website_news:2022040701

ទូតថ្មីរបស់អ៊ីស្រាអែលចង់នាំពលករកម្ពុជា១ពាន់នាក់ទៅធ្វើកសិកម្មនៅប្រទេសរបស់ខ្លួន

https://www.rfi.fr/ ចុះផ្សាយនៅថ្ងៃ៖ 02/07/2022 - 08:33 ដោយ៖អេង គីមហុង

ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែលលោកស្រី Orna SAGIV ចង់នាំយកពលករកម្ពុជាប្រមាណ១ពាន់នាក់ជាជំហ៊ានដំបូងទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសរបស់ខ្លួន។ ភាគីអ៊ីស្រាអែល បានប្រាប់ពីបំណងនេះនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន នៅក្នុងជំនួបទ្វេភាគីនៅថ្ងៃទី១កក្កដាម្សិលមិញ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២កក្កដានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មបានគូសបញ្ជាក់ថា ទាំងកម្ពុជានិងអ៊ីស្រាអែលសង្ឃឹម នឹងបានចុះកិច្ចព្រមព្រៀងរួមគ្នាក្នុងពេលឆាប់ៗខាងមុខ។ ប្រសិនបើកិច្ចព្រមព្រៀងស្ដីពីការនាំពលករចេញរវាងកម្ពុជានិងអ៊ីស្រាអែលត្រូវបានដាក់អនុវត្ត វានឹងជួយពង្រឹងនិងពង្រីកសមត្ថភាពកសិករកម្ពុជា ទាំងផ្នែកទ្រឹស្តីនិងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់អ៊ីស្រាអែលទាំងការចិញ្ចឹមសត្វនិងដាំដុះ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។ បើតាមលោករដ្ឋមន្ត្រី ក្រៅតែពីជំនាញផ្នែកកសិកម្ម ពលករកម្ពុជាក៏ទទួលបានបៀវត្សខ្ពស់ចន្លោះពី១ពាន់ទៅ១៥០០ដុល្លារក្នុងមួយខែ។ មិនត្រឹមតែប៉ុណ្ណេះ ពេលត្រឡប់មកវិញពលករកម្ពុជាអាចប្រើប្រាស់បច្ចេកទេសថ្មីក្នុងការធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងសហគមន៍របស់ពួកគេ។ លោក វេង សាខុន បានប្រាប់ឲ្យដឹងទៀតថា នេះជាលើកដំបូងហើយដែលអ៊ីស្រាអែលមានបំណងចង់នាំពលករកម្ពុជាទៅធ្វើការផ្នែកកសិកម្មនៅប្រទេសរបស់ខ្លួន ខណៈដែលប្រទេសថៃ ពលរដ្ឋរបស់គេទៅធ្វើការនៅទីនោះចន្លោះពី៣ទៅ៣៥០០០នាក់។

បើតាមលោករដ្ឋមន្ត្រីជំហររបស់លោកស្រីឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែល ចង់ឲ្យដំណើរការនាំពលករទៅធ្វើការនៅអ៊ីស្រាអែលធ្វើឡើងជាលក្ខណៈរដ្ឋនិងរដ្ឋ មិនមែននាំចេញតាមរយៈក្រុមហ៊ុនឯកជនឡើយ។ ហើយពលករកម្ពុជាដែលអាចនឹងជ្រើសរើស ដើម្បីបានទៅធ្វើកសិកម្មនៅអ៊ីស្រាអែលអាចជាកសិករមានជំនាញស្រាប់ និងមិនមានជំនាញខ្លះ រួមនឹងការប្រើប្រាស់ភាសាអង់គ្លេសបាន។ ជុំវិញគម្រោងនាំពលករកម្ពុជាចេញទៅធ្វើកសិកម្មនៅប្រទេសអ៊ីស្រាអែល មានការស្វាគមន៍ពីសំណាក់អ្នកជំនាញកសិកម្មរបស់កម្ពុជា។ ពួកគេយល់ឃើញមិនខុសពីក្រសួងកសិកម្មដោយចាត់ទុកឱកាសការងារនៅទីនោះ នឹងពង្រឹងសមត្ថភាពការងាររបស់ពលរដ្ឋខ្មែរពេលត្រឡប់មកស្រុកវិញ។ ប៉ុន្តែយ៉ាងណាមិញ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មលើកឡើងថា ក្រសួងកសិកម្មគួរមានយន្តការរក្សាទុកធនធានដែលត្រឡប់មកពីអ៊ីស្រាអែលដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្មកម្ពុជា។

សូមជម្រាបជូនថា គម្រោងនាំពលករកម្ពុជាចេញទៅធ្វើកសិកម្មនៅអ៊ីស្រាអែលនាពេលនេះជំនួសឲ្យការកាត់បន្ថយចំនួននិស្សិតទៅសិក្សាផ្នែកកសិកម្មនៅទីនោះពី២០០នាក់មកនៅត្រឹម១០០នាក់។ ប៉ុន្តែកម្ពុជាស្នើឲ្យអ៊ីស្រាអែលរក្សាកូតានាំនិស្សិតចេញចំនួន២០០នាក់នេះឲ្យនៅដដែល។ រយៈពេល១៤ឆ្នាំនិស្សិតកម្ពុជាផ្នែកកសិកម្មឆ្នាំទី៣បានទៅហាត់ការនៅប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នចំនួន១៤៦៩នាក់។ បើតាមក្រសួងកសិកម្ម បច្ចុប្បន្នពួកគេបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ មក្នុងការចែករំលែកបទពិសោធន៍ល្អៗ ទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែល ដើម្បីអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែរីកចម្រើនស្របតាមផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម៕

website_news/2022040701.txt · Last modified: 2022/07/04 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki