website_news:2022041002

មន្ត្រីក្រសួងសង្គមកិច្ច៖ ការប្រើប្រាស់អ៊ិនធឺណេតខុសទិសដៅ អាចជាឧក្រិដ្ឋកម្មផ្លូវភេទកុមារតាម អនឡាញ

https://www.kampucheathmey.com/local-news/385315 ថ្ងៃសុក្រ ៣០ កញ្ញា ២០២២ដោយ Thoeun Vansong

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវស្ដីពីការបញ្ឈប់គ្រោះថ្នាក់នៃការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេតខុសទិសដៅ នឹងអាចនាំឲ្យក្លាយជាអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។ បើតាមលោកស្រី ខៀវ បូរី ប្រព័ន្ធអ៊ិនធឺណេត គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់កុមារក្នុងការទំនាក់ទំនង ការសិក្សា ស្រាវជ្រាវ និងការចូលរួមប្រកបដោយការច្នៃប្រឌិត។ លោកស្រី លើកឡើងថា ការចំណាយពេលតាមប្រព័ន្ធអនឡាញនាំមកនូវហានិភ័យ និងការគំរាមកំហែងពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយជៀសមិនផុត ដែលកុមារបាននិងកំពុងជួបប្រទះ ហានិភ័យទាំងនោះចំពោះបរិបទអនឡាញ។

លោកស្រីរដ្ឋលេខាធិការ បានឲ្យដឹងថា ហានិភ័យមួយនៃហានិភ័យទាំងនោះ គឺការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត និងបច្ចេកវិទ្យាឌីជីថលមិនសមស្របក្នុងគោលបំណងកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ។ ត្រង់ចំណុចនេះ លោកស្រី គូសបញ្ជាក់ថា ការលួងលោមកុមារតាមប្រព័ន្ធអនឡាញ ការចែកចាយសម្ភារៈ និងការផ្សាយបន្តផ្ទាល់នូវការរំលោភបំពានផ្លូវភេទលើកុមារ ត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងកុមារ ដែលត្រូវការឆ្លើយតបជាសកល និងជាបន្ទាន់។ មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ដែរថា ឧក្រិដ្ឋកម្មទាំងនេះត្រូវបានថតចម្លងក្នុងទម្រង់ជារូបភាព ឬជាវីដេអូឌីជីថល ដែលរមែងត្រូវបានចែកចាយម្ដងហើយម្ដងទៀតនៅតាមប្រព័ន្ធអនឡាញ ឬបណ្ដាញសង្គម ជាដើម។ ដូច្នេះ ការទប់ស្កាត់ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ គឺជាការងារបន្ទាន់ជាងពេលណាៗទាំងអស់ ដោយលោកស្រីបានជំរុញ និងស្នើសុំដល់គ្រប់ក្រសួងស្ថាប័ន ភាគីពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើកេងប្រវ័ញ្ចផ្លូវ ភេទលើកុមារតាមប្រព័ន្ធអនឡាញឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕ ដោយ៖ ធឿន វ៉ាន់សុង

website_news/2022041002.txt · Last modified: 2022/10/04 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki