website_news:2022021104

កាតា៖ មួយឆ្នាំចុងក្រោយ ពាក្យបណ្តឹងរបស់ពលករបរទេសកើនឡើងទ្វេដង ទាក់ទិននឹងបញ្ហាមិនគោរពច្បាប់ការងារ

https://www.rfi.fr/km//20221101-?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 01/11/2022 - 12:20

បាំងតែ១៩ថ្ងៃទៀត គឺកម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោក នឹងចាប់ផ្តើមនៅប្រទេសកាតា។ ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ របស់ប្រទេសកាតានេះ បានបង្កឲ្យមានការរិះគន់ជាច្រើន ខណៈកន្លងមកមានដំណឹងចោទប្រកាន់ ថាអាជ្ញាធរប្រទេសនេះ បានរំលោភសិទ្ធិការងារ របស់បុគ្គលិក-ពលករបរទេស ដែលទៅធ្វើការភាគច្រើននៅតាមការដ្ឋានសំណង់។ យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារ ទី១វិច្ឆិកា អង្គការពលកម្មអន្តរជាតិ ទើបតែបានចេញរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា ចំនួនពាក្យបណ្តឹងរបស់ពលករបរទេស ដែលធ្វើការនៅកាតា បានកើនឡើងទ្វេដង ក្នុងមួយឆ្នាំកន្លងមកនេះ៕

គិតពីខែតុលាឆ្នាំ២០២១ ដល់ខែតុលាឆ្នាំ២០២២ ចំនួនពាក្យបណ្តឹងរបស់បុគ្គលិក-ពលករបរទេស ដែលធ្វើការនៅប្រទេសកាតា បានកើនឡើងដល់ ៣៤៤២៥ករណី។ របាយការណ៍របស់ អង្គការពលកម្មអន្តរជាតិ បានលើកឡើងថា ចំនួនពាក្យបណ្តឹងកើនឡើងទ្វេដងនេះ គឺបន្ទាប់ពីអាជ្ញាធរកាតា បានរៀបចំបង្កើតកាលពីឆ្នាំទៅមិញ នូវគេហទំព័រមួយ ដើម្បីឲ្យនិយោជិតអាចដាក់ពាក្យបណ្តឹងតាមអ៊ីនធ័រនិត។ យោងតាមរបាយការណ៍ ភាគច្រើនលើសលុបនៃពាក្យបណ្តឹង គឺពាក់ព័ន្ធនឹងការទាមទារបើកប្រាក់ខែ។ ក្រៅពីនោះ មានករណីទាមទារប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ការទាមទារថ្លៃសំណងជាប្រាក់ ទាក់ទិននឹងថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាដើម។ ៦៦,៥%នៃពាក្យបណ្តឹង ត្រូវបានដោះស្រាយគ្នាដោយមិនឆ្លងកាត់តុលាការ។ ចំណែក ៣០,៧% ត្រូវបានដោះស្រាយនៅតុលាការ ដែលក្នុងនោះ ៨៤% គឺត្រូវបានតុលាការផ្តល់យុត្តិធម៌ទៅឲ្យនិយោជិត។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ យ៉ាងហោចណាស់ ប្រាក់ចំនួន ១៦០លានអឺរ៉ូ ត្រូវបានចំណាយជាសំណងជំងឺចិត្ត ទៅឲ្យបុគ្គលិក ពលករបរទេស ចំនួន៣៧០០០នាក់។ ទំហំនេះ បានកើនឡើង ដល់ ៣២០លានអឺរ៉ូ នៅដំណាច់ខែកញ្ញា។ អង្គការពលកម្មអន្តរជាតិគូសបញ្ជាក់ថា នេះសបង្ហាញអំពីទំហំដ៏ធំ នៃបញ្ហាមិនគោរពច្បាប់ការងារ ដែលបានកើតមាននៅក្នុងប្រទេសកាតា។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការសិទ្ធិមនុស្ស ព្រមទាំងសហជីពអន្តរជាតិជាច្រើន បានចេញរបាយការណ៍ ស្តីបន្ទោសប្រទេសកាតា ថារំលោភបំពានសិទ្ធិរបស់ពលករបរទេស ដែលភាគច្រើនមកពីអាស៊ី និងអាហ្វ្រិក។ ពលករចំណាកស្រុកទាំងនោះ ភាគច្រើន ធ្វើការនៅតាមការដ្ឋានសំណង់ ឬជាបុគ្គលិកអនាម័យ បោសជូតនៅតាមសណ្ឋាគារ និងនៅតាមផ្ទះជាដើម។

ប្រឈមនឹងការរិះគន់ ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ស្រុកទេស ខណៈកាតាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក រដ្ឋាភិបាលប្រទេសនេះ បានព្យាយាមធ្វើកំណែទម្រង់ ដើម្បីពង្រឹងច្បាប់ការងារ។ ខែមីនាឆ្នាំ២០២១ កាតាមានច្បាប់កំណត់ប្រាក់ខែអប្បរមា ដោយបានអនុវត្តទៅលើបុគ្គលិកវិស័យឯកជនចំនួន១៣%ហើយ។ នៅខែសីហា ឆ្នាំ២០២២ សហគ្រាសចំនួន ៦៧១២៨ បានចុះឈ្មោះក្នុងប្រព័ន្ធការពារប្រាក់ខែបុគ្គលិក។ ការសង្គ្រោះព្យាបាលពលករ ដែលមានបញ្ហាសុខភាពដោយសារតែសីតុណ្ហភាពក្តៅខ្លាំង ក៏កាន់តែល្អប្រសើរដែរ។ តែយ៉ាងណា អង្គការសិទ្ធិមនុស្ស បានអះអាងថា អាជ្ញាធរកាតា នៅតែគ្មានចំណាត់ការគ្រប់គ្រាន់ ទាក់ទិននឹង គ្រោះថ្នាក់ស្លាប់ពលករបរទេស នៅតាមការដ្ឋានសំណង់។ តាមការប៉ាន់ស្មាន របស់អង្គការពលកម្មអន្តរជាតិ ក្នុងឆ្នាំ២០២២ គឺមានពលករស្លាប់យ៉ាងហោច៥០នាក់៕

website_news/2022021104.txt · Last modified: 2022/11/02 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki