website_news:2022030103

ក្នុងឆ្នាំ ២០២១ មានពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់ ត្រូវបានភាគីថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ

https://gntimes.com/ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍ចុងឆ្នាំ ២០២១ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យ ចំនួនពលករកម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃមាន ៨០.៦៩២នាក់ ស្រី ៣១.៩៤៧នាក់ កុមារ ៨.៧៨៨នាក់ ។ របាយការណ៍ខាងលើនេះ បានបង្ហាញនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យសមាសភាព គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ ដែលដឹកនាំដោយ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ។

លោក អ៊ុ រាត្រី ក៏បានជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ពិសេសកម្លាំងសមត្ថកិច្ច ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាទប់ស្កាត់មិនឱ្យកើតមានសកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន ដោយការអូសទាញពីសំណាក់មេខ្យល់ ពិសេសអំពើជួញដូរមនុស្ស (ស្ត្រី និងកុមារ) ។ លោកបានបញ្ជាក់ថា៖ បច្ចុប្បន្ន មានបងប្អូនពលរដ្ឋពីគ្រប់បណ្តាខេត្ត ក៏ដូចជាក្នុងខេត្ត បានលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តែត្រូវសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងធ្វើការអប់រំណែនាំជាបន្តបន្ទាប់ ។

ចំណែក មេខ្យល់ដែលបានអូសទាញពលរដ្ឋលួចឆ្លងដែន ក៏ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ជាបន្តបន្ទាប់ផងដែរ ។ ដោយឡែក ក្រោយពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ទូទាំងពិភពលោក ប្រទេសថៃបានបញ្ជូនបងប្អូនពលករកម្ពុជា មកប្រទេសកម្ពុជាវិញរាប់ម៉ឺននាក់ ផងដែរ។ ជាមួយគ្នានោះលោក អ៊ុ រាត្រី ក៏បានថ្លែងនូវការអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការជួយសម្រួលដឹកជញ្ជូនបងប្អូនពលករកម្ពុជាដែលថៃបញ្ជូនមកវិញ នាពេលកន្លងមក៕ ដោយ ៖ ចន្ទ្រា

website_news/2022030103.txt · Last modified: 2022/01/03 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki