website_news:2022020602

ប៉ូលិស ឃាត់ពលករខ្មែរ ២នាក់ បម្រុងលួចឆ្លងទៅប្រទេសថៃ រកការងារធ្វើ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០១ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ១៩:៣០

បន្ទាយមានជ័យ៖ ប៉ូលិសការពារព្រំដែន បានឃាត់ពលករខ្មែរប្រុស.ស្រី ២នាក់ ដែលបម្រុងលួចឆ្លងទៅប្រទេសថៃ ដើម្បីរកការងារធ្វើ។ ពលករទាំង ២ ត្រូវបានឃាត់ខ្លួន កាលពីម៉ោង ១០យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅភូមិព្រៃគប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ បានប្រាប់ថា នៅពេលឃាត់ពលករខ្មែរ គឺកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ បានចេញល្បាតតាមបន្ទាត់ព្រំដែន បានប្រទះឃើញពលករខ្មែរ ២នាក់ នៅក្បែរព្រំដែន ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។

កម្លាំងបានបញ្ជាក់ថា ក្រោយឃាត់ ជនទាំងពីរត្រូវបាននាំយកមកទីបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដើម្បីសាកសួរ។ តាមចម្លើយ ពួកគាត់បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ក្នុងម្នាក់តម្លៃ ៦.០០០បាត ដោយមេខ្យល់សន្យាជូនទៅរកការងារធ្វើដល់កន្លែង។ កម្លាំងនគរបាល បានបញ្ជាក់ថា ក្រោយធ្វើការសាកសួរហើយ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយឱ្យត្រឡប់ទៅស្រុកកំណើតវិញ ហើយកម្លាំងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់៕ ប៊ុន ធឿន

website_news/2022020602.txt · Last modified: 2022/06/02 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki