website_news:2022020304

នគរបាលជាតិ កម្ពុជា និងអូស្រ្តាលី ប្តេជ្ញាគៀកស្មា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋ ដែលមានអង្គការចាត់តាំង

https://cen.com.kh/ Posted ByPen Srey NeatMarch 1, 2022

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយអគ្គស្នងការនគរបាលសហពន្ធ័អូស្រ្តាលីដឹកនាំដោយឯកឧត្តម Reece Philip Kershaw នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី នៅពេលនេះ គឺជាដំណើរទស្សនកិច្ច ដ៏ពិសេសមួយដែលបានចូលរួមប្រជុំជាទ្វេភាគីជាមួយនគរបាលជាតិកម្ពុជាផង និងក្នុងនាមជាដៃគូរបស់អាស៊ានណាប៉ូលផង។ ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងនគរបាលប្រទេសទាំងពីរ ជាពិសេសការអនុវត្ត MOU ដែលភាគីទាំងពីរបានចុះហត្ដលេខានៅពេលកន្លងមក។ ក្រៅពីនោះភាគីអូស្ត្រាលី ក៏បានជួយគាំទ្រទាំងឧបករណ៍ និងសម្ភារៈព្រមទាំងជួយដល់ការបណ្តុះបណ្តាល រួមទាំងពង្រឹងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការិយាល័យនៅក្នុងទីតាំងអគ្គស្នងការដ្ឋាននគរបាលជាតិនេះផ្ទាល់ហើយ ការិយាល័យនេះ ក៏បានក្លាយជាមជ្ឍមណ្ឌលបណ្តុះបណ្តាលកងកម្លាំងនគរបាលកម្ពុជា ពាក់ព័ន្ធនិងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនទៀតផង។

ក្រៅពីនោះភាគីទាំងពីរក៏បានផ្លាស់ប្តូរព័តមានពីគ្នាទៅវិញទៅមកជាច្រើនរួមមាន៖ សកម្មភាពបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ដែលក្នុងខណៈនោះ ឯកឧត្តម នេត សាវឿន ក៏បានរំលឹកឡើងវិញពីជំនួយរបស់ភាគីអូស្រ្តាលី ក្នុងការពង្រឹងនគរបាលសហគមនៅកម្ពុជា ដែលបច្ចុប្បន្ននេះ បើទោះបីជានគរបាលអូស្ត្រាលី បានបញ្ចប់គម្រោងនិងដកមន្ត្រីជំនាញ ព្រមទាំងថវិកាក្នុងការជួយក្តី ក៏នគរបាលកម្ពុជានៅតែបន្តស្មារតីនេះ ដើម្បីធានានិរន្តភាព នៃការអនុវត្តគម្រោងនេះ។ ក្រៅពីនោះកម្ពុជា និងអូស្ត្រាលី ក៏បានសហការគ្នាក្នុងការបង្ក្រាបអង្គការចាត់តាំងម៉ូតូធំ មិនឲ្យកើតមាននៅកម្ពុជា ទៀតផង។ ជាកិច្ចឆ្លើយតបក្នុងជំនួប ឯកឧត្តម Reece Philip Kershaw អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី របស់នគរបាលប្រទេសទាំងពីរ។ ឯកឧត្តម Reece Philip Kershaw បានបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំ រវាងនគរបាលកម្ពុជា និងអូស្ត្រាលី ដែលបន្សល់ទុកនៅសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឲ្យចំណងមិត្តភាពនេះ ក្លាយទៅជាមិត្តភាពជាប្រពៃណី។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការរបស់នគរបាលកម្ពុជា ពាក់ព័ន្ធនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្ការទប់ស្កាត់ពីចំងាយគ្រឿងញៀនទៅអូស្រ្តលី ក៏ដូចជាក្រុមម៉ូតូធំ។ ពាក់ព័ន្ធកិច្ចនេះ ឯកឧត្តម បានប្តេជ្ញាគៀកស្មា ជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋ ដែលមានអង្គការចាត់តាំងឲ្យបានជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបាន ក៏បានឯកភាពចំពោះការប្តេជ្ញាចិត្តរបស់ ឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងបានលើកសំណូមពរមួយចំនួន ដើម្បីឲ្យភាគីអូស្រ្តាលី ធ្វើការពិចារណា៖ ទី១-ស្នើសុំអោយមានការគាំទ្រពាក់ព័ន្ធនិងការផ្លាស់ប្តូរព័តមាននានា ដែលពាក់ព័ន្ធដល់ព្រឹត្តិការណ៍នយោបាល ក៏ដូចជាព្រឹត្តិការណ៍តំបន់ដែលពាក់ព័ន្ធជាមួយកម្ពុជា ដែលឆ្នាំ២០២២-២០២៣នេះ កម្ពុជានឹងមានការបោះឆ្នោតឃុំ សង្កាត់ ការបោះឆ្នោតសភាជាតិ ដោយឡែកកម្ពុជានឹងធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាសំខាន់មួយទៀតគឺការប្រកួតកីឡាស៊ីហ្គេម ដែលជាព្រឹត្តការណ៍ទី១ សម្រាប់កម្ពុជា ដែលត្រូវទទួលរ៉ាប់រងជាម្ចាស់ផ្ទះ ជាពិសេសគឺការផ្តល់ជាបទពិសោធន៍មកដល់នគរបាលកម្ពុជា ចំពោះកិច្ចការពារព្រឹត្តការណ៍ទាំងអស់នេះ តាមរយៈការប្រជុំតាមវីដេអូពីចម្ងាយ រឺក៏អាចចាត់បញ្ជូនផ្លាស់ប្តូរគណៈប្រតិភូ ក្នុងក្របខណ្ឌពាក់ព័ន្ធនិងកិច្ចការពារនេះ។ ក្រៅពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើសុំឲ្យភាគីអូស្រ្តាលី ជួយពង្រឹងធនធានមនុស្ស ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ បទល្មើសសេដ្ឋកិច្ច បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យា ដែលចាត់ទុកជាបញ្ហាថ្មីសម្រាប់កម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងជំនួបក៏បានថ្លែងគាំទ្រខ្ពស់ ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី អំពីលទ្ធផលដ៏ល្អប្រសើរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រយៈពេល២០ឆ្នាំ ជាលក្ខណប្រពៃណីនេះ ហើយបានឯកភាពដើរទៅមុខរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ គ្រប់ទម្រង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាពក្នុងប្រទេសក៏ដូចជា ក្នុងតំបន់ផងដែរ ។ បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានបញ្ជាក់អំពីបញ្ហាប្រឈម ជាសត្យានុម័តមួយចំនួន ពាក់ព័ន្ធដល់និន្នាការគ្រឿងញៀននៅកម្ពុជា រួមទាំងការគ្រប់គ្រងសារធាតុគីមីផ្សំ សម្រាប់សំយោគកែច្នៃផលិតគ្រឿងញៀនផងដែរ ដែលបញ្ហានេះបានផ្លាស់ប្តូរយោបល់ និងពិសោធន៍ទៅវិញទៅមក និងប្តេជ្ញារួមគ្នាផ្លាស់ប្តូរព័ត៌មាន ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តការ ការបណ្តុះបណ្តាល ដើម្បីទប់ស្កាត់នូវបទឧក្រិដ្ឋ ពិសេសទប់ស្កាត់គ្រឿងញៀនអោយបានពីចម្ងាយ។ ជាការឆ្លើយតប ភាគីអូស្រ្តាលី ពេញចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដែលជាសំណូមពររបស់ភាគីកម្ពុជា និងសន្យាជួយជ្រោមជ្រែងដល់ភាគីកម្ពុជា ទាំងពិសោធន៍ និងកិច្ចការផ្សេងៗទៀតដែលអាចធ្វើទៅបាន៕ សុទ្ធ លី

website_news/2022020304.txt · Last modified: 2022/03/02 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki