website_news:2022030506

ត្រឹម ២ ខែ កម្ពុជាបញ្ជូនពលករ ១៤ ០០០ នាក់ ទៅធ្វើការនៅប្រទេសជប៉ុន

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ៣០ មេសា ២០២២ដោយ Dy Bunnara

រយៈពេល ២ខែ គឺខែមីនា និងខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានបញ្ជួនកម្មសិក្សាការី និងពលករជំនាញប្រមាណ ១៤ ០០០ នាក់ ទៅធ្វើការទៅលើវិស័យផ្សេងៗ នៅប្រទេសជប៉ុន បន្ទាប់ពីបានផ្អាករយៈពេលជាង ១ ឆ្នាំ ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០មេសានេះថា កម្ពុជាទើបចាប់ផ្តើមបញ្ជួនពលករជំនាញ និងកម្មសិក្សារីទៅធ្វើការនៅប្រទេសជប៉ុននៅខែមីនាឆ្នាំ២០២២នេះទេ ដោយសារប្រទេសជប៉ុនបានបិទព្រំដែន ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោក អន ប៊ុនហាក់ បានបន្តថា រយៈពេល២ខែនេះ គឺខែមីនា និងខែមេសានេះ យើងបានបញ្ជួនពលករ និងកម្មសិក្សាការីទៅប្រទេសជប៉ុនបានប្រមាណ ១៤០០០នាក់ ដែលជាចំនួនដ៏ច្រើន ដោយសារមានការបិទព្រំដែនកន្លងមកធ្វើឱ្យពលករមានការកកស្ទះច្រើននៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល ទើបមានការបញ្ជួនច្រើនបែបនេះ។ លោក អន ប៊ុនហាក់ បានបន្តទៀតថា ចាប់ពីពេលនេះទៅយើងអាចបញ្ជួនពលករ និងកម្មសិក្សាការីទៅជប៉ុនបានទៀងទាត់ឡើងវិញហើយដោយក្នុង១ខែៗ អាចបញ្ជួនពី ៣០០០ ទៅ ៤០០០នាក់នាក់។ លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុនភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានមិនច្រើនទេដោយពួកគេទៅធ្វើការលើផ្នែកវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនខុសពីប្រទេសថៃទេ ដោយសារពលករខ្មែរត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ទៅដល់ទីនោះត្រូវអនុវត្តវិធានសុខាភិបាលជប៉ុន ដោយធ្វើចត្តាឡីស័ក និងមានការមកទទួលពីថៅកែជប៉ុនផងដែរ។

នៅក្នុងជំនួបជាមួយលោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A)កាលពីពេលថ្មីៗនេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យខាងភាគីជប៉ុន ទទួលកម្មសិក្សាការី ក៏ដូចជាពលករជំនាញរបស់កម្ពុជា បានទៅធ្វើការនៅប្រទេសជប៉ុនឲ្យកាន់តែច្រើនខណៈបច្ចុប្បន្នមានប្រមាណជាង១ម៉ឺននាក់កំពិងសិក្សា និងធ្វើការនៅទីនោះ។ លោករដ្ឋមន្ត្រីបានបន្តថា នៅពេលដែលពួកគេវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញនឹងទទួលបានចំណេះ ជំនាញ សម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬក៏ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះមាន ពលករខ្មែរប្រមាណជាង១លាន២សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ ជាង ៤៥, ០០០នាក់ នៅកូរ៉េខាងត្បូង ២៣,០២៧នាក់ នៅម៉ាឡេស៊ី ១១,៤៥៣នាក់ នៅជប៉ុន ៨២១ នាក់ នៅសិង្ហបុរី នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕ អត្ថបទ៖ សំអឿន

website_news/2022030506.txt · Last modified: 2022/05/03 09:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki