website_news:2022030503

ទាហានឈុតខ្មៅថៃ និងទាហានខ្មែរ ជួបពិភាក្សាគ្នា ប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែន ពិសេសមនុស្សឆ្លងដែនទៅមក

http://freshnewsasia.com/ 2022-04-29 12:01pm

(បន្ទាយមានជ័យ)៖ ទាហានឈុតខ្មៅថៃ ១ក្រុម និងទាហានខ្មែរ ១ក្រុម បានជួបពិភាក្សាគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសមនុស្សឆ្លងដែនទៅមក រកការងារធ្វើ។ ជំនួបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចមាត់អូរព្រំដែនដីថៃ ស្ថិតក្នុងភូមិគុតហ៉ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណែកភាគីខ្មែរទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមលទ្ធផលជំនួប កិច្ចពិភាក្សាគ្នានោះ ផ្តោតទៅលើការទប់ស្កាត់ការលួចឆ្លងដែនតាមច្រករបៀងរបស់ពលករខ្មែរ និងប្រជាជនថៃ ឆ្លងដែនមកធ្វើការនៅក្រុងប៉ោយប៉ែត ព្រោះប្រទេសថៃ នៅតែធ្វើការទប់ស្កាត់កូវីដ១៩ នៅឡើយ ខណៈរោងចក្រថៃត្រូវបិទ ហើយរហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះទេ ព្រោះកូវីដ១៩ មិនទាន់បានធូរស្បើយ។ ប្រជាជនថៃ នៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាជានិច្ច ពោលគឺអ្វីៗមិនទាន់ដំណើរការ នៅឡើយទេ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃ ងាយនឹងចាញ់បោកមេខ្យល់។ លទ្ធផលជំនួប បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ សមត្ថកិច្ចថៃធ្វើការទប់ស្កាត់ពលករខ្មែរ ដែលលបលួចចូលឆ្លងដែនទៅធ្វើការក្នុងប្រទេថៃខុសច្បាប់ខ្លាំងសំបើមណាស់ ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់គ្រួសារ ក្រោយពីចេញពីប្រទេសថៃមកលេងបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះរួចរាល់ហើយ បានបុកសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ ១ថ្ងៃៗខ្ទង់រាប់រយនាក់តាមរយៈមេខ្យល់ឆ្លង ដែនខុសច្បាប់ ភាគច្រើនមិនជោគជ័យតាមបំណងទេត្រូវ ប្រឈមនឹងគេចាប់បញ្ជូន ត្រឡប់មកវិញ ក៏នៅតែប្រថុយ អស់ទាំងប្រាក់ ខាតទាំងពេលវេលា ខណៈអ្នកខ្លះត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្ត ថែមទៀតផង៕

website_news/2022030503.txt · Last modified: 2022/05/03 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki