website_news:2022010401

គិតជាមធ្យមក្នុង ១ ថ្ងៃ មានពលករខ្មែរជាង ៧០០ នាក់វិលត្រឡប់ពីថៃចូលមកស្រុកវិញ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 31 March 2022 | 09:10 ICT

បន្ទាយមានជ័យៈ នាពេលបច្ចុប្បន្ន គិតជាមធ្យមក្នុង ១ ថ្ងៃ មានពលករខ្មែរជាង ៧០០ នាក់ បានវិលត្រឡប់ពីប្រទេសថៃចូលមកស្រុកកំណើតវិញ ខណៈដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញ នៅពេលដែលអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ បានបន្តថយចុះ។ ក្នុងចំណោមពលករជាង ៧០០ នាក់នោះ មានមកតាមច្រកអន្តរជាតិខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង។

អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម ប្រាប់ ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ឆ្នាំនេះសង្កេតឃើញមានពលករចាប់ផ្តើមសម្រុកមកបណ្តើរៗហើយ តាំងពីដើមខែមីនា ដោយក្នុង ១ ថ្ងៃជិត ៣០០ នាក់។ លោកថា៖ «ពលករចាប់ផ្តើមត្រឡប់មកផ្ទះសំបែងវិញហើយ ដើម្បីចូលរួមជួបជុំជាមួយបងប្អូន ក្រុមគ្រួសារគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុង ១ ថ្ងៃចន្លោះពី ២៧០ ទៅជាង ៣០០ នាក់ ព្រោះយើងបានខកខានប្រារព្ធអស់រយៈពេល ២ ឆ្នាំមកហើយ»។ បន្ថែមពីនេះលោកសង្ឃឹមថា ឈានចូលដល់ខែមេសា ពលករនឹងបន្តសម្រុកមកបន្ថែមទៀត ខណៈរដ្ឋាភិបាលបានបើកចំហទាំងផ្លូវគោក និងផ្លូវទឹក ដោយមិនបាច់ធ្វើតេស្តចំពោះអ្នកចាក់វ៉ាក់សាំងកូវីដរួចហើយ ។ លោកបញ្ជាក់ថា វិធានការចំពោះមុខនាពេលបច្ចុប្បន្នពលករណាដែលបានចាក់វ៉ាក់សាំងហើយ គឺអនុញ្ញាតឱ្យគាត់ទៅផ្ទះ តែពលករដែលមកអត់មានឯកសារគ្រប់គ្រាន់ ឬអត់មានកាតចាក់វ៉ាក់សាំងគឺតម្រូវឱ្យពិនិត្យសុខភាព និងដាក់នៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ លោកបន្តថា សម្រាប់វិធានការលើកនេះខុសពីលើកមុន ខណៈឆ្នាំកន្លងទៅអាជ្ញាធរបានត្រៀមឡានកងយោធពលខេមរភូមិន្ទ ដើម្បីដឹកពួកគាត់ចេញពីព្រំដែនហើយបែងចែកបន្តទៅតាមខេត្តនីមួយៗ។ ប៉ុន្តែឥឡូវនេះ ពលករអាចរកមធ្យោបាយត្រឡប់ទៅផ្ទះរៀងៗខ្លួន។ លោកថា៖ «ប៉ុន្តែបន្ទុកអាជ្ញាធរខេត្ត គឺផ្តល់បាយដល់ពលករ ៣ ពេលសម្រាប់ពលករដែលជាប់ធ្វើចត្តាឡីស័ក និងអ្នកវិជ្ជមានកូវីដ ១៩ អាចអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅផ្ទះថែមទៀតផង ក្នុងករណីគាត់មានលទ្ធភាព»។ លោកឱ្យដឹងទៀតថា ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ មានពលករត្រឡប់មកវិញជាង ២ ០០០ នាក់ ខណៈដែលនៅក្នុងខែមេសា ពលករអាចនឹងវិលចូលស្រុក ១ ថ្ងៃ ៣០០ ទៅ ៤០០ នាក់ឯណោះ។ បើតាមលោក សុខុម ក្នុងចំណោមពលករដែលត្រឡប់ពីថៃទាំងនោះ មានអ្នកវិជ្ជមានកូវីដពី ២ ទៅ ៣ នាក់ ក្នុងចំណោម ២០០ ទៅ ៣០០ នាក់ ហើយភាគច្រើននោះបានចាក់វ៉ាក់សាំងរួចហើយ។

អ្នកនាំពាក្យសាលាខេត្តបាត់ដំបងលោក សួស សុភ័ក្ត្រ បានឱ្យដឹងថា ក្នុង ១ ថ្ងៃពលករត្រឡប់ចូលស្រុកតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបងមានពី ៣០ ទៅ ៤០ នាក់ ហើយថ្ងៃខ្លះសម្រុកមកច្រើនរហូតជាង ១០០ នាក់។ សម្រាប់ខេត្តបាត់ដំបង ការអនុវត្តវិធានការសុខាភិបាល ក៏មិនខុសពីខេត្តផ្សេងទៀតដែរចំពោះអ្នកចាក់វ៉ាក់សាំងហើយ មិនតម្រូវឱ្យធ្វើតេស្តនោះទេ ខណៈពលករមិនទាន់ចាក់វ៉ាក់សាំងតម្រូវឱ្យធ្វើតេស្ត និងបញ្ជូនទៅធ្វើចត្តាឡីស័ក។ រីឯនៅខេត្តឧត្តរមានជ័យវិញពលករវិលមកស្រុកវិញក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ មានជាង ៤ ពាន់នាក់ហើយគិតជាមធ្យមក្នុង ១ ថ្ងៃមាន ៤០០ នាក់។ នេះបើយោងតាមរបាយការណ៍ស្តីពីចំនួនពលករចូលមកតាមច្រកខេត្តនេះ។ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យលោក ផល លឹម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ក្នុងចំណោមពលករទាំងនោះ ភាគច្រើនបានវិលចូលស្រុកដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ហើយក្នុងចំណោមនោះក៏មានពលករខុសច្បាប់ត្រូវបានថៃចាប់បញ្ជូនត្រឡប់មកវិញផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែមីនា ក៏បានជំរុញឱ្យមានពិនិត្យឱ្យបានហ្មត់ចត់ផងដែរចំពោះពលករដែលធ្វើដំណើរមកពីប្រទេសថៃ ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ។ លោកបានឱ្យដឹងថា មកដល់ពេលនេះ មានពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កជាង ១ ពាន់នាក់ នៅតាមព្រំដែនកម្ពុជា-ថៃ៕

website_news/2022010401.txt · Last modified: 2022/04/01 13:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki