website_news:2022030504

សាលារៀនមួយចំនួនចេញវិធានការការពារក្មេងស្រីពីការរំលោភបំពានផ្លូវភេទ

https://www.khmertimeskh.com/ យឹម ស្រីលីន April 29, 2022

សាលារដ្ឋមួយចំនួនបានប្រាប់សិស្សរបស់ពួកគេកុំឱ្យទៅសាលារៀនលឿនពេក ឬចេញយឺតពេលពេកដើម្បីការពារក្មេងស្រីពីការរំលោភបំពានផ្លូវភេទ។ វិទ្យាល័យរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានព្រមានសិស្សស្រីកុំឱ្យធ្វើដំណើរទៅសាលារៀននៅពេលព្រឹកព្រលឹម ឬចាកចេញពីសាលាពេលល្ងាចពេក ដើម្បីចៀសវាងការក្លាយជាជនរងគ្រោះពីការកេងប្រវញ្ចផ្លូវភេទ។ ការស៊ើបអង្កេតរបស់អ្នកយកព័ត៌មានខ្មែរថាមស៍ នៅវិទ្យាល័យមួយចំនួនក្នុងរាជធានីបង្ហាញថា សិស្សា នុសិស្ស គ្រូបង្រៀន និងនាយកសាលាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរំលោភ ជាពិសេសកន្លែងដែលមានសន្តិសុខធូររលុង។

សិស្សស្រីម្នាក់ឈ្មោះ ឡេង ភានូ អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី១០ បាននិយាយថា សេចក្តីប្រកាសរបស់សាលាដែលថាសិស្សត្រូវប្រុងប្រយ័ត្ន និងការពារខ្លួននៅក្នុងសាលាជៀសវាងហេតុការណ៍អាក្រក់ផ្សេងៗកើតឡើង។ សិស្សរូបនោះនិយាយថា៖ « ខ្ញុំត្រូវបានគេណែនាំកុំឲ្យមកសាលាមុនម៉ោង ហើយក៏មិនត្រូវចេញយឺតដែរ។ ការណែនាំនេះត្រូវបានផ្តល់ជូនក្រោយចូលឆ្នាំខ្មែរ»។ នាងបាននិយាយថា៖ « ចាប់តាំងពីពេលនោះមក ខ្ញុំមិនបានស្នាក់នៅក្នុងទីធ្លាសាលា ឬក្នុងថ្នាក់រៀនតែម្នាក់ឯងទេ។ ជារឿយៗខ្ញុំមានអារម្មណ៍ថា ប្រុសៗកំពុងមើលខ្ញុំហើយចង់យាយីខ្ញុំ» ។នាងបាននិយាយថា៖ «ទីធ្លាសាលាគឺធំ ហើយមានគុម្ពោតច្រើន ដែលវាងាយស្រួលសម្រាប់អ្នកដែលចង់ទាញយកប្រយោជន៍ពីមនុស្សស្រី»។

សិស្សស្រីម្នាក់ទៀតឈ្មោះ ចាន់ ដានី អាយុ ១៦ ឆ្នាំ ដែលរៀននៅថ្នាក់ទី ១១ បាននិយាយថា បរិយាកាសសាលាបានផ្លាស់ប្តូរខ្លះបន្ទាប់ពីមានការប្រកាស។ នាងបាននិយាយថា គ្រូជាច្រើនឥឡូវនេះកំពុងទទួលភារកិច្ចយាមសន្តិសុខ ហើយវាល្អដែលគ្រូកំពុងការពារសិស្ស ប៉ុន្តែសិស្សមួយចំនួនជាច្រើននាក់ឥឡូវមានអារម្មណ៍អសន្តិសុខ។ សិស្សដានីបន្តថា៖ « ខ្ញុំយល់ថាគ្រូបង្រៀន និងនាយកសាលាមានការព្រួយបារម្ភចំពោះយើង និងសុវត្ថិភាពរបស់យើង ហើយកំពុងព្យាយាមការពារយើង ប៉ុន្តែការដែលឃើញគ្រូបង្រៀនដើរតួជាអ្នកយាមធ្វើឱ្យមានការចាប់អារម្មណ៍ថាអ្វីៗមិនល្អ» ។ នាងបាននិយាយថា៖ « ខ្ញុំតែងតែមានអារម្មណ៍ថា សាលារៀនគឺជាកន្លែងដែលមានសុវត្ថិភាព ប៉ុន្តែការការពារប្រសើរជាងព្យាបាល»។

កុមារី អោប ទេពី អាយុ ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ បានរៀបរាប់ពីការអំពាវនាវកុំឱ្យចូលរៀនមុនព្រលឹម និងកុំចេញពីរៀនយឺតថាជាដំបូន្មានដ៏ល្អ។ កុមារីរូបនោះនិយាយថា៖ « ខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយសង្គមបានប៉ះពាល់ដល់យើងទាំងអស់គ្នា ព្រោះវាហាក់ដូចជាមនុស្សប្រុសគ្រាន់តែចង់បានរបស់ខ្លះពីមនុស្សស្រី ហើយវាជារឿងធម្មតា»។ នាងបាននិយាយទាំងគ្រវីក្បាល។

កុមារី សេង សូពិសី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ បាននិយាយថា សាលារបស់នាងមិនដែលមានករណីចាប់រំលោភ ឬរំលោភផ្លូវភេទម្តងណាឡើយ។ ទោះជាយ៉ាងនេះក្តី ការព្រមានមិនឱ្យមកឆាប់ ឬចាកចេញយឺត គឺជាមូលហេតុនៃការព្រួយបារម្ភសម្រាប់សិស្សានុសិស្ស។ នាងបានបន្ថែមថា៖ «ក្នុងនាមជាមនុស្សស្រី ខ្ញុំនឹងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅពេលនេះ មិនថាខ្ញុំនៅទីណាក៏ដោយ។ ខ្ញុំនឹងត្រូវនៅការពាររាល់វិនាទី»។

អ្នកស្រី ភោគ ដាវី នាយករងនៃវិទ្យាល័យមួយ បាននិយាយកាលពីថ្ងៃពុធថា អ្នកស្រីបានណែនាំសិស្សទាំងអស់ឱ្យមកសាលារៀនមុនម៉ោងចាប់ផ្តើម ហើយកុំឱ្យយឺតពេល។ អ្នកស្រីថា៖ «សាលារបស់យើងមានបរិវេណដ៏ធំ ហើយយើងមិនចង់ឲ្យមានឧបទ្ទវហេតុអាក្រក់ណាមួយឡើយ ជាពិសេសករណីរំលោភផ្លូវភេទ»។ អ្នកស្រី បានបន្ថែមថា គ្រូបង្រៀនត្រូវបានប្រាប់ ដើម្បីជួយការពារសាលា និងសិស្ស ។ អ្នកស្រីថា៖ «គ្រូបង្រៀនបញ្ចប់ការងារនៅម៉ោង ១១ព្រឹក ប៉ុន្តែឥឡូវពួកគេត្រឡប់មកវិញដើម្បីតាមដានអ្វីៗក្នុងសាលា។ គ្រូក៏ផ្តល់សុវត្ថិភាពផងដែរ អំឡុងពេលសម្រាក។ វិធានការទាំងនេះជួយពង្រឹងសន្តិសុខ»។ លោកស្រីបន្ថែមថា៖ «យើងដឹងថា មានក្មេងប្រុសដែលបៀតបៀនក្មេងស្រីដោយពាក្យសំដី។ យើងគិតថា នេះអាចមានផលអាក្រក់ ហើយយើងត្រូវតែធ្វើការដើម្បីទប់ស្កាត់បញ្ហានេះ»។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណៈគ្រប់គ្រងសាលារៀនរដ្ឋ និងឯកជននៅទូទាំងប្រទេសត្រូវតែបន្តអនុវត្តគោលការណ៍សណ្តាប់ធ្នាប់ សុវត្ថិភាព និងសុវត្ថិភាពដែលមានស្រាប់។ លោកបន្តថា៖ «យើងនឹងបន្តពង្រឹងសន្តិសុខ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់»៕

website_news/2022030504.txt · Last modified: 2022/05/03 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki