website_news:2022030501

រាជរដ្ឋាភិបាល ស្វែងរក និងផ្តល់ឱកាសការងារដល់ពលករ ធ្វើការនៅក្រៅប្រទេសជាង ១លាននាក់

https://dap-news.com/ ByDR103Posted on May 1, 2022

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ខិតខំស្វែងរក និងផ្តល់ឱកាសការងារដល់ពលករធ្វើការងារ នៅក្រៅប្រទេសសរុប ចំនួន១,៣០១,៦០៩នាក់។ តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា ក្រោមប្រធានបទ «សន្ដិភាព សុខភាព និងសន្ដិសុខការងារ» សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាល ក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករ ទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារ ដល់ពលករធ្វើការងារ នៅក្រៅប្រទេសសរុបចំនួន១,៣០១,៦០៩នាក់។ ប្រទេសថៃមានចំនួន១,២២០,១៩៧នាក់, កូរ៉េ៤៥,៨៦៦នាក់, ម៉ាឡេស៊ី ២៣,០២៧នាក់, ជប៉ុន ១១,៤៥៣នាក់, សិង្ហបុរី៨២១នាក់, ហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៤៣នាក់»។

សម្ដេចតេជោ បានបន្ដថា បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលពលករបានផ្ញើជូនក្រុមគ្រួសារ ក្នុង១ឆ្នាំៗជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ កាន់តែប្រសើរឡើងផងដែរ។ ក្នុងសារលិខិតដដែល សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្រៅពីការខិតខំការពារសិទ្ធិ-ផលប្រយោជន៍ ពង្រឹងសន្តិសុខការងារ សុខភាព ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការគាំពារផ្សេងទៀត ជូនកម្មករនិយោជិតនោះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាប្រមាណជិត ២៨លានដុល្លារ ផ្ដល់ជូនស្ត្រីសម្រាលកូន ដែលមានចំនួនប្រមាណជាង២៨ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨-២០២១ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ សម្ដេចតេជោ បញ្ជាក់ថា «បើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ស្រ្តីសម្រាលកូនមានចំនួន២៨២,០៧៣នាក់ ដោយចំណាយថវិកាសរុបចំនួន១១៣.៦ប៊ីលានរៀល (ប្រមាណ២៧.៧លានដុល្លារអាមេរិក)»៕

website_news/2022030501.txt · Last modified: 2022/05/03 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki