website_news:2022030205

ពលករMOUខ្មែរ ជាង ២០០ នាក់ បញ្ជូនទៅធ្វើការនៅថៃ តេស្តអវិជ្ជមានកូវីដទាំងអស់

https://www.kampucheathmey.com/ ថ្ងៃពុធ ២ កុម្ភៈ ២០២២ដោយ Sorn Phanith

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី ០២ កុម្ភៈនេះថា ពលករMOUចំនួន ២២០នាក់ បញ្ជូនទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ មានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃទៀតមុនចេញទៅធ្វើការនៅតាមរោងចក្រ។

លោកបានបន្តថាពលករទាំងនោះ បានបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ ហើយមានការទៅទទួលស្វាគមន៍ដោយផ្ទាល់ពីមន្ត្រីក្រសួងការបរទេសថៃ ក្រសួងការងារថៃអភិបាលខេត្តស្រះកែវ។ ចំណែកភាគីកម្ពុជាមានតំណាងក្រសួងការងារ និងលោកអភិបាលខេត្តបន្ទាយមានជ័យដែលធ្វើឱ្យការបញ្ជូនប្រព្រឹត្តិទៅដោយរលូនព្រោះថា នេះជាលើកទី ១ ហើយបន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ១៩។ លោកបានបន្តទៀតថា ពលករចំនួន ២២០ នាក់ពេលទៅដល់ទឹកដីថៃបានធ្វើតេស្តលើកទី១រួចហើយ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ហើយកំពុងធ្វើចត្តាឡីស័ក ៧ ថ្ងៃ នៅបន្ទប់ដ៏ស្អាតដោយមានការផ្គត់ផ្គង់អាហារ ៣ ពេលដោយឥតគិតថ្លៃ ហើយនៅថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀតបើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។

លោកបានបន្ថែមថា ការទទួលបានលទ្ធផលតេស្តអវិជ្ជមាននេះ បានធ្វើឱ្យភាគីថៃមានទំនុកចិត្តខ្ពស់មកលើពលករខ្មែរយើង ព្រោះពួកគេបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី ៣ និងដូសទី ៤ ហើយវ៉ាក់សាំង ដែលចាក់សុទ្ធតែវ៉ាក់សាំងមានគុណភាពដូចជាអាស្ត្រាហ្សេនេកា វ៉ាក់សាំងម៉ូដេណានិងវ៉ាក់សាំងហ្វាយហ្សឺរ ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩ រយៈពេល ៧២ ម៉ោងតាមម៉ាស៊ីនPCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករ ត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ ថ្ងៃ និងថ្ងៃទី ៧ ត្រូវធ្វើតេស្តម្តងទៀតហើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ លោកបានឱ្យដឹងទៀតថា ក្នុងករណីមានវិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើរព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។ លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ពលករចំនួន២២០នាក់ ទៅធ្វើការនៅប្រទេសថៃ គឺធ្វើការនៅរោងចក្រសាច់មាន់ PANU SPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី៥០០ទៅ៧០០ដុល្លារក្នុង១ខែ៕ អត្ថបទ៖ សំអឿន

website_news/2022030205.txt · Last modified: 2022/02/03 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki