website_news:2022020802

កម្ពុជា-ចិន ពិភាក្សាពីការពង្រឹងការទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន

https://www.postkhmer.com/national/ រី សុចាន់ | Publication date 30 July 2022 | 15:44 ICT

ភ្នំពេញៈ អាជ្ញាធរកម្ពុជាប្តេជាបន្តពង្រឹងការចែករំលែកព័ត៌មានពីស្ថានភាពឧក្រិដ្ឋកម្មឆ្លងដែន ជាមួយអាជ្ញាធរចិន ដើម្បីរួមគ្នាប្រយុទ្ធ និងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន។ កាលពីថ្ងៃទី២៧ ខែកក្កដា លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា បានជួបជាមួយលោក Wu Jianmin អ្នកទទួលបន្ទុកការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន-កម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី២៨ ខែកក្កដា ថា ភាគីទាំង ២ បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន។ ស្ថានទូតចិនបញ្ជាក់ថា៖ «ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំង២ និងមានប្រសាសន៍ថា ភាគីកម្ពុជារីករាយបន្តពង្រឹងការចែករំលែកព័ត៌មានស្ថានភាពនិងផ្លាស់ប្តូរបទពិសោធជាមួយភាគីចិនដោយតាមរយៈការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង ចិន-កម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធនិងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន»៕

website_news/2022020802.txt · Last modified: 2022/08/02 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki