website_news:2022030303

អង្គការសិទ្ធិមនុស្សថា កម្ពុជានៅតែមានពលកម្មកុមារកម្រិតខ្ពស់

https://www.rfa.org/ ដោយ មួង ណារ៉េត2022-02-27

អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សពិនិត្យឃើញថា កម្ពុជានៅតែមានពលកម្មកុមារកម្រិតខ្ពស់នៅឡើយ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ពលកម្មកុមារត្រូវបានកាត់បន្ថយច្រើនមកហើយ និងថារដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហានេះថែមទៀត។ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ខ្ពស់លើរឿងពលកម្មកុមារ ដោយសារបញ្ហានេះ នៅតែកើតមានច្រើន និងកំពុងគំរាមកំហែងដល់អនាគតកុមារកម្ពុជាជាច្រើនរូប។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា រដ្ឋាភិបាលតាមរយៈក្រសួងការងារ បានចុះអប់រំផ្សព្វផ្សាយអំពីពលកម្មកុមារ ក៏ប៉ុន្តែចំណាត់ការនេះមិនទាន់អាចដោះស្រាយបញ្ហាពលកម្មកុមារ ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ លោកបន្តថា ការប្រើប្រាស់ពលកម្មកុមារនៅតែបន្តកើតមានតាមសិប្បកម្មឡឥដ្ឋ រោងចក្រសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងការងារតាមផ្ទះ។ លោកយល់ថា ក្រសួងការងារគួរតែចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដែលត្រូវដោះស្រាយសម្រាប់ឆ្នាំ២០២២ និងសម្រាប់ពេលអនាគត៖ «ពលកម្មលើកុមារនេះ ក៏វាជារឿងមួយដែលធ្ងន់ធ្ងរដែរ ហើយកន្លងមក យើងក៏ឃើញមានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត មានការចាប់អារម្មណ៍ដែរ។ ហើយក្នុងហ្នឹងរឿង GSP (ការអនុគ្រោះពន្ធទូទៅ) និងរឿងផ្សេងៗទៀត ក៏គេភ្ជាប់ជាមួយនឹងទម្រង់នៃពលកម្មអាក្រក់របស់កុមារហ្នឹងផងដែរ។ ខ្ញុំមើលទៅ វានៅតែជាអាទិភាពរបស់ក្រសួងការងារក្នុងការដាក់ទិសដៅក្នុងការទប់ស្កាត់ទម្រង់ពលកម្មអាក្រក់លើកុមារបន្តទៀត»។

ការលើកឡើងរបស់តំណាងអង្គការសិទ្ធិមនុស្សនេះ កើតមានឡើងក្រោយពីក្រសួងការងារបានបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។ ក្រសួងការងារឱ្យដឹងតាមសេចក្ដីជូនដំណឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅ ក្រសួងបានចុះផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំ ហើយបានដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ៣៥០ នាក់។ ក្រសួងបានដាក់ទិសដៅការងារចំនួន ១៤ ចំណុចដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២២ ក៏ប៉ុន្តែមិនមានចំណុចណាមួយនិយាយអំពីការទប់ស្កាត់ពលកម្មកុមារឡើយ។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ដើម្បីបកស្រាយរឿងនេះបានទេ ប៉ុន្តែតំណាងស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអះអាងថា ពលកម្មកុមារនៅកម្ពុជាមិនមានកម្រិតធ្ងន់ធ្ងរដូចពីមុននោះទេ។

សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន ថ្លែងថា យោងតាមរបាយការណ៍ចុងក្រោយឆ្នាំ២០២២ របស់ក្រសួងការងារ ករណីពលកម្មកុមារមានការកាត់បន្ថយច្រើន។ ជាពិសេស លោកអះអាងថា ពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋលែងមានតទៅទៀតហើយ ហើយពលកម្មកុមារដែលនៅមានខ្លះៗនោះ គឺការងារតាមផ្ទះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ពលកម្មកុមារ និងស្វាគមន៍កិច្ចសហការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលផងដែរ៖ «របាយការណ៍ទូទាំងប្រទេសចំពោះសិប្បកម្មឡឥដ្ឋ យើងលែងមានបញ្ហាពលកម្មកុមារទៀតហើយ ប៉ុន្តែនៅមានភាពមិនប្រក្រតីមួយចំនួន ដូចជា បញ្ហាពលកម្មកុមារនៅតាមផ្ទះ ដែលជាបញ្ហាមួយ ដែលយើងត្រូវមានកិច្ចសហប្រតិបត្តិការគ្នាទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ជាពិសេសអង្គការសង្គមស៊ីវិល ពីព្រោះបញ្ហាកុមារនេះ ជាបញ្ហាសិទ្ធិមនុស្ស ជាបញ្ហាសំខាន់ដែលយើងទាំងអស់គ្នាត្រូវតែលុបបំបាត់»។ ផ្ទុយពីការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលនេះ របាយការណ៍នានាសុទ្ធតែបង្ហាញថា ពលកម្មកុមារនៅតែជាបញ្ហាធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា ស្របពេលព័ត៌មានស្ដីពីគ្រោះថ្នាក់ការងារកើតលើកុមារបានលេចចេញជាហូរហែ។

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានស្រាវជ្រាវនៅតាមសិប្បកម្មឡឥដ្ឋប្រមាណ ៣០កន្លែងនៅខេត្តជុំវិញរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ ដោយរកឃើញថា កុមារអាយុក្រោម ១៨ឆ្នាំ ជាង ៦រយនាក់ (៦០០) ធ្វើការជាមួយឪពុកម្ដាយក្នុងសិប្បកម្មឡឥដ្ឋ ហើយករណីបែបនេះនៅតែបន្តកើតមានដដែលមកដល់ពេលបច្ចុប្បន្ន។

ស្របគ្នានេះដែរ របាយការណ៍ស្ដីពីពលកម្មកុមារ និងពលកម្មដោយបង្ខំ ចេញផ្សាយដោយក្រសួងការងារសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា កម្ពុជាមានការវិវត្តន៍តិចតួចស្ដួចស្ដើងបំផុតក្នុងការដោះស្រាយបញ្ហាពលកម្មកុមារ។ ក្រសួងការងារសហរដ្ឋអាមេរិកគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាខកខានមិនបានចាត់វិធានការឱ្យសកម្ម ដើម្បីស៊ើបអង្កេត ចោទប្រកាន់ និងផ្ដន្ទាទោសលើមន្ត្រីសាធារណៈទាំងឡាយណា ដែលចូលរួម ឬជួយសម្រួលដល់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ រួមទាំង ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងពលកម្មដោយបង្ខំដើម្បីដោះបំណុលនៅសិប្បកម្មឡឥដ្ឋនោះឡើយ។ បន្ថែមពីលើនេះ ចៅក្រមមួយចំនួនត្រូវបានគេរាយការណ៍ថា ទទួលសំណូកជាថ្នូរនឹងការមិនចោទប្រកាន់ ការទម្លាក់ចោលបទចោទប្រកាន់ និងការបន្ធូរបន្ថយទោសចំពោះបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋទាំងនេះ។ ជាមួយគ្នានេះ ធនធានមិនគ្រប់គ្រាន់បានធ្វើឱ្យរាំងស្ទះដល់សមត្ថភាពការងាររបស់អាជ្ញាធរ ជាពិសេសនៅតាមទីជនបទ ដែលជាកន្លែងសម្បូរដោយពលករជាកុមារ។ ក្រៅពីនេះ កង្វះការអប់រំជាមូលដ្ឋាន និងការមិនកំណត់លក្ខខណ្ឌតម្រូវក្នុងការអប់រំ ក៏បង្កើនភាពងាយរងគ្រោះសម្រាប់កុមារក្នុងការធ្លាក់ចូលអន្លង់នៃពលកម្មកុមារធ្ងន់ធ្ងរផងដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ពលកម្មកុមារនៅតែកើតមានច្រើននៅឡើយ មិនដូចការអះអាងរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។ លោកទទួលស្គាល់កិច្ចខិតខំរបស់ស្ថាប័នពាក់ព័ន្ធក្នុងការទប់ស្កាត់បញ្ហានេះ ប៉ុន្តែលោកថា ស្ថាប័នទាំងនោះក៏គួរទទួលយក និងហ៊ានធ្វើរបាយការណ៍ផ្អែកលើការពិតផងដែរ ទើបករណីពលកម្មកុមារអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព៖ «បញ្ហាពលកម្មកុមារនេះ អត់ទាន់បានបញ្ចប់នៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ អ៊ីចឹងគប្បីមានការដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្របន្តទៀត។ ហើយ(រដ្ឋាភិបាល)គួរតែមានយន្តការ ឬវិធីសាស្ត្របែបណា ដើម្បីទប់ស្កាត់ ហើយនិងជួយឱ្យកុមារដែលទទួលរងការប្រើប្រាស់អំពើពលកម្មកុមារហ្នឹង ឱ្យពួកគេទទួលបានឱកាសទាំងការសិក្សា ទាំងជីវភាពរស់នៅរបស់ក្រុមគ្រួសារគេហ្នឹង គឺឱ្យមានភាពល្អប្រសើរ»។

បើតាមក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ពលកម្មកុមារនៅកម្ពុជាផ្ដើមចេញពីកត្តាមួយចំនួន មានជាអាទិ៍ ភាពក្រីក្រ បំណុល ភាពអត់ការងារធ្វើ និងការបាត់បង់ដីធ្លី។ ពួកគេស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យបង្កើតការងារកាន់តែច្រើនសម្រាប់ពលរដ្ឋ ដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រឱ្យមានប្រសិទ្ធភាព និងដោះស្រាយវិវាទដីធ្លីរបស់ពលរដ្ឋឱ្យបានត្រឹមត្រូវជាដើម។

ជាមួយគ្នានេះ ក្រសួងការងារសហរដ្ឋអាមេរិកបានផ្ដល់អនុសាសន៍ជាច្រើនចំណុចដល់រដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាពលកម្មកុមារ។ អនុសាសន៍ទាំងនោះ មានជាអាទិ៍ ធានាឱ្យបាននូវក្របខណ្ឌច្បាប់សម្រាប់គាំពារកុមារ ពង្រឹងការអនុវត្តច្បាប់ និងមុខងាររបស់មន្ត្រីជំនាញ ការពារជនរងគ្រោះពីការបំភិតបំភ័យ ផ្សព្វផ្សាយសកម្មភាព គោលនយោបាយ និងក្របខ័ណ្ឌច្បាប់នានាពាក់ព័ន្ធនឹងកិច្ចគាំពារកុមារ បង្កើតកម្មវិធីសង្គមនានាដើម្បីធានាថា កុមារទទួលបានសេវាព្យាបាល ថែទាំ និងអប់រំត្រឹមត្រូវ ព្រមទាំងពង្រីកសំណាញ់សុវត្ថិភាពគាំពារសង្គមនៅតំបន់ជនបទ ជាដើម។

ក្រុមអង្គការសិទ្ធិមនុស្សសង្កត់ធ្ងន់ថា ពលកម្មកុមារបង្កផលប៉ះពាល់ជាច្រើនដល់អនាគតរបស់ពួកគេ ដូចជា ធ្វើឱ្យកុមារបាត់បង់ឱកាសក្នុងការសិក្សា ប៉ះពាល់ការលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី ហើយបើធ្ងន់ធ្ងរខ្លាំងអាចបណ្ដាលឱ្យកុមារធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិតផងក៏មាន ហេតុនេះ ការទប់ស្កាត់ពលកម្មកុមារប្រៀបបាននឹងការជួយដល់ពួកគេឱ្យទទួលបានការលូតលាស់ ឱកាស និងអនាគតភ្លឺស្វាងយ៉ាងដូច្នេះដែរ៕

website_news/2022030303.txt · Last modified: 2022/03/03 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki