website_news:2022031006

រដ្ឋាភិបាលអង្គការដៃគូ សហការទប់ស្កាត់ការកេងប្រវ័ញ្ចនិងរំលោភបំពាន ផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ

https://btv.com.kh/article/15756 2022/09/30 12:06:22 pm

ភ្នំពេញ៖ រដ្ឋាភិបាល អង្គការដៃគូ សហការគ្នាលើកកម្ពស់ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ បន្ទាប់ពីមានរបាយការណ៍សិក្សាស្រាវជ្រាវ បង្ហាញថា មានកុមារកម្ពុជា ក្លាយជាជនរងគ្រោះនៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញនៅកម្ពុជា។ ក្រុមការងារអន្តរក្រសួង រួមទាំងភាគីខាង យូនីសេហ្វ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២នេះ បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ភស្តុតាងអំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។ របាយការណ៍នេះ មានបញ្ជាក់នូវចំណុចជាច្រើន ក្នុងនោះមានការរកឃើញដែរថា កុមារចំនួន ៩ភាគរយ នៃកុមារចំនួនជាង ១២០០នាក់ ដែលបានចូលរួមក្នុងការង្កេត បានផ្ដល់ចម្លើយថា ពួកគាត់បានចែករំលែកនូវរូបភាព រឺវីដេអូ អាក្រាតរបស់ខ្លួននៅលើប្រព័ន្ធអនឡាញ។ បញ្ហានេះ ក៏ជាក្ដីបារម្ភ នេះជាការលើកឡើងរបស់លោកស្រី សម្បត្តិ សុគន្ធា ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ លើកឡើងឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងកាត់បន្ថយករណីនេះ។ ក្នុងនាមជាអ្នកអនុវត្តច្បាប់ កម្លាំងសមត្ថកិច្ចគឺនឹងធ្វើការឃាត់ខ្លួនជនល្មើសទៅតុលាការនៅពេលមានភស្តុតាងគ្រប់គ្រាន់។ ក្នុងឱកាសចូលរួមផ្សព្វផ្សាយរបាយការណ៍នេះ លោកស្រី ម៉ារីយ៉ាណា ហ្គារ៉ូហ្វាឡូ ប្រធានផ្នែកកិច្ចការពារកុមារនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយរបាយការណ៍នេះ មានចំណុចសំខាន់គឺ ធ្វើការទប់ស្កាត់កុំឱ្យបទល្មើសនេះកើតឡើង។ វាមានភាពចាំបាច់ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម ក្នុងការលើកកម្ពស់ការយល់ដឹង ដើម្បីធានានូវបរិយាកាសសុវត្ថិភាពទាំងក្នុងប្រព័ន្ធអនឡាញ និងក្នុងសង្គម៕ អត្ថបទ៖ គឹមហុក

website_news/2022031006.txt · Last modified: 2022/10/03 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki