website_news:2022020901

រំដោះជនជាតិវៀតណាម២នាក់ ខណៈរត់គេចចេញពីក្រុមហ៊ុនចិននិងសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយ

https://www.kampucheathmey.com/ ថ្ងៃពុធ ៣១ សីហា ២០២២ដោយ Kang Tola https://www.kampucheathmey.com/security/365176

ភ្នំពេញ ៖ កុមារានិងយុវជន ជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរំដោះខណៈពួកគេបានរត់គេចចេញពីក្រុមហ៊ុនចិននិងបានសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយពួកគេ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០និង៥០នាទីព្រឹក ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៥០នាទីព្រឹក កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា មានជនជាតិវៀតណាមចំនួន០២នាក់ស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចយើងឲ្យជួយ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលព័ត៌មានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញជនជាតិវៀតណាមទាំងពីរនាក់ខាងលើ មកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរព័ត៌មានរបស់គាត់ ជនជាតិវៀតណាម២នាក់ ទី១-ឈ្មោះ Pham cong Luu ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ។ទី២-ឈ្មោះ Nguyen ven hung ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ។

ឆ្លងតាមការឆ្លើយបំភ្លឺអះអាងរបស់ជនជាតិវៀតណាមទាំងពីរខាងលើ បានបំភ្លឺអះអាងថា ពួកខ្លួនទាំងពីរនាក់ត្រូវបានមេខ្យល់ជនជាតិវៀតណាមភេទស្រីម្នាក់ អាយុប្រហែល១៨ឆ្នាំ បាននាំយកមកធ្វើការក្រុមហ៊ុនចិន ឈ្មោះ Kingcwnao ព្រំដែនបាវិតក្នុងដីកម្ពុជា តាំងតែពីក្នុងខែមិថុនា ឆ្នាំ២០២២ កន្លះខែក្រោយមកក្រុមហ៊ុនចិនខាងលើបានប្ដូរទីតាំងការងារពួកខ្លួនទាំងពីរនាក់ឲ្យទៅក្រុមហ៊ុនចិនមួយទៀតនៅក្រុងព្រះសីហនុ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនចិននៅក្រុងព្រះសីហនុ បាននាំពួកខ្លួន០២នាក់មកភ្នំពេញ មកដល់ភ្នំពេញ នៅម៉ោងប្រហែល១០និង៣៥នាទី ពួកខ្លួន០២នាក់បានលួចរត់គេចខ្លួនមកឈរនៅមុខពេទ្យកុមារជាតិរួចហើយពួកខ្លួន០២នាក់បានសុំទូរស័ព្ទរបស់ប្រជាពលរដ្ឋជនជាតិខ្មែរ ខលទៅប្ដឹងសមត្ថកិច្ចកម្ពុជាដើម្បីឲ្យជួយអន្តរាគមន៍ពួកខ្លួន និងសំណូមពរឲ្យសមត្ថកិច្ចជួយបញ្ជូនពួកខ្លួនទាំងពីរនាក់ទៅស្រុកកំណើតវិញ នៅប្រទេសវៀតណាមវិញ។ ចំពោះមុខកម្លាំងសហការបានកំពុងសាកសួរជនជាតិវៀតណាមខាងលើដើម្បីបន្តអនុវត្តតាមនីតិវិធី៕ដោយ ស្រីរ័ត្ន

website_news/2022020901.txt · Last modified: 2022/09/02 11:48 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki