website_news:2022030802

បទវិចារណកថា៖ ជារឿងចៃដន្យឬចេតនាដែល Al Jazeera ចុះផ្សាយថាមន្ដ្រីកម្ពុជាពាក់ព័ន្ធជាមួយអ្នកជំនួញផ្លូវងងឹតជនជាតិចិន

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២ សីហា ២០២២ដោយ deth leng

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានបរទេសមួយឈ្មោះ Al Jazeera បានចេញផ្សាយរបាយការណ៍ព័ត៌មានដោយលាតត្រដាងថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនបានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជនជាតិចិនម្នាក់ឈ្មោះ តុង លីឆឹង (Dong Lecheng) ដែលជាអ្នកជំនួញដ៏ល្បីរបស់ចិន។ អ្នកជំនួញរូបនេះត្រូវគេអះអាងដែរថា ជាប់ជំពាក់នឹងសំណុំរឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស តាមរយៈការឆបោកតាមអ៊ីនធឺណេតប្រព្រឹត្ដដោយក្រុមជនជាតិចិននៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ចេញផ្សាយជាវីដេអូមានរយៈពេលជាង៤០នាទី បានរៀបរាប់ពីការស៊ើបអង្កេតលើអំពើជួញដូរមនុស្ស កើតឡើងដោយប្រតិបត្ដិការបោកប្រាស់តាមអ៊ីនធឺណេតរបស់ជនជាតិចិននៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជា។ នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានAl Jazeeraរកឃើញទៀតថា ជនរងគ្រោះដោយសារតែការបោកប្រាស់តាមអ៊ីនធឺណេតពីសំណាក់ជនជាតិចិន គឺត្រូវបានបង្ខាំងនៅអគារ China Town ក្នុងខេត្ដព្រះសីហនុ។

តាម Al Jazeera លោក តុង លីឆឹង បានភ្ជាប់ខ្លួនជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ លោក តុង លឺឆឹង មានជំនួញជាច្រើននៅកម្ពុជា ក្នុងនោះលោកជាជនសំខាន់ម្នាក់ជាប់ព័ន្ធនឹងគម្រោងអគារ China Town នៅព្រះសីហនុ ហើយលោកក៏មានជំនួញជាមួយសែស្រឡាយរបស់សមាជិកព្រឹទ្ធសភាលោក កុក អាន ផងដែរ។ អ្វីដែលសំខាន់ Al Jazeera ថា កាលពីឆ្នាំ២០១៨ លោក តុង លឺឆឹង បានផ្ដល់យន្ដហោះដ៏ទំនើបមួយគ្រឿងដល់នាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក។ ជារួម សារព័ត៌មានមួយនេះបានបញ្ចេញសាច់រឿងលម្អិតតាមរយៈការសម្ភាសប្រភពជាច្រើនមានទាំងជនជាតិខ្មែរ ជនជាតិចិន រួមនឹងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងចេតនាចង់បានការបញ្ជាក់ថា ខេត្ដព្រះសីហនុ ពិតជាមានទីតាំងបង្ខាំងមនុស្សខុសច្បាប់ប្រព្រឹត្ដដោយក្រុមជនជាតិចិន ដែលមាន លោក តុង លីឆឹង នៅពីក្រោយ និងចង់អះអាងថាករណីនេះពិតជាមានទាក់ទងនឹងមន្ដ្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន។ និយាយពីករណីបង្ខាំងមនុស្សនៅក្នុងខេត្ដព្រះសីហនុ ធ្លាប់មានការលើកឡើងច្រើនលើកច្រើនសារមកហើយ។ អាជ្ញាធរក៏តែងចុះទៅស្រាវជ្រាវភ្លាមៗនៅពេលដែលមានសេចក្ដីរាយការណ៍ ឬមានពាក្យបណ្ដឹង។ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ និងស្នងការខេត្ដព្រះសីហនុ ក៏ទើបបានធ្វើសន្និសីទកាសែតបញ្ជាក់ពីករណីថ្មីមួយ ដែលថាមានមនុស្ស១៣នាក់ត្រូវបានបង្ខាំងទុកដោយខុសច្បាប់។ ព័ត៌មាននេះទទួលបានដោយសារមានការដាក់ពាក្យបណ្ដឹងទៅអភិបាលខេត្ដព្រះសីហនុ លោកគួច ចំរើន ប៉ុន្ដែនៅពេលចុះស្រាវជ្រាវដល់ទីតាំង មិនដូចជាអ្វីដែលបានលើកឡើងក្នុងពាក្យបណ្ដឹងឡើយ។ អ្នកដាក់ពា្យបណ្ដឹងនោះក៏មិនមានប្រភពច្បាស់ការ ដឹងត្រឹមថាជាជនជាតិចិនលាក់មុខប៉ុណ្ណោះ និងមិនដឹងគេមានបំណងយ៉ាងណាឱ្យពិតប្រាកដ។

ដូច្នេះទាញភ្ជាប់ទៅនឹងអ្វីដែលសារព័ត៌មាន Al Jazeera បានចេញផ្សាយថា មានការបង្ខាំងមនុស្សទុកជួញដូរនៅក្នុងខេត្ដព្រះសីហនុ អាជ្ញាធរខេត្ដនេះរកមិនទាន់ឃើញមានការជួញដូរមនុស្សទ្រង់ទ្រាយធំណាមួយកើតឡើងទេ។ បើដូច្នេះតើរបាយការណ៍ព័ត៌មានរបស់ Al Jazeera ជាការពិតមែនឬយ៉ាងណា? ទោះបីជានៅក្នុងការចេញផ្សាយរបស់ Al Jazeera មានបង្ហាញពីការសម្ភាសប្រភពជាច្រើនផ្សេងៗគ្នា តែការជឿទុកចិត្ដបានគឺនៅតែស្ថិតក្នុងកម្រិតមួយ។ ការចេញផ្សាយរបាយការណ៍ហាក់បង្កនូវមន្ទិលសង្ស័យ ហើយមានភាពប្រទាក់ក្រឡាជាមួយនឹងចំណាត់ការរបស់ប្រទេសលោកខាងលិចដាក់លើកម្ពុជា។ តួយ៉ាងសារព័ត៌មាននេះបានព្យាយាមលើកពីសាច់រឿងដែលថ្នាក់ដឹកនាំ និងមន្ដ្រីកម្ពុជាជាប់ពាក់ព័ន្ធជាមួយជនជាតិចិន ស្របពេលទំនាក់ទំនងរវាងកម្ពុជា-ចិន កំពុងត្រូវបានបណ្ដាប្រទេសលោកខាងលិចតាមដានមិនដាក់ភ្នែក ពិសេសគឺសហរដ្ឋអាមេរិក។ សារព័ត៌មានដដែលក៏បានរំលេចពីការជួញដូរមនុស្សនៅកម្ពុជា ស្របពេលកម្ពុជាក៏ទើបត្រូវបានអាមេរិកបញ្ចូលក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សទាំងមិននឹកស្មានដល់។ ដូច្នេះទើបមានសំណួរចោទថា របាយការណ៍ព័ត៌មានស៊ើបអង្កេតនេះ ធ្វើឡើងដោយត្រឹមត្រូវ មានឯករាជ្យភាព សុក្រឹតភាព ឬក៏មាននិន្នាការនយោបាយ និងមានការបង្គាប់បញ្ជាពីនរណាម្នាក់? ការដាក់ចម្ងល់ដូច្នេះ ព្រោះតែមិនមែនជាលើកទីមួយទេដែលកម្ពុជាធ្លាប់ត្រូវបានបណ្ដាប្រទេសមួយចំនួនរៀបចំសេណារីយ៉ូដាក់កំហុស ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកូកប្រកាសពីចំណុចអវិជ្ជមាន អូសទាញឱ្យអន្ដរជាតិមើលមកកម្ពុជាក្នុងផ្លូវមិនល្អ នៅពេលកម្ពុជាមិនព្រមធ្វើតាមការបញ្ជា ឬធ្វើឱ្យបាត់បង់ប្រយោជន៍របស់ពួកគេ។ អាមេរិកលេចធ្លោខ្លាំងជាងគេក្នុងការដាក់សម្ពាធមកលើកម្ពុជា។ ម្យ៉ាងវិញទៀត របាយការណ៍ដែលសារព័ត៌មាន Al Jazeera បានចេញផ្សាយ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ដោយលោកចាត់ទុកការផ្សាយនេះជាព័ត៌មានប្រទូសរ៉ាយតែប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា ព័ត៌មានដែលចេញផ្សាយរបៀបនេះប្រទេសណាក៏មានដែរ ដូច្នេះត្រូវតែរួមគ្នាទប់ស្កាត់និងកម្ចាត់ឱ្យបាន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសានវិញ ចាត់ទុកការអះអាងថា មានអ្នកជំនួញចិនឧបត្ថម្ភយន្ដហោះដល់នាយករដ្ឋមន្ដ្រីកម្ពុជា ជារឿងមិនពិត។ លោកថារាជរដ្ឋាភិបាលកម្ពុជាមានលុយគ្រប់គ្រាន់ដើម្បីចំណាយលើការធ្វើដំណើរ មិនចាំបាច់យកយន្ដហោះមកពីណាជួយទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ឃើញថា អ្វីដែល Al Jazeera ចេញផ្សាយ ជាការនិយាយលម្អៀងខាងមនោគមន៍វិជ្ជា និងមានចេតនាមូលបង្កាច់កម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកពាក់ព័ន្ធថា មានការចូលដៃចូលជើងជាមួយក្រុមទុច្ចរិត លោក សុខ ឥសាន ថារឹតតែមិនអាចទៅរួច ព្រោះរាល់លើកនៅពេលមានករណីនេះកើតឡើងរាជរដ្ឋាភិបាលកម្ពុជាតែងចាត់វិធានការជានិច្ច។ សរុបមក ការចេញផ្សាយរបាយការណ៍ព័ត៌មានដែលរសើប ហើយមានពាក់ព័ន្ធនឹងថ្នាក់ដឹកនាំប្រទេសណាមួយ គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រោះវាអាចជះឥទ្ធិពលអាក្រក់ ធ្វើឱ្យប្រទេសនោះបាត់បង់សណ្ដាប់ធ្នាប់ មានអស្ថិរភាព ឬជួបភាពចលាចលបាន។ ប្រសិនបើការចេញផ្សាយព័ត៌មានមានគោលបំណងញុះញង់ បង្កឱ្យមានការភាន់ច្រឡំ សារព័ត៌មាននោះអាចប្រឈមនឹងចំណាត់ការផ្លូវច្បាប់។ សម្រាប់កម្ពុជា ក៏មិនគួរណាត្រូវបានចាត់ទុកជាទីតាំងជួញដូរមនុស្សដ៏អាក្រក់បំផុតនោះដែរ។ ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវការលុបបំបាត់ការជួញដូរមនុស្ស កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាបានចុះអនុវត្ដសកម្មភាពជាប្រចាំ។ ថ្មីៗនេះរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ទើបបានប្រកាសដាក់ចេញចំណាត់ការទ្រង់ទ្រាយធំមួយទៀត គឺការធ្វើប្រតិបត្ដិការត្រួតពិនិត្យលើជនបរទេសទាំងអស់ដែលរស់នៅកម្ពុជា ដើម្បីស្វែងរកមុខសញ្ញាអ្នកជួញដូរមនុស្ស និងដើម្បីស្វែងរកជនបរទេសដែលរស់នៅខុសច្បាប់។ នេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាមិនឱ្យជនណាមកបង្កបញ្ហាបំផ្លាញសន្ដិភាព និងស្ថិរភាពដែលខំស្វែងរកបានយ៉ាងលំបាកនោះឡើយ។ កម្ពុជាជារដ្ឋឯករាជ្យមានសិទ្ធិជាម្ចាស់លើខ្លួនឯង គ្មាននរណាម្នាក់មកលាបពណ៌បានជាដាច់ខាត ទោះបីអ្នកនោះជាមហាអំណាចពិភពលោកក៏ដោយចុះ៕

website_news/2022030802.txt · Last modified: 2022/08/03 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki