website_news:2022010602

ពលករខ្មែរជិត ៧០ នាក់ ដែលកំពុងប្រឈមបញ្ហានៅប្រទេសថៃ ត្រូវបានសមាគមជួយដោះស្រាយ

https://www.postkhmer.com/ មុំ គន្ធា | Publication date 31 May 2022 | 09:36 ICT

ភ្នំពេញៈ ពលករខ្មែរជិត ៧០ នាក់ ត្រូវបានសមាគមមិត្តភាពកម្មករនិយោជិតកម្ពុជាប្រចាំប្រទេសថៃហៅកាត់ថា ស៊ីហ្វាត-CFAT ក្នុងតំបន់បានកៅ ស្រុកផាន់ថង ខេត្តឈុនបុរី ជួយដោះស្រាយបញ្ហាដល់ពួកគាត់ដែលក្នុងនោះមានពលករជិត ៤០ នាក់បានចាញ់បោកមេខ្យល់។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ឱ្យដឹង នាថ្ងៃទី ៣០ ឧសភា ថា តំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃសហការជាមួយសមាជិកសមាគមមិត្តភាពកម្មករនិយោជិតកម្ពុជាប្រចាំប្រទេសថៃ ហៅកាត់ថា ស៊ីហ្វាត-CFAT ក្នុងតំបន់បានកៅ ស្រុកផាន់ថង ខេត្តឈុនបុរី កាលពីថ្ងៃទី ២៩ ឧសភា បានចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ពលករចំនួន ៦៧ នាក់ ក្នុងនោះមានពលករ ៣៨ នាក់បានចាញ់បោកមេខ្យល់។

មន្ត្រីទទួលបន្ទុកការពារសិទ្ធិពលករប្រចាំប្រទេសថៃរបស់អង្គការសង់ត្រាល់នៅប្រទេសថៃ លោក លឹង សុផុន ឱ្យដឹងថា កិច្ចសហការចុះទៅអន្តរាគមន៍ និងដោះស្រាយបញ្ហារបស់ពលករខ្មែរនៅប្រទេសថៃ បន្ទាប់ពីមានការស្នើសុំជំនួយអន្តរាគមន៍របស់ពលករខ្មែរជាង ២០ នាក់។ ពួកគេបានស្នើសុំមកអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ ស្វែងរកដំណោះស្រាយឱ្យបានសមរម្យសម្រាប់ពួកគេ។ លោកបន្តថា៖ «ក្នុងចំណោមពលករ ៦៧ នាក់ដែលអង្គការសង់ត្រាល់បានចុះអន្តរាគមន៍នោះ គឺមានពលករខ្មែរចំនួន ៣៨ នាក់បានចាញ់បោកមេខ្យល់អស់ប្រាក់រហូតដល់ ៧ ០០០ បាតក្នុងម្នាក់ៗដោយមេខ្យល់របស់ពួកគេបានសន្យាថានឹងស្វែងរកការងារឱ្យនៅរោងចក្រផលិតនំបុ័ង ព្រមទាំងរត់ការធ្វើឯកសារបន្តសុពលភាពទិដ្ឋាការ ធ្វើបណ្ណការងារឱ្យបានត្រឹមត្រូវតាមច្បាប់ការងាររបស់ប្រទេសថៃក្នុងតំបន់ឧស្សាហកម្មស្រុកផាន់ថង ខេត្តឈុនបុរី នោះ»។

ពលករខ្មែរទាំង ៣៨ នាក់ ដែលចាញ់បោកមេខ្យល់បានរង់ចាំធ្វើការងារតាមការសន្យារបស់មេខ្យល់រយៈពេលជិត ៣ ខែហើយ។ ប៉ុន្តែមេខ្យល់មិនទទួលខុសត្រូវ និងមិនបានរកការងារឱ្យដល់ពលករដូចជាការសន្យាឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លឹង សុផុន។ ជាមួយគ្នានោះ តំណាងអង្គការសង់ត្រាល់ និងក្រុមបណ្តេញស៊ីហ្វាត-CFAT នឹងសហការជាមួយ មូលនិធិ LPN (មូលនិធិការពារសិទ្ធិពលករអន្តោប្រវេសន៍) ក្នុងប្រទេសថៃបានចុះជួយពលករទាំងនេះដល់កន្លែងពលករស្នាក់នៅក្នុងតំបន់នោះផងដែរ ហើយបានសហការជាមួយមេការដែលធ្វើការប្រចាំរោងចក្រផលិតនំប៉័ង ដើម្បីជួយដោះស្រាយបញ្ហាមួយចំនួនរបស់ពលករខ្មែរ ដែលពាក់ព័ន្ធ។ បើតាមអង្គការសង់ត្រាល់ បន្ទាប់ពីប្រជុំរកដំណោះស្រាយរួច មេការដែលតំណាងរោងចក្រផលិតនំបុ័ងនេះ បានសន្យាទទួលយកការទាមទាររបស់ពលករខ្មែរ ដោយដកប្រាក់គ្រប់ចំនួនដែលបានបង់ទៅឱ្យមេខ្យល់កន្លងមកនោះ យកមកវិញ។ ប្រភពដដែលបានបន្តថា តាមរយៈមេការជាអ្នកបកប្រែតំណាងរោងចក្រនំប៉័ង ក៏បានសន្យាសងលុយត្រឡប់មកវិញគ្រប់ចំនួនក្នុងរយៈពេល ១ សប្តាហ៍ និងហៅមេខ្យល់មកដោះស្រាយនៅរោងចក្រផងដែរ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងនាដើមខែឧសភា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ហៅកាត់ថា MRC ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថា ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរ កុំឆាប់ជឿលើមេខ្យល់ក្នុងការនាំទៅធ្វើការនៅក្រៅប្រទេស ព្រោះវាជាការខុសច្បាប់ ហើយកិច្ចការងារអ្វីក៏ដោយ គឺត្រូវតែធ្វើដោយស្របច្បាប់ត្រឹមត្រូវទើបមានសុវត្ថិភាព។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ប្រជាជនកម្ពុជាជាង ១,៣ លាននាក់ បាននិងកំពុងបម្រើការងារ នៅក្រៅប្រទេសដែលក្នុងនោះពលករខ្មែរធ្វើការច្រើនជាងគេ មាននៅប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងសាធារណរដ្ឋកូរ៉េ ហើយក៏បានផ្ញើប្រាក់ប្រមាណជិត ៣ ប៊ីលានដុល្លារអាមេរិក ក្នុង ១ ឆ្នាំៗមកកាន់ប្រទេសកំណើតផងដែរ៕

website_news/2022010602.txt · Last modified: 2022/06/01 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki