website_news:2022010802

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 29 July 2022 | 09:46 ICT

ភ្នំពេញៈ កម្ពុជា-វៀតណាម ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាលើការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដោយប្រទេសទាំង ២ ចាត់ទុកកិច្ចការទាំងនេះជាការងារដ៏ស្មុគស្មាញ ហើយត្រូវតែបន្តយុទ្ធនាការ ក៏ដូចជាអនុវត្តយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់។ ការបង្ហាញឆន្ទៈក្នុងការបេ្តជ្ញារួមគ្នានេះ តាមរយៈជំនួបរវាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី ២៧ ខែកក្កដា នៅរដ្ឋសភាកម្ពុជា។

នាឱកាសនោះ លោក ស ខេង បានលើកឡើងពីការងារសមត្ថកិច្ចក្រសួងមហាផ្ទៃថា ទោះបីជា ប្រឈមនឹងបញ្ហាជំងឺកូវីដ ១៩ ក៏ដោយ ក៏ក្រសួងមហាផ្ទៃ និងសមភាគីវៀតណាមបានបន្តទំនាក់ទំនងជាបន្តបន្ទាប់តាមយន្តការដែលមានស្រាប់។ លោកថ្លែងថា បច្ចុប្បន្ន ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ គឺមានកិច្ចការសំខាន់ៗចំនួន ២ ក្នុងនោះ ទី ១ គឺពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី ២ គឺការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ លោកបញ្ជាក់ថា៖ «កិច្ចការទាំងនេះ ជាការងារដ៏ស្មុគស្មាញ ហើយដែលកម្ពុជាកំពុងតែបន្តយុទ្ធនាការក៏ដូចជាបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់»។ លោកបន្ថែមថា មួយវិញទៀតកម្ពុជាក៏កំពុងតែខិតខំប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងទៅនឹងការរីកសាយភាយនៃអាវុធមហាប្រល័យផងដែរ។ លោក ស ខេង បញ្ជាក់ថា៖ «កន្លងមកទាំងការប្រជុំខេត្តជាប់ព្រំដែនរវាងប្រទេសទាំង ២ និងការប្រជុំរវាងក្រសួងនគរបាលវៀតណាមជាមួយក្រសួងមហាផ្ទៃ តែងតែអនុវត្តទៅតាមការកំណត់តាមប្រព័ន្ធអនឡាញ ដែលកិច្ចការទាំងនេះក៏បានរួមចំណែក ធ្វើការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែនរវាងប្រទេសទាំង ២ មានភាពល្អប្រសើរផងដែរ»។

លោក Pham Quang Hieu បានថ្លែងអំណរគុណលោក ស ខេង ចំពោះការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កន្លងមកនេះ។ លោកក៏ឯកភាពចំពោះការលើកឡើងរបស់លោក ស ខេង ទៅលើទិដ្ឋភាពល្អប្រសើរនៃការរក្សាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង ២ ផងដែរ។ លោក Pham Quang Hieu ថ្លែងថា៖ «សូមឯកភាពថា បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស គឺជាកិច្ចការមួយដែលប្រឈម និងត្រូវតែបន្តធ្វើយ៉ាងណាខិតខំសហការ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប»។

លោក ស ខេង បានស្នើតាមរយៈមន្ត្រីការទូតជាន់ខ្ពស់វៀតណាមរូបនេះ ដើម្បីឱ្យភាគីទាំង ២ ពិនិត្យលទ្ធភាពស្វែងរកពេលវេលាសមស្រប ដើម្បីរៀបចំសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យខេត្តព្រៃវែងជាប់ខេត្តតៃនិញប្រទេសវៀតណាម ដែលមកដល់ពេលនេះបានដាក់ឱ្យដំណើរការបណ្ដោះអាសន្នរួចហើយ។លោក ស ខេង បង្ហាញការជឿជាក់ថា ភាគីទាំង ២ នឹងរកពេលវេលាសមស្រប ដើម្បីប្រមុខ រដ្ឋាភិបាលនៃប្រទេសទាំង ២ អញ្ជើញជាអធិបតីភាពក្នុងការសម្ពោធច្រកទ្វារអន្តរជាតិនេះ ដើម្បីជួយរួមចំណែកបន្ថែមទៀតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ជាពិសេសទំនាក់ទំនងទៅលើផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ និងក៏ជាការរំឭកដល់អនុស្សាវរីយ៍កាលពីសម័យតស៊ូ។

លោក Pham Quang Hieu បានទទួលយកប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងសន្យាថានឹងរាយការណ៍ជូនថ្នាក់ដឹកនាំប្រទេសវៀតណាម។ លោក ក៏បង្ហាញការកត់សម្គាល់ឃើញនូវការកើនឡើងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាលពីឆ្នាំកន្លងទៅក៏ដូចជាក្នុងឆមាសទី ១ ក្នុងឆ្នាំ ២០២២ នេះដោយបានចាត់ទុកថា កំណើននេះក៏បានកើតចេញពីការផ្លាស់ប្ដូរពាណិជ្ជកម្មតាមច្រកទ្វារ ម៉ឺនជ័យ ផងដែរ៕

website_news/2022010802.txt · Last modified: 2022/08/01 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki