website_news:2022040702

កម្លាំងចម្រុះបង្ក្រាបមេខ្យល់ ២ នាក់ បម្រុងនាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍ | Publication date 01 July 2022 | 13:43 ICT

បាត់ដំបងៈ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមេខ្យល់ ២ នាក់ ដែលប៉ុនប៉ងនាំពលករចំនួន ៥ នាក់ឆ្លងទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់កាលពីយប់រំលងអធ្រាត្រថ្ងៃទី ៣០ ខែមិថុនា។

ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃជាប់ភូមិសាស្ត្រក្រុមទី ០៧ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ក្រោមកិច្ចសហការរវាងនគរបាលស្រុក កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កម្លាំងកងយោធពលខេមរភូមិន្ទក្នុងវរសេនាតូចលេខ ១ និងកម្លាំងវរសេនា តូច ៥៣៣ ប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

មេខ្យល់ទាំង ២ នាក់នោះមានឈ្មោះ មឿន មានអាយុ ៣៧ ឆ្នាំនិងឈ្មោះ មឿន រដ្ឋា អាយុ ២៩ ឆ្នាំរស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពួកគេបានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ៥ នាក់ ដែលនោះក៏រួមមានស្រី្តចំនួន ២ នាក់ និងក្មេងស្រីចំនួន ២ នាក់ផងដែរ។ ពួកគេមានទីលំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនសង្ស័យបម្រុងនាំពួកគេឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់ និងយកប្រាក់ឈ្នួលថ្លៃជូនក្នុងម្នាក់ៗចំនួន ៦ ម៉ឺនរៀល។ សមត្ថកិច្ចបានធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ រីឯពលករទាំង ៥ នាក់បានអប់រំឱ្យគាត់វិលទៅមូលដ្ឋានវិញ៕

website_news/2022040702.txt · Last modified: 2022/07/04 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki