website_news:2022031001

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាមានសន្តិភាព ទើបធ្វើឲ្យមានករណីជួញដូរមនុស្ស ប៉ុន្តែត្រូវរូមគ្នាទប់ស្កាត់

https://kohsantepheapdaily.com.kh/article/1607067.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២៩ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ២២:២២

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាមានសន្តិភាពទើបធ្វើឲ្យមានករណីលួចធ្វើការជួញដូរមនុស្សខុសច្បាប់នៅកម្ពុជា ប៉ុន្តែតែរួមគ្នាទប់ស្កាត់ករណីនេះ ។ ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅ ប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃ ទី២៩ កញ្ញា ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ៖ «ខ្ញុំសូមរំលឹកបន្តិចថា ពីមុនកម្ពុជា ជាទីកន្លែងដែលប្រជាជនរត់ចេញទៅប្រទេសក្រៅ ។ ចំណុចនេះ ដោយសារសង្គ្រាមផ្ទុះឡើយនៅឆ្នាំ១៩៧០ ក៏បានប្រជាពលរដ្ឋភៀសខ្លួននៅក្រៅប្រទេស ហើយនៅក្នុងរយៈពេលរបប ប៉ុល ពត ក៏មានបងប្អូនប្រជាជនមួយចំនួន រត់ចេញទៅក្រៅប្រទេសដែរ ។ ក្រោយរបបមកនៅក្នុងដំណាក់កម្ពុជាមានសន្តិភាពផង និងសង្គ្រាមផង ប្រជាជនកម្ពុជាមួយចំនួនក៏បានរត់ចេញទៅក្រៅប្រទេស រហូតដល់ដឹងច្បាស់ពីការធ្វើដំណើរតាមទូកទៅប្រទេសអូស្ត្រាលី តាមរយៈដូចគេហៅរត់ពន្ធមនុស្សអីញ្ចឹង» ។

សម្តេចក៏បានលើកឡើងថា នៅពេលរត់ចេញទៅប្រទេសអូស្ត្រាលីនេះ ក៏មានប្រជាពលរដ្ឋមួយចំនួន បានស្លាប់ដោយសារលិចទូក នៅក្នុងសមុទ្រ ។ រយៈពេលក្រោយមកទៀតប្រជាជនកម្ពុជា យើងក៏ត្រូវគេបោកប្រាស់ ទៅធ្វើការនៅក្រៅប្រទេស ។ ពិតហើយភាពធ្វើការនៅក្រៅប្រទេស ក្រោមរូបភាពស្របច្បាប់ ប៉ុន្តែរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ធ្វើការជាមួយដៃគូរដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី ជាដើម តាមភ្នាក់ងារដោះស្រាយការងារ តែក៏មានមួយចំនួន ទៅដោយសារតែ ជាប្រភេទការជួញដូរមនុស្ស ។ សម្តេចបញ្ជាក់ថា ៖ «បងប្អូនយើងមួយចំនួន ក៏ចាញ់បោកមេខ្លោងជួញដូរមនុស្ស ដោយគេបោកថា ទៅធ្វើការងារទទួលបានប្រាប់ខែប៉ុណ្ណេះ ដោយអ្នកខ្លះទៅខ្ចីលុយគេ ដើម្បីយកទៅសូកគេសម្រាប់បានទៅធ្វើដំណើរ ក៏មាន ។ អ្នកខ្លះធ្វើដំណើរទៅខ្លះបានបាត់ដំណឹងឈឹងក៏មាន ដោយមិនដឹងទៅកន្លែងណា» ។

សម្តេចតេជោ ក៏បានលើកឡើងពេលខ្លះរកឃើញប្រជាពលរដ្ឋមួយចំនួន ត្រូវបានរកឃើញដោយពលរដ្ឋយើង ត្រូវបានគេប្រើប្រាស់ ក្នុងកម្លាំងពលកម្មនេសាទ ដែលមិនដែលបានឡើងគោកសោះ ហើយផ្តាច់ដំណឹងទាំងស្រុងពីគ្រួសារ ។ បងប្អូនមួយចំនួនទៀត ទៅធ្វើការដូចជាកូរ៉េខាងត្បូងជាដើម បានផុតការកំណត់ នៃកិច្ចសន្យាការងារ តែបន្តការស្នាក់នៅទីនោះ ដែលជាគឺជាបន្ទុកសម្រាប់ប្រទេសគេថែមទៀត ។ សម្តេចបន្តថា កន្លងមកក៏មានការរត់ពន្ធមនុស្ស រហូតដល់មជ្ឈិមបូព៌ាក៏មាន ។ ខ្ញុំក៏គួរថា លោក អាម៉ាត់ យ៉ាស់យ៉ា ដែលជាជនជាតិខ្មែរឥស្លាម ហើយជាអតីតរដ្ឋលេខាធិការជាសមាជិកសភា និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនផង ហើយចុងក្រោយនៅក្រសួងសង្គមកិច្ច ក៏ត្រូវបានចាប់ខ្លួន ដើម្បីផ្តន្ទាទោស ដោយសារបាននាំស្ត្រីជនជាតិ ឥស្លាមដល់មជ្ឈិមបូព៌ា ។

សម្តេចបញ្ជាក់ថា ៖ «អីញ្ចឹងចំណុចនេះ បង្ហាញថា យើងត្រូវការធ្វើការរួមគ្នា ទោះបីជាជាតិសាសន៍ឬសាសនាណាក៏ដោយ ត្រូវរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស ។ តែខ្ញុំកត់សម្គាល់ចុងក្រោយ ត្រង់ថា ហេតុអ្វីកម្ពុជាពីការពលរដ្ឋខ្លួនរត់ទៅក្រៅប្រទេស និងពីការពលរដ្ឋ ត្រូវគេបោក ទៅធ្វើការនៅក្រៅប្រទេស រហូតទៅដល់រឿងគួរឲ្យអកុសលស្ត្រីរៀបការទៅក្រៅប្រទេស ក៏មិនតិចដែលទេ អ្នកខ្លះរៀបការ ខ្លះទៅកាក់កប ហើយអ្នកខ្លះ ត្រូវគេលក់ដួរទៀត» ។ ជាមួយគ្នានោះដែរ សម្តេចថា សភាពការណ៍មានការប្រែប្រួល គឺចាប់ពីកម្ពុជាធ្វើការនៅក្រៅប្រទេស តែបែរជាមានជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង ។ ចំណុចនេះ ត្រូវតែមើលឃើញ គឺពីមុនមានជនជាតិខ្មែរ ត្រូវគេជួញដូរទៅបរទេស តែឥឡូវ មានជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង តើចំណុចនេះផ្តើមចេញពីអ្វី ? ចំណុចនេះ គឺទាក់ទិននឹងកម្ពុជាមានសន្តិភាព បើមិនដូច្នេះទេ គេមិនអាចមកកម្ពុជា នោះទេ ។ ប៉ុន្តែក៏ផ្តើមចេញអំពីចំណុចខ្សោយណាមួយ ដែលបង្កើតឲ្យមានបញ្ហា ដែលគេច្រៀតចូលមកធ្វើអាជីវកម្មនៅកម្ពុជា ដូច្នេះវត្តមានដែលជនបរទេស ដែលគេជួញដូរនៅកម្ពុជា គឺផ្ទុយស្រឡះ នូវអ្វីដែលបានកើតពីមុន ដែលមានតែគេជូញដូរ តែខ្មែរទៅបរទេស ហើយការជួញដូរនេះ ខ្លះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ៕

website_news/2022031001.txt · Last modified: 2022/10/03 09:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki