website_news:2022010901

លោក ហ៊ុន សែន ថ្លែងសុំអភ័យទោសដល់ក្រុមហ៊ុននៅក្រៅប្រទេស ដែលមានពលករខ្មែរធ្វើការ ហើយបានត្រឡប់មកកម្ពុជាវិញភ្លាមៗ ព្រោះតែជឿតាមការបំផុសបំផុលបែបអបិយជំនឿ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 31 August 2022 | 11:33 ICT

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣១ ខែសីហា បានថ្លែងដោយសុំអភ័យទោសទៅដល់ក្រុមហ៊ុននៅក្រៅប្រទេស ដែលមានពលករខ្មែរកំពុងធ្វើការនៅទីនោះហើយបានឈប់ និងបានចាកចេញភ្លាមមកកាន់កម្ពុជាវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ព្រោះតែជឿតាមការបំផុសបំផុលបែបអបិយជំនឿ ដោយប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ លោក ខឹម វាសនា។ លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅថ្ងៃទី ៣១ ខែសីហា ថា៖ «សូមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងថៃ អនុញ្ញាតឱ្យខ្ញុំសុំធ្វើការអភ័យទោស អំពីកង្វះខាតនៃពលករកម្ពុជាដែលត្រូវចាញ់បោកគេ ហើយលះបង់ចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុក សូមកុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅប្រទេសរបស់ខ្លួនដាក់ពាក្យបណ្តឹង ទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចេញចោលការងារ»។

លោក ថ្លែងថា៖ «សូមកុំផ្សារភ្ជាប់ពលករកម្ពុជាផ្សេងទៀតជាមួយអ្នកដែលប្រព្រឹត្តកំហុស ដោយសារការចាញ់បោក សម្រាប់តាព្រហ្ម (ខឹម វាសនា) នៅប្រទេសកម្ពុជា។ ខ្ញុំកំពុងតែបារម្ភអំពីចំណុចនេះថា ថៅកែមួយចំនួន ដែលសង្វាក់ផលិតកម្មកំពុងដើរ ស្រាប់តែពលករចេញផុតមកប៉ះពាល់ដល់ដំណើរផលិតគេ»។ លោក ថ្លែងថាការបំផុសបំផុលនេះ មិនត្រឹមតែធ្វើឱ្យខាតប្រយោជន៍ដល់ពលករក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខាតប្រយោជន៍ដល់ពលរដ្ឋក្នុងស្រុកដែលជឿតាមការឃោសនានោះ ឈានដល់ការលក់ទ្រព្យសម្បត្តិ និងគ្រួសារខ្លះលែងគ្នាទៀតផង។

ការស្នើសុំយោគយល់ពីបណ្តាប្រទេសទាំងនោះ បន្ទាប់ពលករដែលធ្វើការនៅប្រទេសជប៉ុន ថៃ ជាពិសេសប្រទេសកូរ៉េ បាននាំគ្នាវិលមកកម្ពុជាវិញ ដើម្បីចូលរួមជាមួយលោក ខឹម វាសនា នៅឯចម្ការរបស់លោកនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

website_news/2022010901.txt · Last modified: 2022/09/01 20:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki