website_news:2022040301

ដោយសារកូវីដផងនិងនឹកផ្ទះផង ពលករជាច្រើននាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៣ ខែ មីនា ឆ្នាំ ២០២២ ម៉ោង ១៥:៥២

ខេត្តបន្ទាយមានជ័យ ៖ រយៈពេលត្រឹមតែ៣ថ្ងៃដើមខែមីនា ២០២២ ភាគីថៃបានបញ្ជូនពលករខ្មែរត្រឡប់តាមច្រកតំបន់ និងអន្តរជាតិក្នុងខេត្តបន្ទាយមានជ័យ ហាក់ច្រើនខុសសព្វមួយដង គឺមានចំនួនជាង១០០០នាក់ ។ នេះបើតាមកាឱ្យដឹងពីមន្ត្រីជំនាញ ។ របាយការណ៍ពលករបញ្ជូនត្រឡប់ពីថៃនៅថ្ងៃទី៣នេះ ដ្បិតក្រុមមន្ត្រីជំនាញមិនទាន់បង្ហើបឲ្យដឹង ព្រោះកំពុងធ្វើការនៅឡើយ ប៉ុន្តែសម្រាប់ថ្ងៃទី១ និងទី២ មីនា មានពលករជិត ១០០០នាក់ (ស្រី៣៨០នាក់, កុមា១៣២នាក់) បានគេបញ្ជូនដល់ទឹកដីកំណើតវិញហើយ។

ប្រភពពីមន្ត្រីប្រាប់ថា កាលពីថ្ងៃទី១ មីនា មានពលករចំនួន២៨២នាក់ (ស្រី១០៤នាក់,កុមា៤៧នាក់) ។ ក្នុងចំណោមនេះ ពលករចំនួន១៧៧នាក់ត្រូវភាគីថៃបញ្ជូនតាមច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅជាច្រកកិច្ចព្រមព្រៀង(MOU) រវាងខេត្តបន្ទាយមានជ័យកម្ពុជានិងស្រះកែវថៃ៨៧នាក់ តាមច្រកតំបន់ម៉ាឡៃ១៥នាក់ តាមច្រកតំបន់បឹងត្រកួន និង៣នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ថ្ងៃទី២ មីនា ចំនួន៦៨៧នាក់ (ស្រី២៧៦ កុមា៨៥នាក់) ដោយ៣១៨នាក់ និងតាមច្រករបៀងអូរបីជាន់, ច្រកតំបន់ម៉ាឡៃ១៥៣នាក់, ច្រកតំបន់បឹងត្រកួន២៤នាក់ និង១៩២តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ មន្ត្រីដដែលគូសបញ្ជាក់ថា រយៈពេល៣ថ្ងៃចុងក្រោយនៃដើមខែមីនានេះ មានពលករជាច្រើនត្រូវបានភាគីថៃបញ្ជូនមកឲ្យភាគីកម្ពុជាតាមច្រកអន្តរជាតិ,ច្រកតំបន់ និងច្រកកិច្ចព្រមព្រៀងMOU(ច្រករបៀងអូរបីជាន់)ក្នុងខេត្តបន្ទាយមានជ័យ។ សាកសួរករណីភាគីថៃបញ្ជូនពលករត្រឡប់នេះ មន្ត្រីខាងលើប្រាប់ថា យោងការសួរនាំក្រុមពលករប្រាប់ថាពួកគេមិនបានវិលចូលស្រុកកំណើត២ឆ្នាំមកហើយ ដោយសាមេរោគកូវីដ ។ ម្យ៉ាងទៀតក៏នឹកក្រុមគ្រួសាទើបនាំគ្នាជួលរថយន្តជិះបម្រុងមកព្រំដែនដោយខ្លួនឯង តែត្រូវសមត្ថកិច្ចថៃឃាត់សួរនាំនិងដឹកបញ្ជូនវិញ ខណៈមួយចំនួនទៀត ត្រូវសមត្ថកិច្ចថៃចាប់តាមដងផ្លូវពេលកំពុងធ្វើដំណើរត្រឡប់។

មន្ត្រីជំនាញបន្តថា ពលករទាំងអស់ក្រោយទទួលពីភាគីថៃត្រូវដឹកទៅកាន់មណ្ឌលសំចតរបស់ក្រសួងសង្គមកិច្ច ដែលមានការិយាល័យនៅក្រុងប៉ោយប៉ែត ដើម្បីធ្វើតេស្តិរហ័ស ។មន្ត្រីបន្តទៀតថា ពលករដែលបានចាក់វ៉ាក់សាំង២ដូស ឬ៣ដូសរួចហើយ គឺអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើត។ ដោយឡែក អ្នកទើបបានចាក់ដុសទី១ ឬមិនទាន់បានចាក់សោះ នឹងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកូបធំក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត។ ចំពោះអ្នកដែលធ្វើតេស្តិរហ័សរកឃើញមានវិជ្ជមាន គឺបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កកងវ៉ាក្នុងក្រុងសិរីសោភ័ណ។ យ៉ាងណាក៏ដោយ មន្ត្រីដដែលលើកឡើងថា រាល់ពលករបញ្ជូនពីថៃអ្នកមិនទាន់ចាក់វ៉ាក់សាំងឬអ្នកធ្វើតេស្តិវិជ្ជមានមានតិចតួចណាស់៕

website_news/2022040301.txt · Last modified: 2022/03/04 10:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki