website_news:2022020908

អ្នកនាំពាក្យក្រសួងការងារ ៖ បើថៅកែមិនអនុញ្ញាតច្បាប់ហើយយើងចេញមក គឺមិនអាចត្រឡប់ទៅវិញបានទេ

https://kohsantepheapdaily.com.kh/ ភ្នំពេញ ០១ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១៥:០៣ https://go.kspg.co/tg/1590912

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឱ្យដឹងថា ជុំវិញរឿងរ៉ាវបងប្អូនពលករខ្មែរនៅក្រៅប្រទេស ដែលតក់ក្រហល់វិលត្រឡប់មកស្រុកខ្មែរវិញកាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារជឿការឃោសនារបស់លោក ខឹម វាសនា គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ថា នឹងមានទឹកលិចពិភពលោកនេះ គឺមិនអាចវិលត្រឡប់ទៅវិញបានទេ បើការវិលមកស្រុកខ្មែរគ្មានការអនុញ្ញាតច្បាប់ពីថៅកែនោះ ។ ឆ្លើយតបទៅនឹងសំណួរដែលបានចោទសួរថា តើពលករដែលមកពីកូរ៉េ និងជប៉ុន ដែលបានចោលការងារមកស្រុកខ្មែរវិញ តើពេលត្រឡប់ទៅវិញ តើខាងក្រុមហ៊ុននៅទទួលដែរទេ? ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់យ៉ាងខ្លី និងច្បាស់ៗថា «បើថៅកែមិនអនុញ្ញាតច្បាប់ ហើយយើងចេញមក គឺមិនអាចត្រឡប់ទៅវិញបានទេ» ។ សូមបញ្ជាក់ ឯកឧត្តម ហេង សួរ ដែលកំពុងស្ថិតនៅក្រៅប្រទេស បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៣១ សីហា ម្សិលមិញថា មានពលរដ្ឋខ្មែរប្រមាណ៥០០នាក់ បានត្រឡប់មកស្រុក តាមការឃោសនាអកុសលរបស់លោក ខឹម វាសនា ក្នុងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ។ ក្នុងនោះ ឯកឧត្តមបានប្រាប់លម្អិតថា នៅកូរ៉េខាងត្បូងមានពលរដ្ឋខ្មែរចំនួនជាង៤០០នាក់ និងនៅជប៉ុនមានពលរដ្ឋខ្មែរប្រហែល១០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតរៀននៅតំបន់កាន់សៃនៃប្រទេសជប៉ុន១នាក់ផងដែរ បានឈប់ត្រឡប់មកស្រុកវិញ ដោយសារការជឿពាក្យឃោសនាអកុសលរបស់លោក ខឹម វាសនា ឯកឧត្តមលើកឡើងថា អ្នកខ្លះត្រឡប់មកវិញ ដោយយកហេតុផលថា ឪពុកម្តាយឈឺធ្ងន់ ដើម្បីថៅកែអនុញ្ញាតច្បាប់ ។ អ្នកខ្លះទៀត គឺសុំថៅកែ ប៉ុន្តែថៅកែមិនឲ្យក៏ឈប់ទាំងអត់ច្បាប់ក៏បោះបង់ចោលការងារហើយត្រឡប់មកខ្មែរវិញ តាមការឃោសនាអកុសលបែបអបិយជំនឿមិនសមហេតុផលរបស់ លោក ខឹម វាសនា តែម្តង ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់បន្ថែមថា នៅក្រៅប្រទេសចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២មកមិនមានចលនាបោះបង់ចោលការងារត្រឡប់មកខ្មែរទៀតទេ ។ ឯកឧត្តមបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានជួបជាមួយតំណាង អង្គភាពអភិវឌ្ឍធនធានមនុស្សកូរ៉េ (HTD Korea) ដើម្បីសុំទោសរដ្ឋាភិបាលកូរ៉េ ជាពិសេស និយោជកកូរ៉េ ដែលរងផលប៉ះពាល់ដោយការចលាចលនេះ ។ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធក៏បានចុះជួបបងប្អូនពលករ និងនិយោជកកូរ៉េ និងជប៉ុន ដែលរងផលប៉ះពាល់ផងដែរ ។ ឯកឧត្តមបញ្ជាក់ថា ៖«ទន្ទឹមនឹងនេះយើងក៏បានសំណូមពរដល់និយោជកកូរ៉េ និងជប៉ុនមេត្តាយោគយល់ជាអតិបរមាដល់បងប្អូនពលករ និងសិក្ខាកាមយើងកុំប្តឹងបងប្អូនយើង ព្រមទាំងពិចារណាទទួលយកបងប្អូនពលករ និងសិក្ខាកាមយើងវិញតាមលទ្ធភាពជាក់ស្តែង» ។

កាលពីថ្ងៃទី ៣១ ខែសីហា ម្សិលមិញនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាឱកាស បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ក៏បានលើកឡើងផងដែរថា រឿង លោក ខឹម វាសនា ដែលបានតាំងខ្លួនជា ព្រហ្មបានចុះមក ដើម្បីជួយរំដោះមនុស្សលោក នៅក្នុងតំបន់ភ្នំគូលេន រហូតមានពលករខ្មែរនៅក្រៅប្រទេស ក៏បានរត់ចោលការងារ មកស្រុកខ្មែរវិញ ដែលនាំឱ្យប៉ះពាល់សង្វាក់ផលិតកម្មនៅរោងចក្រ សហគ្រាស នៅប្រទេសថៃ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ជាដើម។ សម្តេចតេជោ បានមានប្រសាសន៍ថា «រឿងពលករបាត់បង់ការងារធ្វើ ជារឿងកង្វល់មួយហើយ ដែលយើងសោកស្តាយជាមួយពួកគាត់ ប៉ុន្តែខ្ញុំនៅមានកង្វល់មួយទៀត គឺកង្វល់នៃពាក្យបណ្តឹងនៃបណ្តាក្រុមហ៊ុនដែលពលករបានធ្វើឲ្យខូចខាត រត់ចោលការងារពេលដែលគេកំពុងតែដំណើរការ»។

សម្តេចបន្ថែមថា ដែលខ្ញុំសុំយកឱកាសនេះសុំអង្វករដ្ឋាភិបាលដែលទទួលពលករកម្ពុជា បើនិយាយឲ្យត្រូវបោះបង់ចោលការងារដោយខ្វះការទទួលខុសត្រូវ និងខុសកិច្ចសន្យាការងារ សុំមេត្តាកុំប្តឹង ទាំងប្តឹងចំពោះរដ្ឋាភិបាល និងរដ្ឋាភិបាល ទាំងចំពោះពលករដែលបានចាកចេញនោះ ដែលវានាំជម្លោះផ្លូវច្បាប់ កម្ពុជាទទួលកំហុសនេះ។

សូមជម្រាបថា លោក ខឹម វាសនាបានរៀបចំការប្រមូលផ្ដុំមនុស្សរាប់ម៉ឺននាក់ នៅជើងភ្នំគូលែនក្នុងដីចម្ការម្រេចខ្លួនដែលមានទំហំ១២ហិកតាស្ថិតស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម ។ អាជ្ញាធរខេត្តសៀមរាបបញ្ជាឱ្យរំសាយការជួបជុំ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)នៅក្នុងខេត្តសៀមរាប បានការពារខ្លួនថា ការជួបជុំនេះមិនខុសច្បាប់ឡើយ ។ ប្រជាពលរដ្ឋរាប់ពាន់នាក់បានទៅស្នាក់នៅ បោះតង់នៅដីចម្ការម្រេចរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺ លោក ខឹម វាសនា នៅក្បែរជើងភ្នំគូលែន ដោយសារភ័យខ្លាចរឿងទឹកជំនន់លិចពិភពលោក តាមការថ្លែងរបស់លោក ។ការសម្រុកទៅខេត្តសៀមរាបនេះក៏នាំឱ្យមានការរិះគន់ផងដែរថា ហេតុអ្វីបានជាប្រជាពលរដ្ឋជឿលើពាក្យសម្តីរបស់លោក ខឹម វាសនា។

ចាប់តាំងពីថ្ងៃទី២៦ ខែសីហា ប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់នាក់បាននាំគ្នាជិះឡាន ម៉ូតូយ៉ាងច្រើនកុះករ ដោយបាននាំយកកូនចៅ និងរបស់របរប្រើប្រាស់មួយចំនួនទៅជាមួយ ដូចជាចាន ឆ្នាំង ត្រីងៀន ត្រីឆ្អើរ ជាដើម ដើម្បីភៀសខ្លួន និងមកស្នាក់នៅរួមគ្នាក្នុងចម្ការម្រេចមួយកន្លែងរបស់ លោក ខឹម វាសនា ដែលស្ថិតនៅខាងជើងភ្នំគូលែន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ គិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ អាជ្ញាធរមានសមត្ថកិច្ចនៅតែឈរជើងនីជិតដីចំការលោក ខឹម វាសនា ដើម្បីបន្តជូនដំណើរបងប្អូនដែលសម្រេចចាកចេញពីដីចំការលោកខឹម វាសនា ។ ខណៈអាជ្ញាធរអំពាវនាវជាបន្តបន្ទាប់ឱ្យអ្នកដែលបានទៅចំការលោក ខឹម វាសនា ចាកចេញទៅស្រុកកំណើតវិញនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រចាំខេត្តសៀមរាបបានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី៣០ ខែសីហា ការពារខ្លួនថា «ការជួបជុំនេះគឺមិនខុសច្បាប់នោះទេ ហើយគណបក្សបានធ្វើលិខិតជូនដំណឹងទៅអាជ្ញាធរឃុំរួចហើយ»៕

website_news/2022020908.txt · Last modified: 2022/09/02 11:42 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki