website_news:2022031105

បារាំង និងកម្ពុជាពិភាក្សាលើប្រធានបទសំខាន់ចំនួន៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ

https://www.rfi.fr/km//20221102-?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 02/11/2022 - 06:22

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានលើកយក ប្រធានបទចំនួន ៣ ទៅពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វិមានរដ្ឋសភា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រធានបទទាំង ៣ រួមមាន កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងការបោះឆ្នោត ២០២៣។ នេះបើតាមទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នៅក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោក Jacques PELLET បានលើកឡើងនូវប្រធានបទពិភាក្សាចំនួន៣ រួមមានទី១ ការបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំងពីរ ទី២ ការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ និងប្រធានបទចុងក្រោយអំពីការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣។ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងបានលើកឡើងថា ការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ដែលកើតមាននៅខេត្តព្រះសីហនុ ជាប្រធានបទមួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនោះ។ ចំពោះប្រធានបទទាក់ទងនឹងការបោះឆ្នោតវិញ ឯកអគ្គរដ្ឋទូតរូបនេះ បានបង្ហាញបំណងចង់ស្វែងយល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣។

ជាការឆ្លើយតបចំពោះប្រធានបទទី១ អំពីកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំងពីរ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីនៃភាគីទាំងពីរឱ្យចាប់ផ្ដើមការជជែកបន្ថែម ក្នុងការកំណត់កិច្ចការចម្បងនិងកិច្ចការដែលភាគីទាំងពីរចង់ឱ្យមានក្របខណ្ឌសហប្រតិបត្តិការល្អជាមួយគ្នា។ ចំណែកប្រធានបទទី២ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរ តម្រូវឱ្យមានការសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងប្រទេស ដែលរួមមានជនរងគ្រោះ ត្រូវបានគេឆបោកមកកាន់កម្ពុជា និងទាំងក្នុងប្រទេសកម្ពុជា ដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឬសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោក នាំមនុស្សឆ្លងដែនខុសច្បាប់។

លោក ស ខេង ក៏បានឆ្លើយតបលោកឯកអគ្គរដ្ឋទូតបារាំងទៅលើប្រធានបទទី៣ ដោយអះអាងថា ជាការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ពុំមានអ្វីជាបញ្ហាចោទនោះទេ ដោយសារកម្ពុជាធ្លាប់បានដំណើរការបោះឆ្នោតជាច្រើនលើក ពិសេសការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះ។

គួរជម្រាបជូនថា នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ក៏កត់សម្គាល់ផងដែរលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ លោកក៏បានគូសញ្ជាក់ថា កន្លងមកអាជ្ញាធរកម្ពុជាបាននិងកំពុងប្រយុទ្ធប្រឆាំងបញ្ហាទាំងនោះយ៉ាងសកម្មផងដែរ៕

website_news/2022031105.txt · Last modified: 2022/11/03 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki