website_news:2022040404

ការបើកដំណើរការស្មុំកូនឡើងវិញនៅកម្ពុជា នាំឱ្យមានក្តីបារម្ភ និងការរិះគន់

https://khmer.voanews.com/ 31 មីនា 2022ហ៊ុល រស្មី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង១០ឆ្នាំ ដែលការណ៍នេះ នាំឱ្យមានក្តីបារម្ភពីអង្គការសិទ្ធិមនុស្សក្នុងស្រុក ដោយសារប្រព័ន្ធគ្រប់គ្រងដំណើរការស្មុំកូននេះ នៅទន់ខ្សោយនៅឡើយ។ នេះ ជាការកត់សម្គាល់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបង្ហាញក្តីបារម្ភជាខ្លាំងចំពោះការវិវឌ្ឍចុងក្រោយនៃការស្មុំកូនជាអន្តរប្រទេសនេះ។ អង្គការលីកាដូបានថ្លែងក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ ខែមីនាថា យោងតាមការបង្ហាញច្បាស់ៗពីរដ្ឋាភិបាលប្រទេសអ៊ីតាលី «ការស្មុំកូនពីប្រទេសកម្ពុជាយ៉ាងតិចចំនួនប្រាំបួននាក់ដែលអាចកើតមានឡើង គឺកំពុងត្រូវបានដំណើរការដោយទីភ្នាក់ងារស្មុំកូនរបស់ជនជាតិអ៊ីតាលី»។ សេចក្តីប្រកាសបានសរសេរតាមន័យដើមថា៖ «យើងខ្ញុំព្រួយបារម្ភថា ការសម្រេចចិត្តទាំងនេះ នឹងនាំឱ្យគ្រួសារជាច្រើនទៀត ត្រូវបែកបាក់ មិនអាចជួបជុំគ្នាវិញបាន ដោយសារប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយនេះ មិនទាន់បានការពារផលប្រយោជន៍ល្អបំផុតរបស់កុមារកន្លងមក»។ អង្គការលីកាដូបន្ថែមក្នុងសេចក្តីប្រកាសនេះថា៖ «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៅតែខ្វះប្រព័ន្ធការពារកុមារ ប្រព័ន្ធតុលាការ និងវិធានការប្រឆាំងអំពើពុករលួយឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថា ការស្មុំកូន នឹងដំណើរការទៅស្របតាមផ្លូវច្បាប់ និងក្រមសីលធម៌»។

នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ឪពុកម្តាយ ឬអាណាព្យាបាលកុមារនៅប្រទេសកម្ពុជា បានទទួលរងគ្រោះពីភាពមិនច្បាស់លាស់នៃនីតិវិធីស្មុំកូន ដោយពេលខ្លះ ពួកគេយកកុមារទៅដាក់នៅមណ្ឌលកុមារកំព្រា ប៉ុន្តែកុមារទាំងនោះមួយចំនួនបែរជាត្រូវបានគេស្មុំយកចេញពីប្រទេសកម្ពុជា។ លោកនិយាយថា៖ «ករណីហ្នឹង គឺយើងទទួលបានច្រើន កាលកន្លងមក គឺ១៥ករណីដែលទាក់ទងនឹងកូនដែលមានឪពុកម្តាយបង្កើត ហើយត្រូវយកទៅដាក់នៅមជ្ឈមណ្ឌលកុមារកំព្រា ក្រោយមកស្រាប់តែមានដំណើរការនៃការស្មុំកូនចេញទៅក្រៅប្រទេស ហើយធ្វើឱ្យពួកគាត់ហ្នឹងមានការតក់ស្លុត ដោយសារតែកូនរបស់គាត់ត្រូវបានបែកចេញ ហើយយកទៅប្រទេសខាងក្រៅធ្វើជាកូនហ្នឹង»។ លោកបន្ថែមថា៖ «ហើយនៅក្នុងហ្នឹង គឺមាន ឪពុកម្តាយខ្លះ ស្វះស្វែង ហើយនឹងអង្គការលីកាដូក៏ស្វះស្វែងរកអាសយដ្ឋាន និងការទំនាក់ទំនងទៅដល់ឪពុកម្តាយរបស់គេ ហើយគេអាចនឹងធ្វើទំនាក់ទំនងគ្នាវិញបាន។ ខ្លះទៀតមកទល់ឥឡូវ គឺមិនមានការទំនាក់ទំនងជាមួយកូនបានទេ»។ បើតាមលោក អំ សំអាត កន្លងមករដ្ឋាភិបាលបានផ្អាកការស្មុំកូននេះ ក្រោយពីរកឃើញភស្តុតាងបញ្ជាក់ពីការក្លែងបន្លំ អំពើពុករលួយ និងភាពមិនប្រក្រតីមួយចំនួនទៀតនៅក្នុងដំណើរការនៃការស្មុំកូនជាអន្តរប្រទេសនេះ ដែលបានបង្កផលប៉ះពាល់លើទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ហើយក៏អាចមានការឆបោកផងដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក តូច ចាន់នី ស្នើឱ្យអង្គការលីកាដូបង្ហាញរបាយការណ៍ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការស្មុំកូនពីប្រទេសកម្ពុជា ដែលមិនទាន់បានផ្តល់ភាពស្របច្បាប់ដល់ភ្នាក់ងារអន្តរជាតិណាមួយនៅឡើយ ក្នុងនោះ គឺប្រទេសអ៊ីតាលីដើម្បីអាចស្មុំកូនពីកម្ពុជា។ លោកថ្លែងថា៖ «បើតាមដែលខ្ញុំដឹង មកដល់ពេលនេះ ភ្នាក់ងារអ៊ីតាលីគេបានស្នើសុំដាក់ បង្កើតទីភ្នាក់ងារសុំកូនអន្តរប្រទេសហើយ។ ក៏ប៉ុន្តែក្រសួងដូចមិនទាន់បានអនុញ្ញាត។ មែនទែនទៅ គាត់បង្កើតភ្នាក់ងារមកស្មុំកូន… សុំការអនុញ្ញាតពីក្រសួងហើយ បានន័យថា សុំ license [អាជ្ញាបណ្ណ] ពីក្រសួង អាហ្នឹង បានគាត់ដំណើរការបាន។ តែមកដល់ពេលនេះ តាមតែខ្ញុំដឹង គឺគាត់បានដាក់ពាក្យស្នើ ប៉ុន្តែក្រសួងមិនទាន់បានសម្រេចថា ឱ្យគាត់ជា ភ្នាក់ងារស្របច្បាប់ សម្រាប់ស្មុំកូនអន្តរប្រទេសនៅឡើយទេបាទ។ នេះ អ្វីដែលខ្ញុំបានដឹង។ អ្វីដែលខ្ញុំបានគ្រប់គ្រង»។

លោកប្រតិកម្មទៅនឹងអង្គការលីកាដូថា៖ «រឿងលីកាដូនេះ បើសិនជាគាត់មានព័ត៌មានសុំឱ្យគាត់បង្ហាញព័ត៌មានហ្នឹងមកក្រសួងផង ព្រោះក្រសួងអត់ដឹងទេ…មិនដឹងគាត់ចេញតាមច្រកណា។ ខ្ញុំមិនដឹងទេ។ គាត់មានភ្នាក់ងារគាត់តាមច្រកណា? ខ្ញុំមិនដឹងទេ។ ខាងក្រសួងគឺយើងប្រើយន្តការតាមច្រក ភ្នាក់ងារអន្តរប្រទេសនេះបាទ។ ហើយបើគាត់មានព័ត៌មាននេះសុំឱ្យគាត់ផ្ញើព័ត៌មានមកឱ្យក្រសួងផង ដើម្បីឱ្យក្រសួងស្រាវជ្រាវមើល ។ តើរឿងនេះវាមែនមិនមែន?ពិតមិនពិត? បាទ!»។ រដ្ឋាភិបាលបានបង្កើតឱ្យមានច្បាប់សម្រាប់ការស្មុំកូនជាអន្តរប្រទេសនេះ កាលពីឆ្នាំ២០០៩ ប៉ុន្តែត្រូវមានការរៀបចំឯកសារគតិយុត្តិទាក់ទងផ្សេងៗទៀត ដើម្បីធានាថា ការស្មុំកូនធ្វើឡើងដោយគ្មានហានិភ័យលើកុមារកម្ពុជា។នេះបើតាមលោក តូច ចាន់នី។

យ៉ាងណាក៏ដោយ បើតាមអង្គការលីកាដូទីភ្នាក់ងាររាជរដ្ឋាភិបាលកម្ពុជា និងអ៊ីតាលីមិនបានអើពើទេចំពោះសំណើសុំព័ត៌មានពីអង្គការលីកាដូ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អំពីការបើកដំណើរការស្មុំកូនជាអន្តរប្រទេសឡើងវិញ ក្នុងនោះរួមមានសំណើសុំព័ត៌មានអំពីកិច្ចព្រមព្រៀងទ្វេភាគី នីតិវិធីពាក់ព័ន្ធ ក៏ដូចជាពេលវេលារំពឹងទុកដែលកុមារទាំងនេះនឹងចាកចេញពីប្រទេសកម្ពុជា។ អង្គការសិទ្ធិមនុស្សលីកាដូបានកត់ត្រាទុកថា ចាប់តាំងពីឆ្នាំ២០១៧មក ប្រជាពលរដ្ឋចំនួនប្រាំមួយគ្រួសារបានទាក់ទងមកអង្គការលីកាដូ ដើម្បីស្វែងរកព័ត៌មានអំពីកុមារចំនួន១៥នាក់ ដែលត្រូវបានគេស្មុំ ដោយបោកបញ្ឆោតចេញពីប្រទេសកម្ពុជាក្នុងទសវត្សរ៍២០០០។ កំណត់ត្រារបស់អង្គការលីកាដូបង្ហាញថា កុមារមួយចំនួនត្រូវបានកំណត់ទីតាំងថា កំពុងស្ថិតនៅក្រៅប្រទេស បន្ទាប់ពីការស៊ើបអង្កេតយ៉ាងទូលំទូលាយ ប៉ុន្តែសម្រាប់កុមារផ្សេងទៀត គឺមិនមានការបញ្ជាក់ពីទីកន្លែងដែលពួកគេកំពុងរស់នៅ អ្នកដែលមើលថែទាំពួកគេ ឬថាតើពួកគេនៅរស់ឬយ៉ាងណា ដោយទុកឱ្យគ្រួសាររបស់ពួកគេស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់និងបន្តរងការឈឺចាប់។

អ្នកស្រី នាង ផល វ័យ៤២ ឆ្នាំ ជាម្តាយកូនប្រាំនាក់ ហើយដែលក្នុងចំណោមកូនប្រាំនាក់នោះគឺមានបីនាក់ត្រូវបានគេសុំយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលី។ អ្នកស្រីប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា គាត់បានបាត់ការទាក់ទងជាមួយកូនអស់រយៈពេល១១ឆ្នាំមកហើយ ក្រោយយកកូនៗដែលមានស្រី២ នាក់និងប្រុសម្នាក់មកដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងទីក្រុងភ្នំពេញ ដោយសារបញ្ហាជីវភាព។ អ្នកស្រី នាង ផល ដែលសព្វថ្ងៃជាកម្មករសំណង់ក្នុងទីក្រុងភ្នំពេញ និងបច្ចុប្បន្នមានទីលំនៅនៅខេត្តកំពង់ធំ បន្តថា បន្ទាប់ពីអង្គការលីកាដូជួយស្វះស្វែងរកកូន អ្នកស្រីទើបតែបានឃើញរូបថតកូនៗកាលពីអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំមុន។ ប៉ុន្តែមកទល់ពេលនេះ អ្នកស្រីមិនទាន់បានទាក់ទងកូនតាមមធ្យោបាយទំនាក់ទំនងណាមួយ ឬមិនទាន់ជួបកូនផ្ទាល់នៅឡើយ។ «ទៅយករូបថតហ្នឹង អង្គការលីកាដូគេ បាញ់អាហ្វេសប៊ុក អាម៉ែធម៌ឪធម៌ឱ្យយើងចូលមក។ ហើយយើងហ្នឹងក៏មិនចេះអង់គ្លេសចុចទៅវិញ។ តើគេតបវិញឬអត់? អ៊ីចឹង»។

គិតចាប់តាំងពីឆ្នាំ ២០២០ មកអង្គការលីកាដូបានធ្វើការលើករណីចំនួន៤ពាក់ព័ន្ធនឹងកុមារចំនួន១០នាក់ ដែលត្រូវបានដាក់ក្នុងមណ្ឌលកុមារកំព្រាដែលមានប្រព័ន្ធគ្រប់គ្រងមិនមានតម្លាភាព។ បើតាមអង្គការលីកាដូ នៅក្នុងករណីនីមួយៗ អាជ្ញាធរបានបដិសេធអស់រយៈពេលជាច្រើនខែមិនប្រាប់ឪពុកម្តាយ ឬអាណាព្យាបាលថា កូនៗរបស់ពួកគេនៅទីណាទេ។ ក្នុងករណីមួយ កុមារម្នាក់បានបាត់ខ្លួនពីមណ្ឌលដែលគ្រប់គ្រងដោយរដ្ឋ ហើយដំណើរការនៃការស្មុំកូនក្នុងប្រទេសបានចាប់ផ្តើមដោយពុំមានការដឹងឮ ឬការយល់ព្រមពីម្តាយរបស់កុមារនោះទេ ហើយទោះបីជាគាត់ចង់ជួបជុំជាមួយកូនរបស់គាត់វិញក៏ដោយ។ កុមារម្នាក់ៗ បានជួបគ្រួសាររបស់ពួកគេវិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ជាច្រើនតែប៉ុណ្ណោះ។ នេះបើតាមអង្គការលីកាដូ។

អ្នកស្រីនាង ផល ដែលទន្ទឹមរង់ចាំផ្លូវកូននោះ ក៏បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា កូនៗរបស់អ្នកស្រីត្រូវគេស្មុំយកទៅចិញ្ចឹមនៅប្រទេសអ៊ីតាលី ដោយគ្មានការស្នើសុំពីអ្នកស្រីទេ។ អ្នកស្រីបន្ថែមថា អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រាដែលអ្នកស្រីយកកូនទៅផ្ញើ ដើម្បីទទួលបានការរៀនសូត្រនោះ បានត្រឹមតែប្រាប់អ្នកស្រីថា ថ្ងៃណាមួយអ្នកស្រីគង់តែនឹងបានជួបកូនៗរបស់អ្នកស្រីវិញទេ។ អ្នកស្រីនិយាយថា៖ «ខ្ញុំចេះតែថា ហឺមគេសើច គេយំខ្ញុំ។ គេថា ខ្ញុំលក់កូនអីអ៊ីចឹង ហើយទៅ គាត់ថា តែកូនយើងមកវិញគេលែងថាហើយ!»។

គិតត្រឹមឆ្នាំមុន កុមារកម្ពុជាយ៉ាងតិចណាស់ចំនួន ៥.៤៤០នាក់ បានរស់នៅក្នុងមណ្ឌលនានា ខណៈកុមារមួយចំនួនមានឪពុកម្តាយរស់នៅនៅឡើយ។ នេះបើតាមអង្គការលីកាដូ។ អង្គការសិទ្ធិមនុស្សដដែលនេះថា ការថែទាំកូនតាមគ្រួសារនៅក្នុងប្រទេស ដូចជាការបង្រួបបង្រួមឱ្យជួបជុំគ្រួសារការថែទាំដោយសាច់ញាតិ ការថែទាំដោយឪពុកម្ដាយធម៌ និងការស្មុំកូនក្នុងប្រទេស ទាំងអស់នេះ គឺមានភាពល្អប្រសើរជាងការស្មុំកូនជាអន្តរប្រទេស។ ប៉ុន្តែប្រព័ន្ធទាំងនេះមិនទាន់ដំណើរការបានស្រួលបួលពេញលេញនោះទេ ហើយប្រព័ន្ធនីមួយៗក៏នៅខ្វះធនធានបុគ្គលិកសង្គមកិច្ច ហើយក៏មិនទាន់បណ្តុះបណ្តាលបុគ្គលិកឱ្យបានគ្រប់គ្រាន់ផងដែរ៕

website_news/2022040404.txt · Last modified: 2022/04/04 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki