website_news:2022040703

ស្ត្រីជាប់ចោទ ក្នុងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សុំតុលាការបន្ធូរបន្ថយទោស ដើម្បីថែទាំកូន

https://www.postkhmer.com/ គឹម សារុំ | Publication date 03 July 2022 | 10:21 ICT

ភ្នំពេញៈ ស្ត្រីជាប់ចោទ អ៊ុំ រ៉ាដែន ក្នុងវ័យ ៣៥ឆ្នាំ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខៀវខ្ចីដែលគេសម្គាល់បានថាជាអ្នកទោសដែលនៅលើ ផ្ទៃមុខមានស្បែកជ្រីវជ្រួញ នោះ បាននិយាយក្នុងបន្ទប់សវនាការជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ កាលពីដើមខែមករា ឆ្នាំ២០២២ នេះថា៖«ខ្ញុំសូមឱ្យតុលាការបន្ធូរបន្ថយទោសដល់រូបខ្ញុំ ដើម្បីឆាប់បានចេញទៅមើលថែទាំកូនតូចៗ ប្រុស ស្រី របស់ខ្ញុំចំនួន៣នាក់ដែលទើបតែមានអាយុ ៧ឆ្នាំ ១២ឆ្នាំ និងអាយុ ១៣ឆ្នាំ។ ពីមុនពួកគេមានជីតាមើលថែទាំ តែក្រោយពីជីតារបស់ពួកគេស្លាប់ដោយជំងឺកូវីដមក កូនៗរបស់ខ្ញុំត្រូវរស់នៅគ្មានទីពឹង គ្មានអ្នកមើលថែឡើយខណៈដែលខ្ញុំក៏ត្រូវជាប់ឃុំក្នុងពន្ធនាគាររហូតដល់១៦ឆ្នាំ»។

ស្ត្រីជាប់ចោទ អ៊ុំ រ៉ាដែន ត្រូវរងការចោទប្រកាន់ពីតុលាការរាជធានីភ្នំពេញក្នុងបទចោទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតាមមាត្រា១១នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដោយសារតែ នាំនារីជនជាតិខ្មែរក្មេងៗចំនួន៧នាក់យកទៅ ប្រទេសម៉ាឡេស៊ី។ដោយសារតែអំពើខុសច្បាប់នេះបានធ្វើឱ្យនាងត្រូវចំណាយពេលរស់នៅក្នុងពន្ធនាគាររហូតដល់ឆ្នាំ២០៣២ទើបនាងមានសេរីភាពវិញ។ ស្ត្រីជាប់ចោទ អ៊ុំ រ៉ាដែន បាននិយាយរៀបរាប់ប្រាប់តុលាការបន្តថា នៅអំឡុងខែ មិថុនា ឆ្នាំ ២០១៦ គាត់បានស្គាល់ស្ត្រីឈ្មោះ ចាន់ សុឃីម និងស្ត្រីឈ្មោះ សំ យ៉ុង ដែលពួកគេរស់នៅខេត្តកំពង់ធំ ហើយបានទាក់ទងនារីខ្មែរដែលមានអាយុចន្លោះពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ដែលរស់នៅតំបន់ជនបទនៃខេត្តកំពង់ធំ។ ដោយប្រើវិធីលួងលោមបញ្ចុះបញ្ចូលប្រាប់នារីក្មេងៗទាំង៧នាក់នោះថា មានគេរើសស្ត្រីខ្មែរក្មេងៗទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានប្រាក់ខែច្រើន។ ក្រោយពីបញ្ចុះបញ្ចូលនារីរងគ្រោះទាំងនោះបានសម្រេចហើយឈ្មោះ ចាន់ សុឃីម និងស្ត្រីឈ្មោះ សំ យ៉ុង បាននាំនារីរងគ្រោះមកផ្ទះរបស់គាត់នៅក្នុងសង្កាត់-ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញស្នាក់នៅបណ្តោះអាសន្នដើម្បីរត់ការបំពេញបែបបទធ្វើឯកសារ។

ស្ត្រីជាប់ចោទ បាននិយាយប្រាប់តុលាការបន្តទៀតថា ក្នុងអំឡុងពេលនោះស្ត្រីឈ្មោះ សំ យ៉ុង បានទៅរត់ការធ្វើឯកសារឱ្យពួកនាងនៅសាលាសង្កាត់ចោមចៅ ដោយនិយាយភូតកុហកមន្ត្រីសង្កាត់ចោមចៅឱ្យកែសម្រួលឈ្មោះ និងអាយុរបស់នារីៗទាំងនោះ ដើម្បីបានទៅធ្វើលិខិតឆ្លងដែនស្របច្បាប់។ ប៉ុន្តែត្រូវបានបែកការណ៍ហើយអាជ្ញាធរសង្កាត់ចោមចៅប្តឹងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ហើយសមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំង ៣នាក់ និងបានរំដោះនារីទាំង ៧នាក់នោះបានវិញបន្ទាប់ពីមេខ្យល់នាំពួកនាងមកស្នាក់នៅបានប្រមាណ១០ថ្ងៃ គឺចូលដល់ខែកក្កដា ឆ្នាំ ២០១៦។

បន្ទាប់ពីត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ អ៊ុំ រ៉ាដែន និងឈ្មោះ ចាន់ សុឃីម ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសម្នាក់១៦ឆ្នាំដោយចោទពីបទនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនតាមមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ រីឯស្ត្រីឈ្មោះសំ យ៉ុង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំចោទពីបទផ្តល់ឯកសារក្លែង។ ដោយដឹងពីកំហុស និងហាក់ស្រណោះអាណិតដល់កូនៗដែលគ្មានទីពឹងនោះស្ត្រីជាប់ចោទបាននិយាយបណ្តើរសម្រក់ទឹកភ្នែកបណ្តើរនៅក្នុងរង្វង់ក្រចកសេះជាមួយសំឡេងអួលដើមកថា៖« ខ្ញុំប្តឹងឧទ្ធរណ៍ភ្នំពេញមិនមែនជំទាស់ទៅអំពើរបស់ខ្លួនទេ តែជំទាស់ចំពោះទណ្ឌកម្មទោសច្រើនឆ្នាំពេក។ ម្យ៉ាងខ្ញុំក៏មានបញ្ហាគ្មានអ្នកថែទាំចិញ្ចឹមកូនៗទាំង ៣ នាក់របស់ខ្ញុំ។ ខ្ញុំស្នើសុំដល់តុលាការមេត្តាបន្ថយទោសដល់រូបខ្ញុំខ្លះផង»។

ពាក់ព័ន្ធអំពើជួញដូរមនុស្សនេះដែរត្រូវបានលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងជាសាធារណៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារសោម៉ាទេវី ក្នុង ខេត្ត សៀមរាប ថា ទោះបីក្រសួងសង្គមកិច្ចអតីតយុទ្ធជនសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ពិសេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត។ លោកថ្លែងថា៖«ក្រុមជនទុច្ចរិតបានឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាក»។

លោកស្រី មាស សាអិម អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មួយរយៈក្រោយក្នុងស្ថានភាពជំងឺកូវីដ៦ខែនេះលោកស្ត្រីសង្កេតឃើញមានស្ត្រីខ្មែរដែលត្រូវចាញ់បោកគេបង្ខំឱ្យរៀបការទៅប្រទេសចិនក៏ដូចជាជួញដូរទៅក្រៅប្រទេសគឺមានការត្រឡប់មកវិញមានចំនួនច្រើនដែរ។ ទាំងអង្គការសង្គមស៊ីវិលក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏ពិបាកនៅក្នុងការជួយជ្រោមជ្រែងពួកគាត់ហើយពួកគាត់ក៏ជួបនូវបញ្ហាជាច្រើនក្រោយពីមានការត្រឡប់មកវិញ។ លោកស្រីថ្លែងថា៖«យើងសង្កេតឃើញមានការបញ្ជូនត្រឡប់មកពីខាងប្រទេសចិនច្រើនជាងប្រទេសផ្សេងៗមួយរយៈចុងក្រោយនេះ។

នេះចំពោះទិន្នន័យដែលខាងសមាគមអាដហុកយើងទទួលបានទាក់ទងពួកគាត់ចាញ់បោកគេ»។ លោកស្រីបន្តថា ចំពោះនៅប្រទេសម៉ាឡេស៊ីវិញនៅមានករណីចាស់ៗមួយចំនួនកំពុងតែរាំងស្ទះដោយករណីដំបូងស្ត្រីខ្មែរ ទៅតាមទីភ្នាក់ងារជ្រើសរើសពលករហើយក្រោយមកទៀតផុតអាណត្តិការងារក៏ពួកគាត់មួយចំនួន ត្រូវបានបាត់ខ្លួនឬក៏ទៅធ្វើការនៅទីតាំងផ្សេង ដែលខាងសមាគមអាដហុកមិនបានទទួលព័ត៌មានក្នុងមួយរយៈពេលក្រោយនេះ។ ម្យ៉ាងទៀតដោយសារករណីពួកគាត់មួយចំនួនពាក់ព័ន្ធជាមួយ នីតិវិធីច្បាប់នៅខាងប្រទេសម៉ាឡេស៊ីហើយខាងសមាគមការពារសិទ្ធិមនុស្សអាដហុកកំពុងតែធ្វើអន្តរាគមន៍ ដើម្បីជួយពួកគាត់ហើយព្យាយាមរកមធ្យោបាយដែលយ៉ាងហោចណាស់ក៏ពួកគាត់ទទួលបានសំណងពីខាងថៅកែ ក៏ដូចជាទីភ្នាក់ងារនៅក្នុងការផ្តល់ជាថវិកានូវប្រាក់ខែ ដែលគាត់បានធ្វើក៏ដូចជាសំណងមួយចំនួនក្នុងករណី ដែលគាត់ធ្វើការមិនទទួលបានប្រាក់ខែឬក៏រូបភាពនៃការបៀតបៀនឬក៏ការកេងប្រវ័ញ្ចផ្សេងៗ។

លោកស្រី សាអិម ថា ភាគច្រើនរូបភាពគេឆបោកទៅមានការងារធ្វើឬក៏ទៅរៀបការជាមួយនឹងប្តីល្អដែលមានជីវភាពធូរធា ដូច្នេះអ្វីដែលមានបញ្ហានៅពីក្រោយពាក់ព័ន្ធមួយចំនួនទើបគាត់សម្រេចចិត្តទៅទាំងអត់មានការវិភាគ ថ្លឹងថ្លែងព័ត៌មានគ្រប់ជ្រុងជ្រោយឬក៏គាត់ជឿជាក់ទៅលើមេខ្យល់ដែលមានបច្ចេកទេសនិងជំនាញក្នុងការលួងលោមពួកគាត់ថាយកទៅរៀបការឬក៏ធ្វើការនៅប្រទេសចិន។ ភាគច្រើនរូបភាពដែលត្រឡប់មកវិញគឺពួកគាត់ត្រូវបានគេបង្ខំឱ្យពពោះ ត្រូវរៀបការជាមួយអ្នកដែលគាត់មិនពេញចិត្តមិនស្រឡាញ់ហើយត្រូវរងនូវការបិទសិទ្ធិសេរីភាពឬក៏ខ្លះទៀតប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ធ្ងន់ធ្ងរទៀត។ អ្នកខ្លះឈឺហើយមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកខ្លះទៀតរត់ទៅរកប៉ូលិសហើយហើយត្រូវប៉ូលិសបញ្ជូនមកវិញ។ ចំពោះអ្នកចាញ់បោកគេនៅប្រទេសម៉ាឡេស៊ីមានការងារតាមផ្ទះ និងមួយចំនួនទៀត ទៅតាមបងប្អូនជាជនជាតិខ្មែរអ៊ីស្លាមដែលគាត់មានបណ្តាញរបស់គាត់ និងខ្លះទៀតគាត់ជឿអ្នកជិតខាង និងអ្នកខ្លះទៅធ្វើការមានឯកសារ ខ្លះមានត្រឹមតែលិខិតឆ្លងដែនដោយគ្មានឯកសារការងារត្រឹមត្រូវទេ។ លោកស្រីបញ្ជាក់ថា៖«អ៊ីចឹងខ្លះត្រូវបានឃុំខ្លួនរយៈពេលបណ្តោះអាសន្ននៅខាងប៉ូលិសខាងអីហើយអ្នកខ្លះត្រូវបាត់ព័ត៌មានអីចឹងទៅ។ យើងមើលឃើញកន្លងមកមានចំពោះស្ត្រីដែលចាញ់បោកគេមានអាយុចន្លោះពី១៥ឆ្នាំ ២០ឆ្នាំទៅអាយុជាង៣០ឆ្នាំនិងជាង៤០ឆ្នាំ និងមានអាយុក្រោម៤៥ឆ្នាំគឺមានចំនួនច្រើន»៕

website_news/2022040703.txt · Last modified: 2022/07/04 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki