website_news:2022020201

រយៈពេល ២ ថ្ងៃ ពលករប្រុស-ស្រី និងកូនៗ ៥១៦ នាក់ ត្រឡប់មកពីថៃតាមច្រកអូរអន្លក់ ខេត្តបាត់ដំបង

https://www.postkhmer.com/ គឹម សារុំ | Publication date 31 January 2022 | 18:21 ICT

បាត់ដំបងៈ គិតពីថ្ងៃទី ២៩-៣០ មករា ឆ្នាំ ២០២២ មានពលករប្រុស-ស្រី និងក្មេងៗជាកូនពលករ ចំនួន៥១៦នាក់បានឆ្លងដែនត្រឡប់ពីប្រទេសថៃវិញតាមច្រកអូរអន្លក់ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ឯប្រហែល១០ថ្ងៃមុនរដូវចូលឆ្នាំចិន-វៀតណាម មានពលករប្រុស-ស្រីប្រមាណជិត១០០នាក់បានត្រឡប់មកពីប្រទេសថៃតាមប៉ុស្តិ៍គីឡូ១៣ ក្នុងភូមិអូរ ឃុំសន្តិភាពស្រុកសំពៅលូន។

លោកម៉ង់ ស៊ី មេបញ្ជាការវរសេនាតូច៨១៩ ឈរជើងប្រចាំច្រកអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យដឹងនៅថ្ងៃទី៣១ មករា ថា គិតពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មករា ឆ្នាំ២០២២ មានពលករស្រី-ប្រុស រួមទាំងកូនៗរបស់ពួកគេចំនួន៥១៦នាក់បានឆ្លងដែនវិលត្រឡប់មកពីប្រទេសថៃវិញ។ ក្នុងចំនួនពលករទាំងនេះ មានអ្នកខ្លះទើបតែចាក់វ៉ាក់សាំងការពារជំងឺកូនវីដបាន១ដូស និងពលករខ្លះចាក់វ៉ាសាំងបាន២ដូស ពីប្រទេសថៃរួចទៅ ហើយ។ លោកថ្លែងថា៖«ពលករយើងដែលគាត់ត្រឡប់មកពីប្រទេសថៃវិញ គឺសុទ្ធតែបានចាក់ថ្នាំវ៉ាក់សាំងគ្រប់ៗគ្នាហ្នឹង គ្រាន់តែអ្នកខ្លះទើបតែចាក់បាន១ដូសទេ។ បើអ្នកខ្លះចាក់បាន១ដូស គឺគ្រូពេទ្យតម្រូវឱ្យពួកគាត់ទៅធ្វើចត្តាឡីស័ក ដើម្បីចាក់វ៉ាក់សាំងបន្ថែមទៀត»។ លោកបន្តថា ពលករចំនួន៩៤នាក់(ក្មេង៧នាក់)ក្នុងចំណោម៥១៦នាក់ ត្រូវបានគ្រូពេទ្យបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កគីឡូ៩ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ដោយឡែកលោក ប្រាក់ សាយ មេបញ្ជាការវរសេនាតូច៨១៧ ប្រចាំការនៅប៉ុស្តិ៍គីឡូ១៣ ក្នុងភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន ឱ្យដឹងនៅថ្ងៃទី៣១ មករា ថា ក្នុងរយៈពេលជិត១០ថ្ងៃ មុនរដូវចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅប៉ុស្តិ៍គីឡូ១៣ ក្នុងភូមិអូរ ស្រុកសំពៅលូន មានពលករឆ្លងដែនចូលមកពីប្រទេសថៃប្រមាណជិត១០០នាក់ប៉ុណ្ណោះ។ មូលហេតុនៃការវិលត្រឡប់នេះ ត្រូវបានពលករទាំងនោះប្រាប់ថា ដោយសារពួកគាត់ទៅយូរហើយ និងម្យ៉ាងអស់ការងារធ្វើ។ លោកថា ចំពោះពលករដែលឆ្លងដែនចូលមកតាមប៉ុស្តិ៍គីឡូ១៣ ក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន គឺគ្រូពេទ្យ និងសមត្ថកិច្ចរបស់លោកតែងតែធ្វើការណែនាំ និងអប់រំ អំពីការឆ្លងជំងឺកូវីដរួចជាស្រេច មុននឹងអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។

លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងមេខ្យល់លួចនាំពលករឆ្លងដែនក្នុងរយៈពេលកំពុងផ្ទុះជំងឺកូវីដ គឺកម្លាំងសមត្ថកិច្ចរបស់លោកឃាត់បានមេខ្យល់ប្រមាណ២០នាក់ហើយ។ ប៉ុន្តែក្នុងរយៈពេលចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ មិនឃើញមានមេខ្យល់លួចនាំពលករឆ្លងដែនទៅប្រទេសថៃទេ។ លោកប្រាក់ សាយ ថ្លែងថា៖«យើងចាប់បានមេខ្យល់ខ្លះទៅ ឥឡូវឃើញមានធូរស្រាលច្រើន មិនសូវមានបទល្មើសលួចឆ្លងដែនទេ។ ការងារនេះ យើងឃ្លាំចាំមើលពួកគាត់រហូត នៅតាមតំបន់ឈរជើង ទាំងពួកគាត់ត្រឡប់មកវិញ ទាំងពលករដែលត្រូវបានមេខ្យល់លួចនាំឆ្លងដែន»៕

website_news/2022020201.txt · Last modified: 2022/02/02 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki