website_news:2022020204

ថៃទទួលពលករខ្មែរជិត២០០នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតលើកដំបូង

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ ម៉ោង ១០:២៦

ខេត្តបន្ទាយមានជ័យ ៖ ពលករកម្ពុជាតាមរយៈក្រុមហ៊ុនមួយចំនួន១៨៥នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅធ្វើការលើទឹកដីថៃជាលើកដំបូង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយភាគីថៃបិទអ្នកដំណើរថ្មើរជើង ហើយបើកឲ្យដំណើរការតែរថយន្តធុនធំរបស់គេអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយសារតែបញ្ហាជំងឺរាតត្បាតនៃកូវីដ១៩។

ពលករកម្ពុជាចំនួន១៨៥នាក់ខាងលើ ក្នុងនោះមានស្រី៨៨នាក់ ដោយពួកគេបានចាកចេញពីប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន ទូចម៉ាណាក់ម៉ែនផៅវ័រស៊ុប្លាយ គ្រោងទៅធ្វើការផ្នែករោងចក្រសាច់មាន់ នៅខេត្តឈុនបូរី ប្រទេសថៃ។ ហើយការបើកទទួលពលករជាលើកដំបូងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ គេឃើញមានមន្ត្រីមកពីក្រសួង និងមន្ទីរពាក់ព័ន្ធ ព្រមទាំងសមត្ថកិច្ចថៃបានចូលមកទទួលស្វាគមន៍ពលករកម្ពុជា ដល់ខាងទឹកដីកម្ពុជាផងដែរ។ លោក ខេង តារា មន្ត្រីមកពីមន្ទីរការងារខេត្ត បានប្រាប់កោះសន្តិភាពនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថា ពលករដែលចេញពីកម្ពុជាទៅធ្វើការលើទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃនេះ គឺមានចំនួន១៨៥នាក់ ក្នុងនោះស្រី៨៨នាក់។ លោកថា លក្ខខណ្ឌរបស់ភាគីថៃ ពាក់ព័ន្ធនឹងវិធានការក្រសួងសុខាភិបាលរបស់គេ គឺមាន២ចំណុច ដោយទី១- ពលករដែលមានឯកសារចាក់វ៉ាក់សាំងរួចរាល់ ត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ និងទី២- សម្រាប់ពលករមិនមានឯកសារចាក់វ៉ាក់សាំង ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃលើទឹកដីថៃ មុនពេលចូលទៅធ្វើការងារ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ព្ទដែរថា ការបញ្ជូនពលករខ្មែរទៅធ្វើការលើទឹកដីថៃនេះ គឺធ្វើឡើងផ្អែកលើអនុសារណៈ MOU នៃក្រសួងការងារកម្ពុជា និងថៃ ដែលបានឯកភាពគ្នារួចហើយ និងមានកាទទួលខុសត្រូវពីមន្ទីរការងារ និងក្រុមហ៊ុននាំ និងទទួលពលករផងដែរ។ លោកអភិបាលរងរូបនេះ បានបញ្ជាក់ទៀតថា នៅមិនទាន់មានព័ត៌មានពីការបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក ពីភាគីថៃឲ្យទូលំទូលាយសម្រាប់ពលរដ្ឋ និងទេសចរណ៍នៅឡើយទេ៕

website_news/2022020204.txt · Last modified: 2022/02/02 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki