website_news:2022031004

លោក ឡុង ឌីម៉ង់ លើកឡើងថា ការលិចទូកនៅខេត្តព្រះសីហនុ អាចជាករណីជួញដូរមនុស្សពីប្រទេសចិន

https://www.kampucheathmey.com/security/384678 ថ្ងៃសុក្រ ៣០ កញ្ញា ២០២២ដោយ អុន ស្រីមាន

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ករណីលិចទូកនៅលើផ្ទៃសមុទ្រព្រះសីហនុ ដែលមានសុទ្ធតែជាជនជាតិចិន កំពុងតែចេញតម្រុយបណ្តើរៗហើយថា ការលិចទូកជនជាតិចិននេះ អាចជាករណីជួញដូរមនុស្សពីប្រទេសចិន មកកម្ពុជាដោយខុសច្បាប់។ លោក ឡុង ឌីម៉ង់ បានអះអាងបន្ថែមថា ក្នុងករណីនេះនៅមិនទាន់ប្រាកដ១០០%ឡើយ ព្រោះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ ប៉ុន្តែ កត្តាដែលសន្មតបែបនេះ ព្រោះជនជាតិចិនទាំងនោះ បានធ្វើការឆ្លងដែនខុសច្បាប់ ដោយឧក្រិដ្ឋជនបាននាំជនជាតិចិនទាំងនោះចេញពីកំពង់ផែ ក្វាង ចូវ រួចឆ្លងផុតដែនសមុទ្រអន្តរជាតិ។ បន្ទាប់ពីនោះ ឧក្រិដ្ឋជនក៏បានជួលទូកនេសាទខ្មែរនៅព្រះសីហនុ ដើម្បីសាងជនជាតិចិនពីទូកមកពីប្រទេសចិនចូលមកកម្ពុជា រួចហើយទូកក៏ត្រូវបានលិចនៅកណ្តាលសមុទ្រ នៅតំបន់ជិតកោះតាង ។

លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា៖ “ការទៅយក ឬ សាងមនុស្សពីដែនទឹកអន្តរជាតិ ចូលមកដែនទឹកកម្ពុជាជាដើមនេះ យើងឃើញថាទង្វើនេះ គឺជាទង្វើខុសច្បាប់ហើយ ជាការឆ្លងដែនខុសច្បាប់។ ហើយមកដល់ពេលនេះ យើងឃើញថា ប្រហែលជាចូលក្នុងតម្រុយនៃការរត់ពន្ធមនុស្សហើយ”។ យ៉ាងណាក៏ដោយ ចំពោះម្ចាស់ទូកនេសាទដែលបានដឹកជនជាតិចិនទាំងនោះ ក្រុមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងតែស៊ើបសួរបន្ត ក្នុងករណីដែលម្ចាស់ទូកពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ គឹលោកមិនបានដឹងឡើយ គឺអាស្រ័យលើការស៊ើបអង្កេត ភស្តុតាង និងសំណុំរឿងរបស់អជ្ញាធរពាក់ព័ន្ធ។ ទោះជាយ៉ាងណារឿងក្តីនេះ នៅមិនទាន់ស៊ើបអង្កេតចប់នៅឡើយទេ ប៉ុន្តែ សំណុំរឿងខាងលើក៏នឹងត្រូវបំបែកក្នុងពេលឆាប់ខាងមុខ។នេះបើតាមការអះអាងរបស់អភិបាលរងខេត្តព្រះសីហនុ។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូករបស់ជនជាតិចិនមួយក្រុម នៅកណ្តាលសមុទ្រព្រះសីហនុ ដែលមានផ្ទុកប្រជាជនចិនប្រមាណ ៤១នាក់។ បន្ទាប់ពីទទួលបានដំណឹងនេះ អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ដែលជាអភិបាលខេត្ត បានស្វះស្វែងជួយសង្រ្គោះជនជាតិចិនបានមួយចំនួន ក្រោយពីមានករណីនេះកើតឡើងផងដែរ៕ ដោយ៖ អុន ស្រីមាន

website_news/2022031004.txt · Last modified: 2022/10/03 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki