website_news:2022020903

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ ប្រតិបត្តិការ៣កន្លែងទៀត នៅខេត្តព្រះសីហនុ រកឃើញជនរងគ្រោះ៥នាក់

https://freshnewsasia.com/ 2022-09-01 11:07am http://fna.asia/52fe542

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ៣កន្លែងទៀត ដោយសង្គ្រោះជនរងគ្រោះចំនួន៥នាក់។

ប្រតិបត្តិការទី១ បានធ្វើឡើងវេលាម៉ោង១៖៣០នាទីរសៀល នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានចុះទៅទីតាំងសួនឧស្សាហកម្ម អូស្កា ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការសហការពីម្ចាស់ទីតាំង កម្លាំងនគរបាលបានជួយសង្រ្គោះបុរសជនជាតិចិន២នាក់ ក្នុងនោះទី១ ឈ្មោះ KANG JIANJUN អាយុ២៣ឆ្នាំ និងទី២ឈ្មោះ LIU JUNKAI អាយុ២៨ឆ្នាំ។ ប្រតិបត្តិការមួយទៀត ធ្វើឡើងចាប់ពីវេលាម៉ោង៥ល្ងាច ដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ដើម្បីស្វែងរកនារីរងគ្រោះ តាមបណ្តឹង Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង។ ករណីនេះម្ចាស់ទីតាំង បាននាំសមត្ថកិច្ចទៅបន្ទប់នារីរងគ្រោះធ្វើការ តែមិនឃើញនារីរងគ្រោះនៅទីនោះទេ បន្ទាប់មក សមត្ថកិច្ចបានសួរនាំមេក្រុមរបស់នារីរងគ្រោះ បានឱ្យដឹងថា នារីរងគ្រោះត្រូវបានក្រុមហ៊ុនដឹកទៅទីតាំងក្រុមហ៊ុនមួយកន្លែងទៀត បន្ទាប់មកសមត្ថកិច្ចបានធ្វើការតាមជំនាញ ហើយបានឱ្យមេការរបស់នារីរងគ្រោះនាំនាងមកវិញ លុះដល់វេលាម៉ោង ៨៖៣០នាទីយប់ ទើបមេការរបស់នារីរងគ្រោះដឹកនាង និងមិត្តប្រុសរបស់នាងមកក្រុមហ៊ុនវិញ បន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរបន្ទប់ការិយាល័យនៅជាន់ទី៧ ជាលទ្ធផលរកឃើញដំបង់ឆក់ ១ដើម និងខ្នោះដៃ២គូ មានកូនសោរខ្នោះ២ ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះទាំង២នាក់ និងធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ភេទប្រុស មកធ្វើការសាកសួរ។

ចំណែកករណីទី៣ បានប្រតិបត្តិការ នៅវេលាម៉ោង៥៖៥០នាទីល្ងាច ដោយកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានចុះទៅទីតាំងក្រុមហ៊ុន ជីងឆាយអ៊ូ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការសហការពីម្ចាស់ទីតាំងខាងលើ កម្លាំងនគរបាលបានជួយសង្រ្គោះបុរសជនជាតិម៉ាឡេស៊ី១នាក់ ឈ្មោះ BONG JUNE SIN អាយុ៣៨ឆ្នាំ។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី កំពុងធ្វើការសាកសួរដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ជាង១០ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ទី២៩ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទទួលបានពាក្យបណ្តឹងចំនួន៤០ តាមទំព័រហ្វេសប៊ុករបស់សម្តេច ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍សង្គ្រោះលើការបង្ខាំង និងជួញដូរ ហើយក្នុងនោះសមត្ថកិច្ចក៏បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ដោយជួយរំដោះជនរងគ្រោះជាង១០០នាក់ផងដែរ៕

website_news/2022020903.txt · Last modified: 2022/09/02 11:52 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki