website_news:2022020907

ជនជាតិវៀតណាមត្រូវបានកាត់ទោសពីបទជួញដូរក្មេងជំទង់វៀតណាម៤នាក់មកកម្ពុជា

https://www.khmertimeskh.com/ Khmer Times September 1, 2022 https://www.khmertimeskh.com/?p=1143186

ប៉ូលីសនៅទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាមបានចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌលើបុរសក្នុងស្រុកម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរក្មេងជំទង់៤នាក់អោយធ្វើការនៅកាស៊ីណូក្នុងប្រទេសកម្ពុជា។

ប៉ូលិសក្នុងតំបន់បានរាយការណ៍កាលពីពេលថ្មីៗនេះថា ជនសង្ស័យឈ្មោះ Nguyen Van Anh អាយុ ៤៥ ឆ្នាំ មានឈ្មោះហៅក្រៅថា “ក្បាលទំពែក Anh” ដែលមានដើមកំណើតនៅស្រុក Hong Bang ត្រូវបានកាត់ទោសពីបទជួញដូរមនុស្ស។ ប៉ូលីសបាននិយាយថា Anh ត្រូវបានជាប់ពន្ធនាគារចំនួន ៤ ដងពីបទឧក្រិដ្ឋកម្មផ្សេងៗ ហើយត្រូវបានដោះលែងនៅឆ្នាំ២០២០ ហើយថ្មីៗនេះបានធ្វើការឱ្យក្រុមឆបោករត់ពន្ធមនុស្សដែលមានអាយុពី១៨-៤០ ឆ្នាំមកកម្ពុជាដើម្បីធ្វើការ ហើយបានផ្តល់ប្រាក់កម្រៃជើងសារដល់ក្រុមអ្នកជួញដូរមនុស្ស។

នៅដើមឆ្នាំ២០២២ Anh បានទៅជួបក្មេងជំទង់៤នាក់ ដែលជាមិត្តរបស់កូនប្រុសគាត់ ពួកគេបានបង្កើតទំនាក់ទំនងជិតស្និទ្ធ ហើយបន្ទាប់មកបានហៅពួកគេថាជាកូនចិញ្ចឹមរបស់គាត់។ ក្រោយមក Anh បានបញ្ចុះបញ្ចូលពួកគេបីនាក់ដែលមានអាយុ ១៦ ឆ្នាំ និងម្នាក់ទៀតអាយុ១៧ ឆ្នាំឱ្យទៅប្រទេសកម្ពុជាដើម្បី “ធ្វើការងារដែលមានប្រាក់ខែល្អ” ហើយក្រុមក្មេងជំទង់បានយល់ព្រមតាមការណែនាំរបស់គាត់។

កាលពីថ្ងៃទី៣១ ខែមីនា គាត់បាននាំក្មេងជំទង់ទៅកាន់ទីក្រុងហូជីមិញ បន្ទាប់មកទៅកាន់តំបន់ក្បែរច្រកព្រំដែន Moc Bai ក្នុងខេត្ត Tay Ninh ជាកន្លែងដែលគាត់បានប្រគល់ក្មេងជំទង់ទាំង៤នាក់ទៅឱ្យសមាជិកក្រុមឆបោករបស់គាត់ ដែលបានឆ្លងព្រំដែននាំជនរងគ្រោះមកប្រទេសកម្ពុជា។ ក្មេងជំទង់ទាំងនោះក្រោយមកត្រូវបានគេលក់ទៅឱ្យកាស៊ីណូ Yong Yuan ដែលតាមពិតបានបើកហ្គេមអនឡាញបោកប្រាស់ ដែលមានទីតាមងនៅស្រុកកោះធំ ខេត្តកណ្តាល។ នៅទីនោះ ក្រុមក្មេងជំទង់ទាំង៤នាក់ត្រូវបានបង្ខំឱ្យបោកប្រាស់មនុស្សខ្ចីប្រាក់តាមរយៈកម្មវិធីអនឡាញ ជាមួយនឹងប្រាក់ឈ្នួលប្រចាំថ្ងៃ ២០ ដុល្លារ។

ជនរងគ្រោះបានរំលឹកឡើងវិញថា ពួកគេត្រូវបានធ្វើបាប ប្រសិនបើមិនបំពេញតាមគោលដៅប្រចាំថ្ងៃដែលបានកំណត់ដោយកាស៊ីណូ ឬបំពានច្បាប់ផ្ទៃក្នុងរបស់កាស៊ីណូ ជនរងគ្រោះបានរៀបរាប់បន្ថែមថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងធ្វើការទៅខាងក្រៅនោះទេ។ ដោយមានការភ័យខ្លាចចំពោះការងារបែបនេះ ក្មេងជំទង់ទាំង៤បានស្នើសុំឱ្យអ្នកគ្រប់គ្រងកាស៊ីណូអនុញ្ញាតឱ្យពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ ប៉ុន្តែពួកគេត្រូវបង់ប្រាក់យ៉ាងហោចណាស់ ២,៤០០ ដុល្លារក្នុងម្នាក់ជាថ្នូរដោះលែងពួកគេ។ បន្ទាប់ពីក្រុមក្មេងជំទង់បានរាយការណ៍ពីស្ថានភាពរបស់ពួកគេនៅលើបណ្តាញសង្គម ឪពុកម្តាយរបស់ពួកគេបានទាក់ទងទៅអ្នកគ្រប់គ្រងកាស៊ីណូពាក់ព័ន្ធនឹងបង់ប្រាក់លោះ ហើយបានទៅកម្ពុជាដើម្បីយកកូនរបស់ពួកគេមកវិញ។

នៅថ្ងៃទី២២ ខែមេសា គ្រួសារមួយក្នុងចំនោមគ្រួសារផ្សេងទៀតបានយល់ព្រមបង់ប្រាក់ចំនួន ២,៦០០ ដុល្លារទៅក្នុងគណនីធនាគារដែលបានផ្តល់ជូនដើម្បីជួយសង្គ្រោះក្មេងម្នាក់ចេញពីកាស៊ីណូ។ ជាមួយគ្នានេះ ក្មេងបីនាក់ដែលនៅសេសសល់ ត្រូវបានកាស៊ីណូនិយាយថា បានទៅធ្វើការកន្លែងលេងល្បែងស៊ីសងមួយទៀត ដែលទាមទារថ្លៃលោះខ្ពស់ជាងនេះ។ ប៉ូលិសបាននិយាយថា មួយថ្ងៃក្រោយមក ក្រុមគ្រួសាររបស់ក្មេងជំទង់ទាំងបីនាក់បានបង់ប្រាក់សរុបចំនួន ១០,០០០ ដុល្លារផងដែរ ដោយផ្ទេរប្រាក់តាមធនាគារសម្រាប់ជាថ្នូរដោះលែងពួកគេ។គ្រប់ជំហាននៃការទំនាក់ទំនង ការចរចា និងការជួយសង្គ្រោះក្មេងទាំងបួននៅក្នុងប្រទេសកម្ពុជាត្រូវបានជួយសម្របសម្រួលដោយ Le Day បុរសជនជាតិវៀតណាមម្នាក់រស់នៅទីក្រុងភ្នំពេញ រួមទាំងអ្នកសារព័ត៌មាន Tuoi Tre ក្នុងអំឡុងពេលនោះ។ បន្ទាប់ពីក្មេងជំទង់ទាំងនេះត្រលប់មកផ្ទះវិញ ឪពុកម្តាយរបស់ពួកគេបានរាយការណ៍ពីឧក្រិដ្ឋកម្មជួញដូរមនុស្សរបស់ Anh ទៅកាន់ប៉ូលីស បន្ទាប់មកបានស៊ើបអង្កេតបុរសនេះពីបទ “ជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំ”។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ Anh ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទជួញដូរថ្នាំញៀន ៤០០ ក្រាម និងថ្នាំ ecstasy ១,០០០គ្រាប់ នៅក្នុងខេត្ត Quang Ninh ចម្ងាយប្រហែល៨៧ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Hai Phong ។

លោកវរសេនីយ៍ទោ Khong Ngoc Oanh មកពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈបានប្រាប់ Tuoi Tre កាលពីពេលថ្មីៗនេះថា ជនជាតិវៀតណាមរាប់ពាន់នាក់អាចត្រូវបានគេរត់ពន្ធចូលមកប្រទេសកម្ពុជា បន្ទាប់ពីពួកគេត្រូវបានបោកប្រាស់ដោយសន្យាផ្តល់ការងារសាមញ្ញដែលមានប្រាក់ខែខ្ពស់នៅទីនោះ។ លោក Oanh បាននិយាយថា តាមពិត ពួកគេត្រូវបានបង្ខំអោយធ្វើការងារខុសច្បាប់ ឬក្លាយជាជនរងគ្រោះនៃពលកម្មដោយបង្ខំ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម។

កាលពីថ្ងៃទី១៨ ខែសីហា កម្មករវៀតណាមមួយក្រុមមានគ្នា ៤២នាក់ បានរត់ចេញពីកាស៊ីណូ Rich World ក្នុងខេត្តកណ្តាល ហើយព្យាយាមហែលឆ្លងស្ទឹងBinh Di ក្នុងខេត្ត An Giang របស់វៀតណាម ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ដោយសារគេបង្ខំអោយធ្វើការងារហួសកម្លាំង និងមិនទទួលបានប្រាក់ខែ។ ក្នុងចំណោមអ្នករត់គេចខ្លួនទាំងនេះ ៤០នាក់បានទៅដល់ប្រទេសវៀតណាម ម្នាក់បានស្លាប់ក្នុងអំឡុងពេលឆ្លងទន្លេ ហើយអ្នកដែលនៅសល់ត្រូវបានចាប់ខ្លួនដោយឆ្មាំកាស៊ីណូ។

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានរាយការណ៍ថា កាលពីសប្តាហ៍មុន នាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបាននិយាយថា ពួកគេកំពុងអនុវត្តនីតិវិធីបញ្ជូនអ្នកដែលត្រូវបានជួយសង្រ្គោះ រួមជាមួយនឹងជនជាតិវៀតណាម ១០ នាក់ផ្សេងទៀត ពីកាស៊ីណូនេះផងដែរ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ូលីសវៀតណាមបានសម្របសម្រួលជាមួយសមភាគីកម្ពុជាដើម្បីកំណត់អត្តសញ្ញាណ និងជួយសង្គ្រោះជនជាតិវៀតណាមជាង២៥០ នាក់ដែលបានរត់ពន្ធមកកម្ពុជាជាមួយនឹងប្រាក់លោះសម្រាប់ពួកគេម្នាក់ៗចាប់ពី ៣,០០០ ដុល្លារដល់ ៣០,០០០ ដុល្លារ នេះបើយោងតាមក្រសួងសាធារណៈនិងសន្តិសុខវៀតណាម។ Tuoi Tre

website_news/2022020907.txt · Last modified: 2022/09/02 11:45 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki