website_news:2022040201

ក្រសួងសុខាភិបាលមានសុទិដ្ឋិនិយ ដោយសារករណីអូមីក្រុងថ្មីភាគច្រើនជាករណីស្រាល

https://www.khmertimeskh.com/ Yim Sreylin / Khmer Times February 2, 2022

អស់រយៈពេលជាងពីរឆ្នាំដែលជំងឺរាតត្បាតកូវីដ-១៩ បានបង្កផលវិបាក រហូតដល់មានករណីស្លាប់ជាច្រើន ក៏ប៉ុន្តែពេលនេះ យើងមើលឃើញថាវីរុសបម្លែងថ្មី អូមីក្រុង មានកម្រិតស្រាលជាងវីរុស ដែលតា ដែលបានឆក់យកជីវិតមនុស្សជាង ៣,០០០ នាក់នៅក្នុងប្រទេសកម្ពុជា។ បើទោះបីវីរុស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗបណ្តាលឲ្យមានករណីឆ្លងកើនឡើងក៏ដោយ ក៏មិនមានករណីស្លាប់ណាមួយត្រូវបានរាយការណ៍ក្នុងរយៈពេលជាច្រើនខែមកនេះដែរ។ ហើយអាជ្ញាធរសុខាភិបាលបានសន្មតថានេះជាលទ្ធផលនៃអត្រាការចាក់វ៉ាក់សាំងខ្ពស់ក្នុងទូទាំងប្រទេស ជម្រើសនៃការព្យាបាលប្រសើរឡើង និងវិធានការសុខភាពដែលមានប្រសិទ្ធភាព។

លោក ហុក គឹមចេង អ្នកនាំពាក្យក្រសួងសុខាភិបាល និយាយកាលពីម្សិលមិញថា មានកត្តាចំនួនប្រាំដែលចង្អុលឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាត បើទោះជាវីរុសអូមីក្រុងមានការចម្លងខ្ពស់ជាងមុនក៏ដោយ ជាពិសេស វីរុសបំប្លែងខ្លួនអូមីក្រុងរងប្រភេទ BA.2 ។ លោកលើកឡើងថា៖ «ទីមួយ អត្រាករណីស្លាប់បានថយចុះដល់សូន្យ ក្រោយពីមនុស្សជាង ៣,០០០ នាក់ត្រូវស្លាប់ដោយសារជំងឺកូវីដ-១៩ និងវីរុសបម្លែងថ្មីរបស់វា។ អស់រយៈពេលជាងបីខែហើយ កម្ពុជាមិនបានកត់ត្រាករណីរស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ។ ទីពីរចំនួននៃការឆ្លងក្នុងកម្រិតធ្ងន់ធ្ងរបានថយចុះពីអ្នកជំងឺប្រហែល ១,៥០០ នាក់មកមិនលើសពី ២០០ នាក់ដែលកំពុងទទួលការព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»។ លោកបន្តថា៖ «ទីបី ករណីឆ្លងវីរុស ដែលតា ដ៏លែងមានខ ណៈវត្តមានរបស់វីរុសអូមីក្រុង និងវីរុសបម្លែងខ្លួនរងកើតមាន។

ករណីឆ្លងវីរុសដែលតា មិនត្រូវបានរាយការ៍បន្ថែមទៀត ហើយវាក៏លែងជាមូលហេតុដែលគួរព្រួយបារម្ភទៀតដែរ»។ លោកថា៖ «ទី៤ ជម្រើសព្យាបាលមានភាពប្រសើរឡើង ហើយដោយសារការឆ្លងមានកម្រិតស្រាល អ្នកជំងឺអាចទទួលការព្យាបាលនៅផ្ទះបាន»។ លោកបន្ថែមថា៖ «ជាចុងក្រោយ គឺអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ដែលគ្រប់ដណ្តល់លើកត្តាចំនួនបួនខាងលើ។ យើងខ្ញុំអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននាំយកវ៉ាក់សាំងទៅចាក់ជូនគ្រប់ជាតិសាសន៍ក្នុងប្រទេសដោយមិនគិតថ្លៃ»។ លោកកត់សម្គាល់ថាវីរុស អូមីក្រុង មានកម្រិតជំងឺស្រាលជាងមុន ខណៈករណីឆ្លងកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងករណីឆ្លងទូទាំងប្រទេស ដែលអាចប្រៀបធៀបបានជាមួយនឹងជំងឺគ្រុនផ្តាសាយបាន។

ជាមួយគ្នានេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និយាយកាលពីម្សិលមិញថា ការគំរាមកំហែងនៃមេរោគកូវីដ-១៩ ដែលឆ្លងដោយពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ លែងជាមូលហេតុដែលគួរឲ្យព្រួយបារម្ភទៀតហើយ ដោយសារការធ្វើតេស្តតឹងរ៉ឹងនៅតាមព្រំដែន។ លោកបន្តថា៖ «បទពិសោធន៍កន្លងមកក្នុងការគ្រប់គ្រងលំហូរចូលនៃពលករចំណាកស្រុក និងការកើនឡើងនៃករណី Delta បានអនុញ្ញត្តឲ្យពួកយើងស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការដោះស្រាយជាមួយករណីឆ្លងនាំចូលនៃវីរុស Omicron និងវីរុសបម្លែងខ្លួនរង BA.2 នាពេលនេះ»។

បើតាមលោកឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ ក្នុងចំណោមពលករចំណាកស្រុកជាង ៥០០ នាក់ ដែលស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក គឺមិនមានចំនួនលើសពីមួយរយនាក់ ដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលកូវីដ-១៩ ឡើយ។ លោកនិយាយថា៖ «ពួកគេបានត្អូញត្អែរថា ការឆ្លងមានកម្រិតស្រាល ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យទទួលការព្យាបាលនៅផ្ទះដូចនៅផ្នែកផ្សេងទៀតនៃប្រទេសឡើយ។ ទោះយ៉ាងណា ដោយសារតែវីរុស អូមីក្រុង និងវីរុសបម្លែងខ្លួនរងមានសន្ទុះឆ្លងខ្ពស់ យើងមិនអនុញ្ញាតឲ្យមានការព្យាបាលនៅផ្ទះនោះទេ ដើម្បីការពារការរីករាលដាលណាមួយកើតមាន»។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយក្នុងសារជាសំឡេងកាលពីម្សិលមិញថា លោកស្រីចង់ធ្វើការអំពាវនាវយ៉ាងខ្លាំងក្លា និងជាថ្មីទៀតដល់បងប្អូនជនរួមជាតិ ឲ្យបន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ។ លោកស្រីបន្តថា៖ «ហើយសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងទាំងអស់គ្នា។ ជាពិសេស វ៉ាកសាំងដូសជំរុញដើម្បីបង្កើនការការពារក្នុងប្រព័ន្ធរាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសអូមីក្រុង និងវីរុសបម្លែងខ្លួនរង ដែលបាននិងកំពុងរីករាលដាលជារៀងរាល់ថ្ងៃ»៕

website_news/2022040201.txt · Last modified: 2022/02/07 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki