website_news:2022020601

កម្ពុជាផ្តល់ប័ណ្ណការងារដល់ពលករបង់ក្លាដែស ៤០០នាក់ ក្នុងនោះទទួលថែទាំសុខភាព និងរបប ហានិភ័យការងារ

https://kohsantepheapdaily.com.kh/ ភ្នំពេញ០១ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ១០:៥៩

រាជធានីភ្នំពេញ ៖ មកដល់ពេលនេះពលករបង់ក្លាដែសប្រមាណ៤០០នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជាដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារពីបេជាតិរបបសន្តិសង្គម (ប.ស.ស) ដូចកម្មករនិ យោជិតរបស់កម្ពុជាដែរ ។ នេះបើរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើង នាឱកាសឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យលោក មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា កម្ពុជា-បង់ក្លាដែស បានប្តេជ្ញាបន្តពង្រឹងនូវកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគ្នាទៀត ខណៈកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងប្រទេសទាំងពីរ ជិតផុតសុពលភាពហើយនោះ ។ ឯកឧត្តម អ៊ិត សំហេង បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី សុខុមាលភាពជនបរទេស និងការងារនៅបរទេសបង់ក្លាដែសដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាពេលនេះ គឺជាការបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ ។ ឯកឧត្តមបញ្ជាក់ថា ទូទាំងពិភពលោកក៏ដូចជា ប្រទេសយើងទាំងពីរ បានឆ្លងកាត់នូវការលំបាកដោយសារកូវីដ-១៩ ដូចៗគ្នា ប៉ុន្តែមកដល់ពេលនេះ ដោយសារប្រសិទ្ធភាពនៃវ៉ាក់សាំងរួមនឹងវិធានការសុខាភិបាល បានធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ មានសភាពស្រាកស្រាល ហើយកម្ពុជាបានកំពុងស្តារនូវសង្គមសេដ្ឋកិច្ចឡើងវិញ តាមគន្លងថ្មី ។ សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-បង់ក្លាដែស មានអនុស្សរណៈនៃការយោគយល់គ្នា(MOU) តាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រុមការងារបច្ចេកទេសបានធ្វើកិច្ចការស្របទៅនឹងកិច្ចព្រមព្រៀងជាមួយគ្នានេះ ដោយសារកូវីដ-១៩ ធ្វើឲ្យអាក់ខានរយៈពីរឆ្នាំ ហើយថ្ងៃនេះយើងមានឱកាសពិភាក្សា ដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះជាមួយគ្នា ។ ចំណែក លោកមហាម៉េដ អាប់ឌុល ហ៊ី រីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរនឹងវិលត្រឡប់មកអនុវត្តន៍កិច្ចការងារដែលបានព្រមព្រៀងគ្នាស្របទៅនឹងMOU ។ នៅក្នុងដំណើរចុះទស្សនកិច្ចរបស់លោកអគ្គរដ្ឋទូត ដែលបានចុះជួបផ្ទាល់ជាមួយជនជាតិបង់ក្លាដែស ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាន ធនាគារជាដើមនោះ ឃើញថា ពលរដ្ឋបង់ក្លាដែសទទួលបានការគាំពារ និងយកចិត្តទុកដាក់បានយ៉ាងល្អពីកម្ពុជាដែលអាចឲ្យពួកគេមានលទ្ធភាពបើកដំណើរការអាជីវកម្មរបស់ខ្លួនបានប្រសើរ ។ លោកទូតបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតចំនួន៣០ឆ្នាំមកហើយ ដោយនៅក្នុងអំឡុងឆ្នាំ១៩៩០ បង់ក្លាដែសបានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាពនៅកម្ពុជាដែរ ។ នៅក្នុងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត បានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាកាន់ទីក្រុងដក្កា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្តMOU ព្រមទាំងបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះបំពេញទស្សនកិច្ចជា មួយក្រុមការងារកម្ពុជាតែម្តង នៅបង់ក្លាដេស។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះការចូលរួមវិភាគ ទានរបស់បង់ក្លាដែស ជាមួយអង្គការសហប្រជាជាតិ នៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៩០ ។ កម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាព ការអនុវត្តន៍បានយ៉ាងជោគជ័យនូវនយោបាយឈ្នះឈ្នះរហូតកម្ពុជាមានសុខសន្តិភាពពេញលេញ ដោយចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុត របស់កម្ពុជា មានសន្តិភាព គឺមានអ្វីៗទាំងអស់ ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី មើលឃើញថា វិស័យការងាររបស់ប្រទេសយើងទាំងពីរប្រហាក់ប្រហែលគ្នា ជាប្រទេសផលិត និងនាំចេញពិសេសវិស័យវាយនភណ្ឌកាត់ដេរ ។ កម្ពុជាមានលក្ខខណ្ឌការងារដែលផ្សាភ្ជាប់ទៅនឹងការនាំចេញកិច្ចព្រមព្រៀង នេះបានផ្តល់ឱកាសដល់អ្នកវិនិយោគ ។ ប្រាក់ឈ្នួលនៅកម្ពុជាមានការតំឡើងខ្ពស់ សម្រាប់ការប្រកួតប្រជែង គឺពិបាកហើយវាក៏ប្រសើរផងដែរ សម្រាប់ជីវភាពកម្មករនិយោជិតរបស់កម្ពុជា ។ យើងអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ។ ពលករបង់ក្លាដែសប្រមាណ ៤០០ នាក់ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារ ពីប.ស.ស ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។

សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាង បច្ចេកទេសផ្នែកកសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រា ស់គ្រឿងចក្រស្ទើរតែ១០០ភាគរយទៅហើយ តម្រូវការធនធានមនុស្សសម្រាប់ វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះ កម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះ បណ្តាលផ្នែកនេះផងដែរ។ សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលបង់ក្លាដែស តំណាងដោយក្រសួងសុខុមា លភាពជនប រទេស និងការងារនៅបរទេស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរួមគ្នា៖

១.ការគ្រប់គ្រងការជួលពលករទេសន្តរប្រវេសក៍ក្នុងប្រទេសទាំងពីរ។ ២. កិច្ចសហប្រតិបត្តិការក្នុងវិ ស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ ៣. ផ្លាស់ប្តូរព័ត៌មានសម្រាប់ការការពារការជ្រើសរើស និងជួលពលករខុសច្បាប់ ព្រមទាំងការពារ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរ និង ៤. វិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានព្រមព្រៀងគ្នា៕

website_news/2022020601.txt · Last modified: 2022/06/02 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki