website_news:2022041004

លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី៣ ឆ្នាំ២០២២

https://www.information.gov.kh/articles/87573 ចេញផ្សាយ ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (ហៅកាត់ថា គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំការងារត្រីមាសទី៣ ឆ្នាំ២០២២ ដែលដឹកនាំកិច្ចប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងមានអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូបចូលរួមផងដែរ។ នៅក្នុងសកម្មភាពរបស់គណ:កម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូរ អាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពការងារទៅតាមផែនការ ដែលបានគ្រោងទុកបើទោះបីជាប្រឈម និងសភាពការណ៍ថ្មីនៃ ជំងឺកូវិដ-១៩ ដែលបានរាតត្បាតជាសកល និងធ្វើអោយមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំ បានដាក់ចេញកាលពីពេលកិច្ចប្រជុំប្រចាំកន្លងមក ដោយបានធ្វើការពិភាក្សាផ្តោតទៅលើបញ្ហាប្រឈមនៃការអនុវត្ត និងការកសាងសំណុំរឿងបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយក្នុងនោះកិច្ចប្រជុំក៏បានលើកយកបញ្ហាមួយចំនួនទៀត យកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។&n

bsp; មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ លោកស្រី យូ សុភា ក៏បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយដែលបណ្តាប្រទេសជាច្រើនបានជួបប្រទះ ដោយក្នុងនោះដែរប្រទេសកម្ពុជា ក៏បានទទួលរងនូវវិបត្តិនេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង ។ លោកស្រីបានបន្តទៀតថា អំពើជួញដូរមនុស្ស ឬបទល្មើសជួញដូរមនុស្ស គឺជាការផ្សាភ្ជាប់ទៅនឹងភូមិសាស្រ្តនយោបាយ ក៏ដូចជាការលាងសម្អាតប្រាក់កខ្វក់ ដែលមានលក្ខណ:សាំញាំ និងស្មុកស្មាញ ក្នុងការកំណត់ជាក់លាក់អំពើបទល្មើស ពិសេសបទល្មើសដែលប្រព្រឹត្តតាមប្រព័ន្ធអនឡាញ។ លោកស្រី យូ សុភា ក៏បានមានប្រសាសន៍ជម្រុញឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឲ្យកាន់ស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ត្រូវពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក៏ដូចជាការពន្លាតការស៊ើបអង្កេតស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅដើម្បីបង្រ្កាបនិងផ្តន្ទាទោសដល់ជនល្មើសឲ្យខានតែបាន ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យការងារប្រចាំត្រីមាសទី៣នេះ បានដាក់នូវរបៀបវារ:សម្រាប់ការពិភាក្សា និងការត្រួតពិនិត្យលើបញ្ហាពាក់ព័ន្ធ ដើម្បីអនុវត្ត និងដោះស្រាយមាន ចំនួន ៧ដូចជា៖ ១- សូមមន្ទីរកិច្ចការនារី អង្គការLac អាជ្ញាធរមូលដ្ឋានស្រុកពួក វ៉ារិន និងស្រុកអង្គធំ ធ្វើបច្ចុប្បន្នភាព ករណី ទំនាស់គ្រួសារ (ករណីមានប្រពន្ធនៅស្រុកអង្គរធំ និងស្រុកពួក។ ២- ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះទៅជួបជាមួយស្ត្រី ដែលមានកូនតាមម្តាយ ដើម្បីធ្វើការផ្សព្វផ្សាយ អំពីការយកកូនតាមម្តាយចេញពីពន្ធនាគារ។ ៣- រៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ កិច្ចប្រជុំរវាងអង្គការដៃគូ ជាមួយស្ថាប័នតុលាការ និងរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ។ ៤- សូមការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ពិនិត្យរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ។ ៥- ករណីនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ពលរដ្ឋម្នាក់បានចាញ់បោក ក្រុមហ៊ុនUNISITY នៅបុរីទេសចរណ៍ លក់ផលិតផលអាហារបំប៉ន់ (សូមដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុក ដើម្បីធ្វើការស្រាវជ្រាវ)។ ៦- ស្រុកសូទ្រនិគម ៖ ករណីឪពុក យកកូនស្រី អាយុ ៦-៧ ឆ្នាំ ទៅទុកចោលនៅភូមិជ្រៃខាងជើង ឃុំ កៀនសង្កែ ត្រូវបានអ្នកភូមិយកទៅចិញ្ចឹម តែបែរជាកូនស្រីនោះបានយកម៉ូតូទៅធ្វើបាត់ ហើយពេលឪពុក មកយកកូនវិញ បែរជាម្ចាស់ម៉ូតូនោះមិនឱ្យកូនវិញ។ ករណីនេះ សូមឱ្យពលរដ្ឋខាងលើ ដាក់ពាក្យបណ្តឹង ហើយកុមារីខាងលើត្រូវប្រគល់ជូនទៅមន្ទីរសង្គមកិច្ច។ ៧- ករណីកុមារអាយុ៣ខែ នៅឃុំកែវពណ៌ ត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យអង្គរ ដែលតម្រូវបង់ថវិកាចំនួន ៥០០ដុល្លារ សូមរដ្ឋបាលស្រុកពួក ធ្វើការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមួយចំណុចទៀត សូមធ្វើការដាក់ពាក្យបណ្តឹង ដើម្បីការពារកិត្តិយសសា្ថប័ន៕

website_news/2022041004.txt · Last modified: 2022/10/04 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki