website_news:2022010904

អ្នកនាំពាក្យក្រសួងការងារ៖ ពលរដ្ឋខ្មែរជាង៥០០នាក់ នៅជប៉ុន និងកូរ៉េខាងត្បូង បានឈប់ពីការងារ និងការសិក្សាត្រឡប់មកផ្ទះវិញ ដោយសារជឿលើ លោក ខឹម វាសនា

http://freshnewsasia.com/ 2022-08-31 02:30pm

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរប្រមាណ៥០០នាក់ ក្នុងនោះមាននៅកូរ៉េខាងត្បូងជាង៤០០នាក់ និងនៅជប៉ុនជាង១០០នាក់ បានឈប់ពីការងារ និងការសិក្សា ត្រឡប់មកផ្ទះវិញ បន្ទាប់ពីពួកគេជឿលង់នឹងការឃោសនាបែបសាសនារបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ នៅកូរ៉េខាងត្បូងមានពលរដ្ឋខ្មែរចំនួនជាង៤០០នាក់ និងនៅជប៉ុនមានពលរដ្ឋខ្មែរប្រហែល ១០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតរៀននៅតំបន់កាន់សៃនៃប្រទេសជប៉ុន ១នាក់ផងដែរ បានឈប់ត្រឡប់មកវិញ។ លោកបានបន្ថែមថា អ្នកខ្លះត្រឡប់មកវិញដោយយកហេតុផលថា ឪពុកម្តាយឈឺធ្ងន់ដើម្បីថៅកែអនុញ្ញាតច្បាប់។ អ្នកខ្លះទៀតគឺសុំថៅកែ ប៉ុន្តែថៅកែមិនឲ្យក៏ឈប់ទាំងអត់ច្បាប់ ក៏បោះបង់ចោលការងារហើយត្រឡប់មកខ្មែរវិញតាមការឃោសនាអកុសល បែបអបិយជំនឿមិនសមហេតុផលរបស់ លោក ខឹ ម វាសនា តែម្តង។

ទោះជាយ៉ាងណា លោកបានបញ្ជាក់បន្ថែមថា នៅក្រៅប្រទេស ចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២មក មិនមានចលនាបោះបង់ចោលការងារត្រឡប់មកខ្មែរទៀតទេ។ លោកបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានជួបជាមួយតំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សកូរ៉េ (HTD Korea) ដើម្បីសុំទោសរដ្ឋាភិបាលកូរ៉េ ជាពិសេសនិយោជកកូរ៉េ ដែលរងផលប៉ះពាល់ដោយការចលាចលនេះ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធ ក៏បានចុះជួបបងប្អូនពលករ និងនិយោជកកូរ៉េ និងជប៉ុន ដែលរងផលប៉ះពាល់ផងដែរ។ «ទន្ទឹមនឹងនេះយើងក៏បានសំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ជាអតិបរិមាដល់បងប្អូនពលករ និងសិក្ខាកាមយើងកុំប្តឹងបងប្អូនយើង ព្រមទាំងពិចារណាទទួលយកបងប្អូនពលករ និងសិក្ខាកាមយើងវិញតាមលទ្ធភាពជាក់ស្តែង»។ នេះបើតាមការបញ្ជាក់របស់ លោក ហេង សួរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ក៏បានសុំអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃផងដែរ ហើយសុំកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះពួកគេបានចាញ់បោកការឃោសនារបស់ លោក ខឹម វាសនា តែប៉ុណ្ណោះ៕

website_news/2022010904.txt · Last modified: 2022/09/01 20:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki