website_news:2022020904

មន្ត្រីនគរបាលជំនាញឯកភាពគ្នាទៅលើគោលការណ៍សហប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 31 August 2022 | 17:22 ICT https://www.postkhmer.com/national/2022-08-31-1722-240351.html

ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឯកភាពគ្នាទៅលើគោលការណ៍សំខាន់ៗ លើកិច្ចសហប្រតិបត្តិការ ក្នុងការកំណត់គោលដៅ មុខសញ្ញា សម្រាប់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងសង្គ្រោះក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជា។ នេះបើតាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។ ការឯកភាពគ្នានេះតាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលដឹកនាំដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) កាលពីថ្ងៃទី ៣០ ខែសីហា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក កត្ដា អ៊ន អ្នកនាំពាក្យ គ.ស.ម.ក. បានថ្លែងកាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ថា តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានឯកភាពលើការពង្រឹងកិច្ចសហការ និងចែករំលែកព័ត៌មានគ្នាក្នុងការបំពេញភារកិច្ចរវាងស្ថាប័នពាក់ព័ន្ធក្នុងសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្មការងារ និងអាជីវកម្មផ្លូវភេទ។ លោកថ្លែងថា៖ «ក្នុងកិច្ចប្រជុំនេះ ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានឯកភាពគ្នាប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព លុបបំបាត់ភាពអសកម្ម និងអំពើខុសច្បាប់របស់ មន្ត្រីមួយចំនួនផងដែរ»។ លោក កត្តា អ៊ន បានឱ្យដឹងថា ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពពង្រឹងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនានា ជាពិសេសច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្ស ច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានាជាដើម។

លោកបន្តថា ក្រៅពីនេះក្រុមការងារ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងជនបរទេសចេញចូល និងស្នាក់នៅកម្ពុជា។ អន្តរាគមន៍ឱ្យទាន់ពេលវេលា និងចាត់វិធានការផ្លូវច្បាប់ ក្នុងការងារបង្ក្រាប និងស៊ើបអង្កេតចាប់ខ្លួនជនល្មើស និងជនពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ថា ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឯកភាពថែមទៀតលើកិច្ចសហការជាមួយប្រទេសពាក់ព័ន្ធក្នុងការចែករំលែកព័ត៌មាន និងវិធានការបង្ក្រាបបទល្មើស និងបង្កើនសមត្ថភាពមន្ត្រីជំនាញក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។

លោក ឆាយ គឹមខឿន បានថ្លែងក្រោយកិច្ចប្រជុំថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សាអំពីគោលការណ៍សំខាន់ៗជាអាទិភាព សម្រាប់បើកប្រតិបត្តិការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងការជួញដូរផ្លូវភេទ។ លោកបញ្ជាក់ថា៖ «អង្គប្រជុំក៏ទទួលបានធាតុចូលសំខាន់ៗពីសមាជិក សមាជិកាហើយក៏បានឯកភាពគ្នាធ្វើការផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការជាក់ស្តែងនៅថ្ងៃសុក្រខាងមុខនេះ»។ លោកបញ្ជាក់ថា ក្នុងអង្គប្រជុំក៏បានឯកភាពគ្នាទៅលើគោលការណ៍សំខាន់ៗសម្រាប់បម្រើឱ្យ កិច្ចសហប្រតិបត្តិការទាំងការកំណត់គោលដៅ មុខសញ្ញា សម្រាប់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងសង្គ្រោះជាពិសេស គឺការដាក់ចេញនូវវិធានការសំដៅអនុវត្តឱ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរនៃផែនការ។

ទាក់ទនឹងនឹងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ១ កន្លែង ស្ថិតនៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ដោយរកឃើញជនជាតិម៉ាឡេស៊ី ១៦ នាក់ ត្រូវគេបង្ខាំងទុកឱ្យធ្វើការ និងបានឃាត់ជនជាតិចិន ១ នាក់។ នេះបើតាមលោក ខៀវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថា មានការចាប់បង្ខាំងទុកជនជាតិម៉ាឡេស៊ី ១៦ នាក់ ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ១ ករណី។ ក្នុងចំណោមជនរងគ្រោះ ចំនួន ១៦ នាក់មានស្រី ៥ នាក់ផងដែរ។លោកបន្តថា ដោយបានចុះទៅដល់ទីតាំង និងមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញ បុរស និងស្ត្រី ជនជាតិម៉ាឡេស៊ី ១៦ នាក់ (ដែលក្នុងបណ្តឹងអះអាងថាជាជនរងគ្រោះ) កំពុងធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ទើបកម្លាំងសមត្ថកិច្ចបាននាំអ្នកគ្រប់គ្រងជនជាតិចិន ១ នាក់ មកធ្វើការសាកសួរ បន្តនីតិវិធី។

បើយោងតាមរបាយការណ៍ដែលចុះផ្សាយនៅលើហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានរកឃើញ និងជួយសង្គ្រោះជនបរទេសចំនួន ៨៧ ករណីស្មើនឹងប្រមាណ ៨៦៥ នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ ករណី ជនសង្ស័យសរុបចំនួន ៦០ នាក់»។ ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ៧ ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥ នាក់ (មាន ៦ សញ្ជាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣ នាក់ (មាន ៤ សញ្ជាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ៕

website_news/2022020904.txt · Last modified: 2022/09/02 11:53 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki