website_news:2022040401

ត្រឹម៧ថ្ងៃចុងខែមីនា ពលករបញ្ជូនពីថៃមកកម្ពុជាវិញជិត៣៧០០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០១ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ១៦:៥៣

ខេត្តបន្ទាយមានជ័យ ៖ ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២២ ខិតជិតចូលមកដល់ ពលករខ្មែរបញ្ជូនពីថៃតាមច្រករបៀង, តំបន់និងអន្តរជាតិ ក្នុងខេត្តបន្ទាយមានជ័យ ហាក់មានចំនួនកើនឡើង។ បើគិតត្រឹមរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ចុងខែមីនា ឆ្នាំ២០២២នេះ ។ ហើយពលករខ្មែរបញ្ជូនពីថៃតាមច្រកនានា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ៖ ច្រកកិច្ចព្រមព្រៀងរវៀង ខេត្តបន្ទាយមានជ័យកម្ពុជា និងខេត្តស្រះកែវ ថៃ (MOU) គឺច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ, ច្រករបៀង ក្នុងស្រុកម៉ាឡៃ, ច្រកតំបន់បឹងត្រកួន និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានជិត៣៧០០នាក់។ ក្នុងចំណោមពលករទាំងនេះ ក៏មានស្ត្រី១៥១៦នាក់ កុមារ៤៨៣នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដជិត២០នាក់ផងដែរ (ក្នុងនោះស្រី១០នាក់) ។ នេះបើតាមប្រភពពីមន្ត្រីជំនាញផ្នែកទទួលពលករបញ្ជូនពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ។ ហើយរាល់ទីតាំងទទួលពលករបញ្ជូនពីថៃ គេឃើញមានមន្ត្រីជំនាញផ្នែកចត្តាឡីស័ក បានធ្វើការត្រួតពិនិត្យសុខភាពពលករយ៉ាងតឹងរឹង ប៉ុន្តែទីតាំងទទួលពលករនៅច្រករបៀងអូរបីជាន់ ហាក់មានការធូររលុង ដោយមានក្រុមអ្នកលក់ស៊ីមទូរស័ព្ទបានពពាក់ពពូនគ្នាជាមួយពលករដែលវិលត្រឡប់ពីថៃ មុនក្រុមពលករចូលទៅដល់ទីតាំងត្រួតពិនិត្យរបស់មន្ត្រីជំនាញ។

គួរបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩ ចាប់ផ្តើមរាតត្បាតនៅទូទាំងពិភពលោក ប្រទេសថៃបានធ្វើការបិទច្រកទាំងអស់តាមបន្ទាត់ព្រំដែនជាប់កម្ពុជា លើកលែងតែច្រកទ្វារអន្តរជាតិមួយចំនួន ជាពិសេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺនៅបន្តឲ្យចរាចររថយន្តធំៗដឹកទំនិញចេញចូលមកកម្ពុជាជាធម្មតា និងមួយរយៈចុងក្រោយនេះ ច្រកតំបន់ទាំង២នៅខេត្តបន្ទាយមានជ័យ គឺច្រកតំបន់ម៉ាឡៃ និងបឹងត្រកួនភាគីទាំង២ បានបើកដំណើរការឲ្យរថយន្តថៃចូលមកដឹកកសិផលខ្មែរ ដូចដើមឡើងវិញ៕

website_news/2022040401.txt · Last modified: 2022/04/04 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki