website_news:2022020905

មន្ត្រីស្ថានទូតកម្ពុជាបង្ហាញអារម្មណ៍សោកស្តាយពលករខ្មែរមួយចំនួនបោះបង់ចោលការងារត្រលប់ទៅមាតុប្រទេសជឿលើការឃោសនារបស់គេ

https://kohsantepheapdaily.com.kh/ ភ្នំពេញ០១ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១៣:៥៣ https://go.kspg.co/tg/1590847

រាជធានីភ្នំពេញ ៖ មន្ត្រីស្ថានទូតកម្ពុជាបានបង្ហាញអារម្មណ៍សោកស្តាយ ចំពោះពលករខ្មែរមួយចំនួនដែលសម្រេចចិត្តបោះបង់ចោលការងាររបស់ខ្លួន ដែលមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិលត្រឡប់ទៅមាតុប្រទេសវិញ ។ នេះបើយោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានផ្សាយនាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ ។

ជាក់ស្តែង នៅថ្ងៃទី១ ខែកញ្ញានេះ អ្នកនាង ជ្រឹង បុទុមរង្សី មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានលើកឡើងថា« ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះបងប្អូនពលករខ្មែរមួយចំនួន ដែលមកបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បានសម្រេចចិត្តបោះបង់ចោលការងាររបស់ខ្លួន និងត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីជឿតាមបុគ្គលមួយចំនួនដែលបានប្រើប្រាស់រូបភាពអបិយជំនឿ ធ្វើការឃោសនាតាមបែបប្រជាភិថុតិ បោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋដោយមិនសមហេតុផល គ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ។» មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានបន្តថា «បើទោះបីកន្លងមកស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានខិតខំសម្របសម្រួល និងពន្យល់ណែនាំដល់បងប្អូនពលករអំពីករណីនេះក៏បងប្អូនយើងមួយចំនួននៅតែមានៈ ទទូចចង់វិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់ ដែលធ្វើឱ្យបាត់បង់ការងារ ប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួន និងផលប្រយោជន៍នានាសម្រាប់គ្រួសាររបស់ខ្លួន ជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសង្គមទៀតផង ។ «ឥឡូវមកដល់ពេលនេះ យើងទាំងអស់គ្នាបានឃើញជាក់ស្តែងថា ការឃោសនានេះ គឺជារឿងបោកបញ្ឆោតទាំងស្រុងដោយពុំមែនជាការពិតនោះឡើយ ។

ដូចនេះ សូមបងប្អូនទាំងអស់សិក្សាឈ្វេងយល់ពីបទពិសោធន៍មួយនេះ និងមានការប្រុងប្រយ័ត្នខ្ពស់មុននឹងសម្រេចចិត្តជឿតាមការឃោសនាណាមួយ ដែលអាចនឹងនាំមកនូវការខាតបង់ទាំងផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមគ្រួសារនាពេលអនាគត ។» អ្នកនាង ជ្រឹង បុទុមរង្សី បន្ថែមថា «តាំងនាមឱ្យស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់លើការថែរក្សាសុវត្ថិភាព និងសុខភាព របស់បងប្អូនពលករខ្មែរនៅបរទេស ជាពិសេសនៅកូរ៉េ ជប៉ុន និងថៃ និងសូមគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការដើម្បីធានាសុវត្ថិភាព សុខមាលភាពរបស់បងប្អូនខ្មែរ ដែលបានប្រមូលផ្ដុំនៅខេត្តសៀមរាប។» ជាចុងក្រោយ នាងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនពលករ ដែលរស់នៅ និងកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ សូមរក្សាភាពស្ងប់ស្ងាត់ និងបន្តអនុវត្តន៍កិច្ចការងាររបស់ខ្លួន ដោយឈរលើស្មារតីសាមគ្គីភាព និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង៕

website_news/2022020905.txt · Last modified: 2022/09/02 11:54 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki