website_news:2022030803

ឯកឧត្ដម នាយឧត្តមសេនីយ៍ នេត សាវឿន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

https://news.btv.com.kh/ 2022/08/02 06:54:12 pm

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកជំទាវ RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងជំនួបពិភាក្សាការងារ ភាគីឥណ្ឌូណេស៊ី បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋឥណ្ឌូណេស៊ីរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងយល់ស្របគ្នាលើការងារមួយចំនួន ដើម្បីបន្តអនុវត្ត គឺការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរគ្រប់ប្រភេទ ជាពិសេសបទល្មើសជូញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅដោយបង្កើតយន្តការផ្លាស់ប្តូរព័ត៌មានបម្រើឲ្យការស៊ើបអង្កេត ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការបង្កើតឲ្យមានមន្ត្រីបង្គោលដើម្បីផ្តល់ព័ត៌មាន និងគំនិតផ្តួចផ្តើមបង្កើតអនុស្សារណៈយោគយល់គ្នា (MOU) ដែលជាមូលដ្ឋានសម្រាប់បម្រើឲ្យការចាត់តាំងអនុវត្ត និងគាំទ្រឲ្យក្រុមបចេ្ចកទេសកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បីស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ និងលុបបំបាត់ឲ្យដល់ឬសគល់នៃបណ្តាញឧក្រិដ្ឋជនជួញដូរមនុស្សទាំងនៅឥណ្ឌូណេស៊ី និងនៅប្រទេសកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរំលឹកអំពីគុណបំណាច់របស់កងទ័ពឥណ្ឌូណេស៊ីក្នុងបេសកកម្មស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងទស្សវត្សទី៩០ផងដែរ។ ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជូពរ លោកជំទាវ RETNO L.P MARSUDI និងសហការី ក្នុងការស្នាក់នៅកម្ពុជា សូមមានសុខភាពល្អ សប្បាយរីករាយ និងជោគជ័យក្នុងការបំពេញភារកិច្ច៕

website_news/2022030803.txt · Last modified: 2022/08/03 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki