៅថ្ងៃទី ២៦ សីហា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីងប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២ រូប ដែលរងគ្រោះដោយការជួញដូរឱ្យវិលត្រឡប់ទៅកម្ពុជាវិញ។ បើតាមលោក កុយ គួង ស្ត្រីកម្ពុជាទាំង ១២ នាក់នេះ គ្រោងមកដល់កម្ពុជានៅថ្ងៃទី ២ ខែកញ្ញា តាមជើងយន្តហោះ K6669។ លោក កុយ គួង បានបញ្ជាក់បន្ថែមថា រយៈពេល ៦ ខែពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ស្ត្រីកម្ពុជាដែលបានជួយសង្គ្រោះពីប្រទេសចិនសរុបមានចំនួន ២៣០ នាក់។

ក្រៅពីនេះ កាលពីថ្ងៃទី ២៦ សីហា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ក្នុងកិច្ចអន្តរាគមន៍ជាមួយអាជ្ញាធរថៃបានបញ្ជូនពលរដ្ឋកម្ពុជាចំនួន ២១ នាក់ដែលមកពីតំបន់ផ្សេងៗក្នុងប្រទេសថៃឱ្យអាជ្ញាធរកម្ពុជាតាមច្រកអន្តរជាតិខ្លងលឹកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីសុខាភិបាល៕

website_news/2021310810.txt · Last modified: 2021/08/31 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki