website_news:2022031009

ជនដែលត្រូវបានគេជួយសង្រ្គោះមកពីរដ្ឋ Sabah បានរៀបរាប់ពីការរត់គេចខ្លួនពីក្រុមឆបោកការងារក្នុងប្រទេសកម្ពុជា

https://www.khmertimeskh.com/501160233//?p=1160233 Khmer Times September 30, 2022

ជនរងគ្រោះដោយសារការឆបោកការងារមកពីរដ្ឋ Sabah បានត្រឡប់មកផ្ទះវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីជាប់ក្នុងប្រទេសកម្ពុជាអស់រយៈពេលបីខែ ហើយនេះរឿងនិទានវែងមួយដែលត្រូវប្រាប់។ អ្នករត់គេចខ្លួនម្នាក់ឈ្មោះ Eric បានអះអាងថា គាត់បានរត់ចេញពីមជ្ឈមណ្ឌល ដែលគាត់ត្រូវបានចាប់ជាចំណាប់ខ្មាំង នៅពេលដែលនគរបាលបានឆ្មក់ចូលមជ្ឈមណ្ឌលនេះ នៅថ្ងៃទី២៤ ខែកញ្ញា។ នេះជារឿងគួរអោយចម្លែក ព្រោះក្នុងប្រតិបត្តិការរបស់នគរកបាលម្ពុជា ទីតាំងដែលត្រូវបានឆ្មក់ចូលត្រូវបានបិទទាំងស្រុង និងគ្មានអ្នកណាម្នាក់អាចមានលទ្ធភាពរត់គេច ឬលួចរត់ចេញបានឡើយ។ “ការដែលគាត់អាចយកលិខិតឆ្លងដែនរបស់គាត់មកវិញគឺជាការងឿងឆ្ងល់មួយទៀតព្រោះវាមិនមែនជារឿងធម្មតាទេដែលលិខិតឆ្លងដែនទាំងនេះ ត្រូវបានទុកចោលយ៉ាងងាយស្រួលដោយក្រុមឆបោកព្រោះវាជាធម្មតាត្រូវបានរក្សាទុកក្នុងទូដែក ដើម្បីការពារកុំអោយអ្នកដែលត្រូវបានគេចាប់ទាំងនោះរត់គេចខ្លួនបាន។

មន្រ្តីម្នាក់ដែលដឹងពីកិច្ចការនេះបានប្រាប់ខ្មែរថាមស៍ថា “គាត់បានរត់គេចខ្លួនដោយប្រើខ្សែពួរ ហើយពិតជាអស្ចារ្យ និងមិនគួរឱ្យជឿ ដូចដែលវាមិនធ្លាប់មានពីមុនមក។ តាមពិតនគរបាលបានយកលិខិតឆ្លងដែនទាំងនោះពីក្រុមឆបោក នៅពេលដែលវាយឆ្មក់ និងបំបែកទូដែក”មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា៖ «គាត់ប្រហែលជាត្រូវបានគេឃុំនៅកន្លែងផ្សេង ប៉ុន្តែប្រាកដណាស់មិននៅកន្លែងដែលត្រូវបានវាយឆ្មក់នោះទេ»។ លោកបានជំរុញឲ្យអាជ្ញាធរម៉ាឡេស៊ីស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់ ខណៈបញ្ហាទាំងនេះធ្វើអោយសាធារជនយល់ខុសលើប្រទេសកម្ពុជា ហើយត្រូវបានគេបំភ្លៃហួសហេតុ ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ គាត់បានមកទីនេះដោយសារតែភាពលោភលន់សុទ្ធសាធ ខណៈដែលរឿងរ៉ាវរបស់គាត់បានបង្ហាញថា គាត់ត្រូវបានគេប្រាប់ពីការបើកគណនីនៅប្រទេសថៃ ហើយទទួលបាន ១៥,០០០ ដុល្លារ ហើយគាត់មិនបានជំទាស់នឹងការហោះហើរមកកម្ពុជានោះទេ។

មន្រ្តីបានលើកឡើងថា “ហេតុអី? ដំបូងគាត់លោភលន់ ហើយនៅពេលអ្វីៗដែលបានកើតឡើងមិនដូចការគ្រោងទុក គាត់គ្រាន់តែធ្វើតាមការណែនាំ ហើយបន្ទោសប្រទេសកម្ពុជា»។ យោងតាមការរៀបរាប់របស់គាត់ Eric អាយុ២៨ ឆ្នាំ ដែលជាឪពុកមានកូនពីរនាក់បានដាស់តឿនមនុស្សកុំឱ្យជឿជាក់លើនរណាម្នាក់ជាពិសេសអ្នកដែលសន្យាថានឹងរកលុយឱ្យបានរហ័ស។ Eric បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Kota Kinabalu កាលពីថ្ងៃអង្គារហើយបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីក្រើនរំលឹកប្រជាជនក្នុងរដ្ឋ Sabaha ផ្សេងទៀតកុំឱ្យពួកគេធ្លាក់ក្នុងអន្ទាក់ដូចគាត់។

អតីតអ្នកលក់នៅ Miri រដ្ឋ Sarawak បានអះអាងថាគាត់បានដឹងពីឱកាសនៃការរកលុយបានលឿនពីមិត្តភ័ក្តិតាមអនឡាញម្នាក់មកពី Sibu ក្នុង Sarawak ។ គាត់បានប្រាប់អ្នកបកប្រែមកពីគណបក្សនយោបាយក្នុងស្រុកមួយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា មិត្តតាមអនឡាញរបស់គាត់ដែលបានរាប់អានគ្នាប្រហែល៦ខែ បានប្រាប់គាត់ថាគាត់នឹងទទួលបាន ៥,០០០ ដុល្លារសម្រាប់គណនីធនាគារនីមួយៗដែលគាត់បានបើកនៅក្នុងប្រទេសថៃ។ គាត់បានចោទប្រកាន់ថាមិត្តរបស់គាត់បានសុំឱ្យគាត់បើកគណនីធនាគារចំនួនបីនៅក្នុងប្រទេស ហើយបានអះអាងថាគាត់មិនដឹងថាគណនីធនាគារបើកឡើងសម្រាប់អ្វីនោះទេ។ Eric បានបន្ថែមថា គាត់មិនបានគិតពិចារណាអ្វីច្រើននោះទេ ដោយសារតែគាត់ជឿជាក់លើមិត្តរបស់គាត់។ គាត់ក៏បានប្រាប់អ្នកបកប្រែថា គាត់បានប្រាប់ម្តាយមីងរបស់គាត់អំពីផែនការក្នុងការធ្វើដំណើរទៅប្រទេសថៃ ប៉ុន្តែម្តាយមីងបានព្យាយាមរារាំងគាត់មិនឱ្យទៅ ប៉ុន្តែមិនបានជោគជ័យនោះទេ។ គាត់ក៏បាននិយាយដែរថា ពេលទៅដល់ទីក្រុងគូឡាឡាំពួ គាត់បានកត់សម្គាល់ឃើញថា សំបុត្រយន្តហោះរបស់គាត់គឺសំដៅទៅប្រទេសកម្ពុជា។

នៅពេលដែលគាត់បានសួរមិត្តរបស់គាត់ (មកពី Sarawak) អំពីរឿងនេះ ក្រោយមកគាត់បានប្រាប់ថាគាត់នឹងធ្វើដំណើរទៅប្រទេសថៃដោយឡានពីកម្ពុជា។ ជាថ្មីម្តងទៀត គាត់មិនបានចោទសួរមិត្តគាត់អ្វីច្រើននោះទេ ហើយក៏ឡើងយន្តហោះមកកម្ពុជា។ គាត់បានបន្ថែមថា ពេលមកដល់ គាត់ត្រូវបានគេនាំទៅកន្លែងជនបទមួយក្នុងប្រទេសកម្ពុជា ដែលគាត់ត្រូវបានវាយដំ និងឃុំឃាំងនៅក្នុងបន្ទប់មួយ ដោយសារតែគាត់ជំទាស់នឹងបញ្ជា ហើយប៉ុន្មានសប្តាហ៍ក្រោយមក គាត់ត្រូវបានលក់ទៅកន្លែងមួយទៀត ដែលចោទថាត្រូវបានគ្រប់គ្រងដោយជនជាតិចិន។ គាត់បានប្រាប់អ្នកបកប្រែថា គាត់ត្រូវបានគេលក់សរុបចំនួនបីដងទៅកាន់កន្លែងដែលគ្រប់គ្រងដោយជនជាតិចិន។ Eric បានបន្តថា គាត់ត្រូវបានផ្តល់ទូរស័ព្ទដៃមួយនៅកន្លែងធ្វើការចុងក្រោយរបស់គាត់នៅក្នុងប្រទេសកម្ពុជា។

គាត់បានពន្យល់ថា គាត់បានធ្វើការឱ្យក្រុមហ៊ុនឆបោកតាមទូរស័ព្ទ ហើយនៅទីនោះមួយខែ។ គាត់បានបន្ថែមថា ពួកគេត្រូវបានព្រមានកុំឲ្យប្រើទូរសព្ទដើម្បីហៅទៅមនុស្សខាងក្រៅ ឬថតរូប និងវីដេអូ និងផ្ញើព័ត៌មានពីទីតាំងទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានលួចទំនាក់ទំនងទៅ Luyang សមាជិកសភាពីមិត្តរបស់គាត់ ហើយបានទាក់ទងទៅ Ginger Phoong ។ ទំនាក់ទំនងដំបូងរវាង Eric និង Phoong គឺនៅថ្ងៃទី៩ ខែសីហា ដែល Eric បានផ្តល់ទីតាំងពិតប្រាកដរបស់គាត់ផងដែរ។ គាត់បានបន្ថែមថា គាត់បានជួបជាមួយជនជាតិម៉ាឡេស៊ីផ្សេងទៀត ដែលត្រូវបានបង្ខាំងដូចគាត់ដែរ ហើយមិនប្រាកដក្នុងចិត្តថា តើមាននរណាម្នាក់មកពីរដ្ឋ Sabah ដូចគាត់ដែរឬអត់។ អ្នកដែលត្រូវបានបង្ខាំងនោះភាគច្រើនជាជនជាតិចិន។ Eric ក៏បាននិយាយទៀតថា គាត់ត្រូវបានគេបង្ខាំងទុកនៅអគារជាន់ទី១៣ ដែលស្រដៀងនឹងសណ្ឋាគារ ហើយមាន១០ ក្រុមដែលមានមនុស្ស ១០ នាក់ឬច្រើនជាងនេះនៅជាន់នីមួយៗនៃអាគារ។ គាត់បានបន្ថែមថា គាត់បានរត់គេចពីកន្លែងនោះ អំឡុងពេលការវាយឆ្មក់របស់នគរបាល និងអន្តោប្រវេសន៍ ដែលធ្វើឡើងកាលពីប៉ុន្មានថ្ងៃមុន។ គាត់បាននិយាយទៀតថា គាត់អាចយកលិខិតឆ្លងដែនមកវិញ ហើយយកទូរសព្ទដៃមួយនៅកន្លែងដែលគាត់ធ្វើការមុនពេលចេញពីព្រលានយន្តហោះ។

Eric បានពន្យល់ថាគាត់បានទាក់ទងមិត្តរបស់គាត់ដើម្បីសុំឱ្យគាត់កក់ជើងហោះហើរឱ្យគាត់ពីប្រទេសកម្ពុជាទៅកូឡាឡាំពួរ។ គាត់បានមកដល់ទីក្រុងគូឡាឡាំពួរនៅថ្ងៃទី ២៤ ខែកញ្ញា ហើយ Phoong បានមកទទួលគាត់នៅព្រលានយន្តហោះ។ ក្រោយមកទៀតPhoong បានជួយចេញថ្លៃស្នាក់នៅរបស់គាត់នៅទីនោះ រួមទាំងសំបុត្រយន្តហោះរបស់គាត់ទៅរដ្ឋ Sabah ។ ជាមួយគ្នានេះដែរ Phoong បាននិយាយថា បន្ទាប់ពីទទួលបានសារពីEric សុំឲ្យគាត់ជួយ គាត់បានទាក់ទងទៅក្រុមគ្រួសាររបស់ Eric ភ្លាមៗ ហើយបានអោយពួកគេរាយការណ៍ទៅនគរបាល និងស្នើទៅអង្គការនគរបាលឧក្រិដ្ឋកម្មអន្តរជាតិដើម្បីជួយធ្វើអន្តរាគម។ Phoong បានបន្តទៀតថា Eric បានប្រើលេខ៨៥៥ ដែលជាលេខកូដប្រទេសកម្ពុជា។ គាត់បានបន្ថែមថា គាត់ក៏បានទាក់ទងទៅក្រសួងការបរទេសក៏ដូចជាការិយាល័យកុងស៊ុលម៉ាឡេស៊ីប្រចាំកម្ពុជា។

Phoong ក៏បាននិយាយផងដែរថាគាត់បានទទួលសារម្តងទៀតពី Eric កាលពីថ្ងៃទី១៩ ខែកញ្ញាដែលបានប្រាប់គាត់ថាមានការវាយឆ្មក់របស់នគរបាលហើយមនុស្សជាច្រើនបានកំពុងរត់គេចខ្លួន។ “ខ្ញុំបានសុំឱ្យគាត់រាយការណ៍ទៅនគរ ប៉ុបាល ន្តែគាត់មិនទុកចិត្ត។ ខ្ញុំមិនបន្ទោសគាត់ទេ។ គាត់មិនអាចទុកចិត្តនរណាម្នាក់បានទេ។ ខ្ញុំបានប្រាប់ការិយាល័យកុងស៊ុល និង Wisma Putra អំពីប្រតិបត្តិការរបស់អាជ្ញាធរក្នុងតំបន់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែកញ្ញា។ Eric បានព្យាយាមរត់គេចខ្លួននៅថ្ងៃទី២៤។ Phoong បាននិយាយថា នេះជាករណីដំបូងបង្អស់ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋមកពីរដ្ឋ Sabah ដែលការិយាល័យរបស់គាត់បានទទួល។ Phoong បានបន្តថា “ខ្ញុំបានសុំឱ្យគាត់ផ្តល់ព័ត៌មានបន្ថែមអំពីឪពុកម្តាយរបស់គាត់ដើម្បីឱ្យគាត់ចាប់ផ្តើមទំនាក់ទំនងពីទីនោះ … គាត់បានឱ្យខ្ញុំនូវលេខម្តាយមីងរបស់គាត់” ។ Phoong បានបន្ថែមថា មីងរបស់ Eric បានរាយការទៅនគរបាល ដោយមានជំនួយពីមន្ត្រីទំនាក់ទំនង។ នៅពេលដែល Eric បានត្រលប់មកម៉ាឡេស៊ីវិញ Phoong បានជំរុញឱ្យគាត់ចែករំលែករឿងរ៉ាវរបស់គាត់ជាមួយប្រជាពលរដ្ឋក្នុងរដ្ឋ Sabah ផ្សេងទៀតព្រោះករណីនេះមិនធ្លាប់មានពីមុនទេនៅក្នុងរដ្ឋ Sabah ។ គាត់បាននិយាយថា “ខ្ញុំបានបញ្ចុះបញ្ចូលគាត់ឱ្យធ្វើសន្និសិទកាសែត និងជំរុញឱ្យប្រជាពលរដ្ឋ Sabah ផ្សេងទៀតកុំឱ្យធ្លាក់ក្នុងអន្ទាក់។ យើងបានឮរឿងរ៉ាវជាច្រើនពីម៉ាឡេស៊ី ប៉ុន្តមិនធ្លាប់ឮរឿងរ៉ាវទាំងនេះនៅក្នុងរដ្ឋ Sabahនោះទេ៕ Borneo Post

website_news/2022031009.txt · Last modified: 2022/10/03 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki