website_news:2022010804

ក្រសួងការងារណែនាំឱ្យពលករខ្មែរជំនាញធ្វើតេស្តភាសា ធ្វើការនៅប្រទេសជប៉ុន

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៩ កក្កដា ២០២២ដោយ KC Virak

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរជំនាញសូមចុះឈ្មោះ និងធ្វើតេស្តភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ល្អៗ និងទទួលប្រាក់ខែខ្ពស់។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹង ចុះថ្ងៃទី ២៩ ខែកក្កដានេះថា តាមសេចក្តីជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តភាសាតាមរយៈប្រព័ន្ធកុំព្យូទ័រ។ លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុននឹងប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យអន្តរជាតិប៊ែលធី សាខាទួលស្លែង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ និងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ និងមួយទីតាំងមួយទៀតនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាន នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយធ្វើតេស្តនៅថ្ងៃទី ២៧ ខែសីហា ថ្ងៃទី ០៣ ១០ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន បេក្ខជនត្រូវបង់ប្រាក់តម្លៃ ២២ ដុល្លារអាមេរិក ដោយបេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីមក្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបរិច្ឆេទនៃការធ្វើតេស្តនេះអាចនឹងផ្លាស់ប្តូរអាស្រ័យទៅលើស្ថានភាពជំងឺកូវីដ-១៩។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង ១ លាន ២ សែន នាក់ធ្វើការនៅក្រៅប្រទេស ក្នុងនោះមានពលករចំនួន ១១ ៤៥៣ នាក់ ធ្វើការនៅប្រទេសជប៉ុន៕ អត្ថបទ៖ សំអឿន

website_news/2022010804.txt · Last modified: 2022/08/01 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki