website_news:2022021102

កម្ពុជាបណ្តេញជនបរទេសជាង ៧០០នាក់ រយៈពេល ២ខែ ភាគច្រើនជនជាតិវៀតណាម

https://www.kampucheathmey.com/security/405858 ថ្ងៃចន្ទ ៣១ តុលា ២០២២ដោយ KC Virak

នៅក្នុងរយៈពេល ២ខែនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្តេញជនបរទេសខុសច្បាប់ចំនួន ៧៥៣នាក់ ឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ យោងតាមអ្នកនាំពាក្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងចំណោមជនបរទេសខុសច្បាប់ចំនួន ៧៥៣នាក់ ក្នុងនោះបានបណ្តេញចេញនៅខែតុលា ឆ្នាំ២០២២នេះចំនួន ២លើក សរុបចំនួន ៤២០នាក់ នៅថ្ងៃទី នៅថ្ងៃទី២០-២២ ខែតុលា បានធ្វើការបណ្តេញចំនួន ២៦៣នាក់ មាន ៤សញ្ជាតិ ក្នុងនោះជនជាតិបង់ក្លាដេស ចំនួន ២នាក់ ជនជាតិថៃ ចំនួន ១៦នាក់ ជនជាតិចិនចំនួន ៧៤នាក់ (តៃវ៉ាន់ ៩នាក់) និងជនជាតិវៀតណាមចំនួន ១៧១នាក់។ ថ្ងៃទី១១-១២ ខែតុលា បានធ្វើការបណ្ដេញចំនួន ១៥៧នាក់ ស្រី២៦នាក់ មាន ២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន ១៥៣នាក់ ស្រី២៦នាក់ និងជនជាតិចិនចំនួន ៤នាក់ ភេទប្រុស។

អ្នកនាំពាក្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តថា ចំណែកនៅខែកញ្ញា ឆ្នាំ២០២២ វិញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ៣៣៣នាក់ ចំនួន៣លើក ក្នុងនោះនៅថ្ងៃទី៣០ ខែកញ្ញា បានធ្វើការបណ្ដេញចំនួន ៣៧នាក់ ស្រី ៦នាក់ មាន ៣សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ី ចំនួន ១៣នាក់ ជនជាតិតង់ហ្សានី ចំនួន ១នាក់ និងជនជាតិវៀតណាម ចំនួន ២៣នាក់។ នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការបណ្ដេញ ចំនួន ៦៦នាក់ ស្រី ២៥នាក់ មាន ៣សញ្ជាតិ ក្នុងនោះជនជាតិថៃចំនួន ៦៤នាក់ ស្រី ២៥នាក់ ជនជាតិឥណ្ឌាចំនួន ១នាក់ ភេទប្រុស និងជនជាតិនីហ្សេរីយ៉ា ចំនួន ១នាក់ ភេទប្រុស និងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការបណ្ដេញ ជនបរទេសចំនួន ២៣០នាក់ ស្រី ៥០នាក់ មាន ២សញ្ជាតិ៖ ជនជាតិវៀតណាមចំនួន ២២៨នាក់ និងជនជាតិចិនចំនួន ២នាក់។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តទៀតថា ការបណ្តេញចេញជនបរទេសពីកម្ពុជានេះ អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍តាមបីច្រកសំខាន់ៗរួមមាន តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

គួរបញ្ជាក់ថា ជនបរទេសដែលបណ្តេញចេញខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនឹងច្បាប់ ស្ដីពី អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ឆ្នាំ៕ អត្ថបទ៖ សំអឿន

website_news/2022021102.txt · Last modified: 2022/11/02 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki